ពិធី​រំឭក​គុណ​ទស​បារមី​និង​វិញ្ញាណក្ខន្ធ​វីរ​បុរស​ខ្មែរ​នៅ​សៀមរាប

ពិធី​បួងសួង​មួយ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​បរិវេណ​​អង្គរ​ធំ ខេត្ត​សៀមរាប ដើម្បី​រំឭក​ដល់​គុណ​ទស​បារមី ម្ចាស់​ទឹក ម្ចាស់​ដី និង​វិញ្ញាណក្ខន្ធ​វីរបុរស វីរនារី​ខ្មែរ។
ដោយ ហង្ស សាវយុត
2010.04.23
ពិធី​បន់ស្រន់ អង្គរ ៣០៥ ប្រជា​ពលរដ្ឋ​នាំ​គ្នា​អុជ​ធូប​បន់​ស្រន់ នៅ​មុខ​ប្រាសាទ​ភិមាន​អាកាស ក្នុង​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១០។
RFA/Hang Savyouth

ព្រះ​សង្ឃ​នៃ​ព្រះ​ពុទ្ធ​សាសនា អ្នក​បញ្ចូល​រូប​បែប​អបិយ​ជំនឿ និង​មហា​ជន​មក​ពី​ខេត្ត​ក្រុង​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​រាប់​ពាន់​នាក់ បាន​ជួប​ជុំ​គ្នា​ធ្វើ​ពិធី​បុណ្យ​មួយ​ដើម្បី​បួងសួង​រំឭក​ដល់​គុណ​ទស​បារមី ម្ចាស់​ទឹក ម្ចាស់​ដី និង​វិញ្ញាណក្ខន្ធ​វីរបុរស វីរនារី​ខ្មែរ និង​ដើម្បី​សុំ​សេចក្ដី​សុខ​សន្តិភាព​ផង នៅ​មុខ​ប្រាសាទ ភិមាន​អាកាស នៃ​បរិវេណ​អង្គរ​ធំ ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មេសា។

អនុ​ប្រធាន​គណៈកម្មការ​រៀបចំ​ពិធី​បួងសួង​នោះ លោក រស់ ដោយញញឹម បាន​មាន​ប្រសាសន៍​ថា ពិធី​នោះ​គឺ​ធ្វើ​ក្នុង​បំណង​តប​ស្នង​សង​គុណ​ដល់​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​គ្រប់​ជំនាន់ វិស្វករ និង​ស្ថាបត្យករ​ខ្មែរ​ជា​ច្រើន ដែល​ជា​អ្នក​កសាង​ប្រាសាទ​ថ្ម​បន្សល់​ទុក​នៅ​រហូត​ដល់​បច្ចុប្បន្ន ដើម្បី​បញ្ជូន​កុសល​ផល​បុណ្យ​ដល់​បុព្វ​បុរស​ទាំង​នោះ​ផង​ដែរ។

លោក រស់ ដោយញញឹម បាន​បញ្ជាក់​ថា ៖ «ធ្វើ​នេះ​គឺ​បំណង​រំឭក​ដល់​គុណ​បុណ្យ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះរាជា​គ្រប់​ជំនាន់ ជា​អ្នក​បាន​បូជា​ជីវិត ប្រជា​រាស្ត្រ​ក្ដី បណ្ឌិត​ក្ដី អ្នក​ប្រាជ្ញ​ក្ដី វិស្វករ​ក្ដី វិចិត្រករ​ក្ដី គ្រប់​ជំនាន់​ដែល​លោក​បាន​ស្ថាបនា​ឡើង ដូច​ជា​អង្គរ... សម្រាប់​តម្កល់​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឃើញ ហើយ​បូជា​ទុក រចនាបថ​យ៉ាង​ស្អាត ដូច​ជា​រូប​ចម្លាក់ ដើម្បី​បំផុស​ដួង​វិញ្ញាណក្ខន្ធ​លោក​ងើប​ឡើង ឬ​ក៏​ថ្វាយ​កុសល​ផល​បុណ្យ​ដល់​គាត់ ក្រែង​គាត់​មាន​បាប​កម្ម​ណា​មួយ ធ្លាក់​ទៅ​ដល់​អបាយភូមិ​ទាំង ៤​ក្ដី យើង​មើល​មិន​ឃើញ យើង​រំឭក​គុណ​ដើម្បី​ឲ្យ​ផុត​កម្ម​ពៀរ​ទៅ ឬ​ក៏​កូន​ខ្មែរ​ដែល​មាន​កម្ម​ពៀរ​ច្រើន​ជំនាន់​ហ្នឹង ឲ្យ​រួច​កម្ម​ពៀរ​ទៅ»

ក្នុង​ពិធី​បុណ្យ​នោះ​គេ​មាន​រៀបចំ​ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ ការ​សែន​ក្រុង​ពាលី​ដល់​ម្ចាស់​ទឹក ម្ចាស់​ដី ពិធី​បួងសួង​ថ្វាយ​ដល់​អច្ឆរិយ ពិធី​អន្ទង​ព្រលឹង​បុព្វ​បុរស និង​សែន​ដល់​វិញ្ញាណក្ខន្ធ​កង​ទ័ព​ដែល​បាន​ស្លាប់​ដើម្បី​ជាតិ​មាតុភូមិ​ និង​មាន​សម្ដែង​ជា​ក្បាច់​គុន​ខ្មែរ ល្បុក្កតោ​ទៀត​ផង៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។