សង្គម​ស៊ីវិល​សុំ​ឲ្យ​បញ្ឈប់​ការ​ចោទ​សកម្មជន​បក្ស​សម​រង្ស៊ី​ពី​បទ​ភេរវកម្ម

អង្គការ​សង្គម​ស៊ីវិល​សំខាន់​ៗ​ជា​ច្រើន​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ទី​២១ កក្កដា បាន​រួម​គ្នា​ស្នើ​ឲ្យ​តុលាការ​ខេត្ត​កំពង់ធំ បញ្ឈប់​ការ​ចោទ​ប្រកាន់​សកម្មជន​គណបក្ស សម រង្ស៊ី ចំនួន ៤​រូប ពី​បទ​ភេរវកម្ម។
ដោយ យន់ សាមៀន
2010-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​គាំទ្រ​គណបក្ស​សមរង្ស៊ី​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ កាល​ពី​ខែ​មេសា ២០០៧។
អ្នក​គាំទ្រ​គណបក្ស​សមរង្ស៊ី​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ កាល​ពី​ខែ​មេសា ២០០៧។
RFA Photo

អង្គការ​សង្គម​ស៊ីវិល​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​សកម្មជន​នយោបាយ​គណបក្ស​ជំទាស់។

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​គណៈកម្មការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​របស់​ខ្លួន បាន​សុំ​ឲ្យ​តុលាការ​សាលា​ដំបូង​ខេត្ត​កំពង់ធំ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​សកម្មជន​ទាំង ៤​នាក់​របស់​គណបក្ស សម រង្ស៊ី ពីព្រោះ​ការ​ចោទ​ប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​ភស្តុតាង​គ្រប់គ្រាន់​ច្បាស់លាស់។

តុលាការ​ខេត្ត​កំពង់ធំ កាល​ពី​ដើម​ខែ​កក្កដា បាន​ចោទ​ប្រកាន់​សកម្មជន​បក្ស សម រង្ស៊ី ទាំង ៤​នាក់ រួម​មាន លោក គឹម ហុង ជំទប់​ទី​២ នៅ​ឃុំ​ក្រយា នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក, ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ប្រាសាទ​បល្ល័ង្ក លោក អ៊ុក ថន និង​សកម្មជន លោក កុយ គឿន និង​លោក ចោម ជាវ បន្ទាប់​ពី​ពួក​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​ស្រុក​ប្រាសាទ​បល្ល័ង្ក ពី​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​អ្នក​ភូមិ ដោយ​មាន​ពាក្យ​ចចាមអារ៉ាម​ថា មាន​ខ្លា​ក្រដាស​ដើរ​ចាក់​មនុស្ស។

លោក ហង្ស ឆាយា អ្នក​សម្រប​សម្រួល​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ កក្កដា ថា សកម្មជន​ទាំង ៤​រូប​គ្រាន់តែ​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​របស់​គាត់​អំពី​សុវត្ថិភាព​របស់​អ្នក​ភូមិ គាត់​មិន​បាន​ញុះញង់​អ្នក​ភូមិ​ឲ្យ​ព្រួយ​បារម្ភ​ទេ។ លោក​ថា ការ​ចោទ​ប្រកាន់​មាន​លក្ខណៈ​ជា​ចោទ​ប្រកាន់​នយោបាយ​ជាជាង​អំពើ​ភេរវកម្ម។ ការ​ចោទ​ប្រកាន់​នេះ​ជា​គំនាប​មិន​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​ការងារ​បក្ស​របស់​ខ្លួន។

លោក ហង្ស ឆាយា បាន​បញ្ជាក់​ថា ៖ «...វា​អាច​ពាក់ព័ន្ធ​នឹង​និន្នាការ​នយោបាយ ពីព្រោះ ទី​១ ពាក់ព័ន្ធ​នឹង​សកម្មជន​របស់​គណបក្ស​ប្រឆាំង គណបក្ស សម រង្ស៊ី ហើយ​រឿង​ហ្នឹង​វា​ពាក់ព័ន្ធ​រយៈពេល​ជិត ១​ឆ្នាំ​ហើយ! រឿង​ចាស់​ទេ...»

លោក ហង្ស ឆាយា បន្ថែម​ថា បច្ចុប្បន្ន​នេះ អង្គការ​សង្គម​ស៊ីវិល​កំពុង​ស្វែងរក​មេធាវី​ដើម្បី​ជួយ​ពួក​គាត់។

ព្រះរាជអាជ្ញា​ខេត្ត​កំពង់ធំ លោក ប៉ែន សារ៉ាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែរ​ថា សមត្ថកិច្ច​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ចោទ​ប្រកាន់​អ្នក​ទាំង ៤ ពី​បទ​ភេរវកម្ម។ លោក​ថា អ្នក​ទាំង ៤ បាន​ញុះញង់​ឲ្យ​អ្នក​ភូមិ​បារម្ភ​ពី​សន្តិសុខ​ក្នុង​ភូមិ។

លោក ប៉ែន សារ៉ាត បាន​អះអាង​ថា ៖ «គេ​ស៊ើប​ទៅ ភាគ​ច្រើន​តាម​ការ​ចង្អុល​បង្ហាញ​របស់​សាក្សី គឺ​គាត់​អ្នក​ដើរ​បង្កើត​បញ្ហា ធ្វើ​ឲ្យ​ប្រជាជន​ច្រួល​ច្របល់! វា​មិន​មែន​ជា​ពាក្យ​ខ្លា​ក្រដាស​ទេ អា​ហ្នឹង​គឺ​ការ​បំផុស​ចលនា ចលនា​សតិ​អារម្មណ៍​មនុស្ស ដើម្បីឲ្យ​មាន​ការ​ភ័យ​ខ្លាច...»

លោក ប៉ែន សារ៉ាត បន្ថែម​ថា តុលាការ​កំពុង​បន្ត​ការ​ស៊ើប​អង្កេត​បន្ថែម ប៉ុន្តែ​មិន​ទាន់​ដល់​ដំណាក់កាល​នាំ​ខ្លួន​អ្នក​ទាំង ៤ ដាក់​ពន្ធនាគារ​នៅ​ឡើយ​ទេ។ លោក​ថា ទោះ​បី​ជា​អ្នក​ទាំង ៤ គ្មាន​អាវុធ​ក៏​ដោយ ក៏​ច្បាប់​អនុញ្ញាត​ឲ្យ​ចោទ​ប្រកាន់​អ្នក​ទាំង​នេះ​ពី​បទ​ភេរវកម្ម​បាន​ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ នៅ​ថ្ងៃ​ព្រហស្បតិ៍ ហៅ​ការ​ចោទ​ប្រកាន់​តុលាការ​ខេត្ត​កំពង់ធំ ថា​ជា​ការ​អស់​សំណើច។ លោក​ថា ករណី​នេះ​ជា​ករណី​នយោបាយ ពីព្រោះ​មាន​ការ​ព្រួយ​បារម្ភ​ពី​ប្រជាប្រិយ​ភាព​របស់​គណបក្ស​ជំទាស់​ក្នុង​ខេត្ត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល