ជំងឺ​រាតត្បាត​សត្វ​មាន់​ទា​នៅ​ខេត្ត​ក្រចេះ

ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរព្រះ ឃុំ​អូរគ្រៀង ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​ថា មាន់​ទា​ជា​សេដ្ឋកិច្ច​សំខាន់​សម្រាប់​គ្រួសារ​ក្នុង​ខណៈ​ដែល​សេដ្ឋកិច្ច​សង្គម​កំពុង​ធ្លាក់​ចុះ ប៉ុន្តែ​មាន់​ទា​ទាំង​នោះ​កំពុង​ជួប​នូវ​បញ្ហា​ជំងឺ​ផ្សេងៗ​រាត​ត្បាត។
ដោយ ឱ ភារិទ្ធ
2010-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក សេក យ៉ែម កសិករ​ដែល​ចិញ្ចឹម​សត្វ​មាន់​ទា​ជា​រៀង​រាល​ឆ្នាំ បាន​ឲ្យ​ដឹង​ថា កម្រៃ​បាន​មក​ពី​ការ​ចិញ្ចឹម​មាន់​អាច​ដោះ​ទ័ល​ជីវភាព​បាន​ខ្លះៗ​ក្នុង​គ្រួសារ តែ​ពេល​នេះ​ជំងឺ​កំពុង​តែ​សម្លាប់​សត្វ​ទាំង​នោះ​ជា​បណ្តើរៗ​ហើយ។

លោក សេក យ៉ែម បាន​ឲ្យ​ដឹង​ថា ៖ «ជំងឺ​បក្សាបក្សី​ហើយ ឈឺ​ហើយ​មុខ​វា​រាង​ខ្មៅៗ​ប្រកាច់​ងាប់​តែម្ដង។ មាន​ស្លាប់​តៗ​រហូត​ដល់​ឥឡូវ។ ខ្ញុំ​មាន​ងាប់​អស់​ប្រហែល ១០​មាន់​ដែរ។ ពេល​អត់​ម្ហូប​ហើយ​យើង​ដោះស្រាយ​ទៅ។ ចាក់​ថ្នាំ​ហើយ​អត់​បាត់​ទេ។ ខ្លាច​ហើយ​ជំងឺ​មាន គោ ក្របី ឈឺ​រាល់​ឆ្នាំ មិន​បាច់​មាន់ ជ្រូក​ទេ ឆ្កែ​ក៏​ងាប់​ដែរ​ឥឡូវ​នោះ សត្វ​ចិញ្ចឹម​គឺ​ងាប់​ទាំង​អស់។ ចង់​ឲ្យ​មាន​ពេទ្យ​សត្វ​ពិត​ប្រាកដ​ថែរក្សា​ច្បាស់​លាស់»

លោក កឿ កសិករ​នៅ​ភូមិ​អូរព្រះ​ដែរ បាន​ឲ្យ​ដឹង​ថា ជំងឺ​ដែល​រាតត្បាត​មាន់​ទា​ឆ្នាំ​នេះ​មាន​សភាព​ខុស​ប្លែក​ជាង​ឆ្នាំ​មុនៗ ដែល​ពិបាក​ក្នុង​ការ​រក​ថ្នាំ​ទប់​ទល់​ព្យាបាល។

លោក កឿ ឲ្យ​ដឹង​ដូច្នេះ ៖ «មិន​ដឹង​ច្រក​អី មិន​ដឹង​ថ្នាំ​ដែរ រក​មិន​ឃើញ ព្រោះ​មិន​ដែល​ឃើញ​អ៊ីចឹង។ ឆ្នាំ​ទៅ​ប្រកាច់​ធ្លាក់​ងាប់​ពី​ចុង​ឈើ​អស់​រលីង ឆ្នាំ​នេះ​ទន់​ដៃ​ទន់​ជើង​ងាប់...»

ភូមិ​អូរព្រះ នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ក្រចេះ​ប្រមាណ​ជាង ១០០​គីឡូម៉ែត្រ កៀក​ព្រំ​ប្រទល់​ខេត្ត​ស្ទឹងត្រែង ជា​តំបន់​ឆ្ងាយ​ផ្សារ ឆ្ងាយ​មន្ទីរពេទ្យ​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​រួម​ផ្សំ​ការ​ចិញ្ចឹម​សត្វ ដោយ​មាន់​ក្នុង​មួយ​គីឡូ​អាច​លក់​បាន​តម្លៃ ១៨.០០០​រៀល សាច់​ជ្រូក​តម្លៃ​ប្រហែល​គ្នា តែ​ពេល​នេះ​មាន់​ទា​ជ្រូក​ឈឺ​ងាប់​ធ្វើ​ឲ្យ​ពួក​គេ​ខាត​បង់​ចំណូល​និង​កើន​ចំណាយ​បន្ថែម​ក្នុង​គ្រួសារ។

លោក សៀង សុខលីម មន្ត្រី​ពេទ្យ​សត្វ​ខេត្ត​បាន​ផ្ដល់​សម្ភាសន៍​ថា ទើប​បាន​ទទួល​ដំណឹង​ភ្លាមៗ​បែប​នេះ​លោក​ពុំ​ទាន់​អាច​ប្រើ​ថ្នាំ​អ្វី​ជួយ​ការពារ​បាន​នៅ​ឡើយ​ទេ។

លោក សៀង សុខលីម មាន​ប្រសាសន៍​ថា ៖ «ចាំ​មើល​ទាក់​ទង​ទៅ​ខាង​ភ្នាក់ងារ​យើង​នៅ​ហ្នុង ទាល់​តែ​យើង​ទៅ​មើល​សភាព​ការណ៍​ជាក់​ស្ដែង យើង​ចុះ​ទៅ​ពិនិត្យ​មើល​សិន​បាន​យើង​ដឹង​រោគ​សញ្ញា។ ធ្វើ​រោគ​វិនិច្ឆ័យ​ទៅ​តាម​រោគ​សញ្ញា​សិន យើង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​យ៉ាង​ម៉េច​ទេ ព្រោះ​យើង​អត់​ទាន់​ឃើញ ហើយ​បើ​ងាប់​អ៊ីចឹង​ទាល់​តែ​ពិនិត្យ​មើល​សាកសព មើល​រោគ​សញ្ញា​វា​សិន»

ខេត្ត​ក្រចេះ ភាគ​ច្រើន​សំបូរ​ការ​ចិញ្ចឹម​មាន់ ដោយ​ពួក​គេ​យល់​ឃើញ​ថា​ងាយ​ចិញ្ចឹម តែ​ខាង​កសិកម្ម​ឲ្យ​ដឹង​ថា សត្វ​ទា​អាច​ធន​នឹង​ជំងឺ​ជាង​សត្វ​មាន់។

អ្នក​ស្រុក​អះអាង​បន្ថែម​ថា មាន់​ចិញ្ចឹម​តាម​ផ្ទះ​ក្នុង​មួយ​គ្រួសារ​មាន​ប្រមាណ​ពី ១០ ទៅ ២០​ក្បាល​ប៉ុណ្ណោះ ហើយ​ខ្លះ​ត្រូវ​ងាប់​ទាំង​អស់ ខ្លះ​កំពុង​ងាប់​បន្ត​បន្ទាប់ ហើយ​ថា ពេទ្យ​សត្វ​នៅ​ទី​នោះ​ប្រាប់​ថា ពុំ​មាន​ថ្នាំ​ការពារ ឬ​ព្យាបាល​ប្រភេទ​ជំងឺ​ចម្លែក​នោះ​នៅ​ឡើយ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល