តើ​ការ​សម្រេច​​ដក​ទ័ព​នឹង​ធ្វើ​ឲ្យ​ជម្លោះ​​ព្រះ​វិហារ​ប្រសើរ​ឡើង​ទេ?

ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​បាន​ហៅ​ការ​​ការ​សម្រេច​ចិត្ត​ដក​កង​ទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទីក្រុង​ឡាអេ ថា ជា​​ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង​ផ្នែក​នយោបាយ​ដែល​បាន​អូស​បន្លាយ​ជិត ៥​ឆ្នាំ​មក​នេះ បាន​មួយ​កម្រិត។

0:00 / 0:00

ក្រោយ​ពី​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៨ ជម្លោះ​ដណ្ដើម​កាន់​កាប់​ប្រាសាទ​ដ៏​ចំណាស់​មួយ​នេះ​ក៏​ត្រូវ​កើត​ឡើង​ភ្លាមៗ​ពី​សំណាក់​ភាគី​ថៃ។ ទីក្រុង​បាងកក ដែល​គ្រប់​គ្រង​អំណាច​លើសលប់​ដោយ​យោធា​ក្រោម​បញ្ជា​សេ្តច​ថៃ បាន​បញ្ជូន​កម្លាំង​កង​ទ័ព​ឈុត​ខ្មៅ​របស់​ខ្លួន​ត្រង់​វត្ត​កែវសិក្ខាគីរីស្វារៈ ក្នុង​បំណង​គ្រប់​គ្រង​ប្រាសាទ​ព្រះវិហារ​ទាំង​ស្រុង។ ស្ថិត​ក្រោម​ចលនា​នេះ ការ​ផ្ទុះ​អាវុធ​នៅ​តាម​បន្ទាត់​ព្រំដែន​​នៃ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា​-ថៃ កើត​ឡើងជា​បន្ត​បន្ទាប់​ចាប់​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១១ ដែល​បណ្ដាល​ឲ្យ​ជីវិត​​មនុស្ស សត្វ និង​ទ្រព្យ​សម្បត្តិ ត្រូវ​បាត់​បង់​ខូច​ខាត និង​តួ​ប្រាសាទ​ព្រះវិហារ​ត្រូវ​រង​ប៉ះ​ពាល់​ធ្ងន់ធ្ងរ។

អ្នកស្រី ជា វណ្ណាត អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម។ អ្នកស្រី​​គិត​ថា ការ​សម្រេច​ចិត្ត​ក្នុង​ការ​ដក​ទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​ដែល​កំណត់​ដោយ​សាល​ដីកា​របស់ ICJ កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១១ ពី​បរិវេណ​ទំហំ​ដី​ជាង ១៧​គី​ឡូ​ម៉ែត្រ​ការ៉េ​នេះ គឺ​ជា​យុទ្ធ​សាស្ត្រ​​អាច​ធ្វើ​ឲ្យ​ប្រទេស​ថៃ ដែល​តែង​ប្រើ​មធ្យោបាយ​ក្នុង​ការ​ពន្យារ​ពេល​ម្ដង​ជា​ពីរ​ដង​​ក្នុង​ការ​កែ​សម្រួល​កងទ័ព​ជាមួយ​កម្ពុជា​នេះ ថា​អាច​ជា​វិធីសាស្ត្រ​ក្នុង​ការ​បញ្ចប់​ផ្លូវ​នយោបាយ​របស់​ប្រទេស​ថៃ ដែល​ប្រើ​ប្រាស់​ប្រាសាទ​ព្រះវិហារ​ធ្វើ​ជា​ចំណាប់​ខ្មាំង​​ដើម្បី​ប្រ​កួត​ប្រជែង​ឋានៈ និង​មុខ​តំណែង​របស់​រដ្ឋាភិបាល​ទីក្រុង​បាងកក ក្នុង​ពេល​កន្លង​ទៅ​នេះ។

អ្នកស្រី​បន្ត​ថា៖ «ទោះ​ជា​យ៉ាង​ម៉េច​ក៏​ដោយ​បញ្ហា​ព្រះវិហារ​ជា​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ ភាព​តាន់​តឹង​រវាង​នយោបាយ​ផ្ទៃ​ក្នុង​ប្រទេស​ថៃ​ហ្នឹង​ធូរ​ស្រាល ឬ​ក៏​តាន់​តឹង​ឡើង អាហ្នឹង​ចុះ​ឡើង​ចុះ​ឡើង បើ​ថា ឲ្យ​ចប់​តែ​ម្ដង​ខ្ញុំ​មើល​ទៅ​ដូច​​ពិបាក​ចប់​ណាស់។ ប្រទេស​ថៃ គេ​យក​រឿង​ព្រះវិហារ​ធ្វើ​ជា​រឿង​នយោបាយ​ផ្ទៃក្នុង​រវាង​គណបក្ស​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​នោះ»

អ្នកស្រី ជា វណ្ណាត ចាត់​ទុក​ថា ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ជិត ៥​ឆ្នាំ​មក​នេះ គឺ​កើត​ឡើង​ដោយសារ​នយោបាយ​ហែកហួរ​​ផ្ទៃ​ក្នុង​របស់​ថៃ​ប៉ុណ្ណោះ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ កក្កដា ថា លោក​សាទរ​ចំពោះ​ជំហរ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចប់​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​តាម​មធ្យោបាយ​កែ​សម្រួល​កងទ័ព​នេះ។ តែ​ទោះ​ជា​បែប​ណា​ក៏ដោយ លោក​ចាត់​ទុក​ថា កម្ពុជា​បាន​បរាជ័យ​រួច​ទៅ​ហើយ​នូវ​ឆន្ទៈ​របស់​ខ្លួន​ដែល​តែង​ប្រកាន់​យក​គោលការណ៍​ស្វែង​រក​ដំណោះ​ស្រាយ​ត្រី​ភាគី​ ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​មួយ​ក៏​ដោយ​ជុំវិញ​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​មួយ​នេះ។

លោក ឡៅ ម៉ុងហៃ៖ «ថា​ត្រូវ​ការ​ឥណ្ឌូនេស៊ី ជា​អ្នក​សង្កេត គឺ​ជា​ភាគី​ទី​បី ដាច់​ដោយ​ឡែក ដល់​អ៊ីចឹង​ទៅ​វា​ជា​ទ្វេ​ភាគី​ដូច​ដែល​ថៃ ចង់​បាន​ទៅ។ កាល​មុន​យើង​ថា ត្រី​ភាគី ដល់​យូរ​ៗ​ទៅ​ចរចា​ចុះ​ឡើងៗ​ជា​ទ្វេ​ភាគី​ទៅ​តាម​ថៃ​ទៅ លទ្ធ​ផល​ក៏​វា​អត់​បាន​អី​ជា​ដុំ​កំភួន​នៅ​ឡើយ»

ទាក់​ទិន​ករណី​នេះ នៅ​មុន​កិច្ច​ព្រមព្រៀង​ទ្វេភាគី​កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា នៅ​ខេត្ត​សៀមរាប លោក ហោ ណាំហុង​ ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​​ការបរទេស​កម្ពុជា បាន​អះ​អាង​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤៥ កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​ថា កម្ពុជា​គ្រោង​នឹង​កែ​សម្រួល​កង​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​១៨ កក្កដា ខាង​មុខ​ជា​ឯកតោ​ភាគី។

លោក​គិត​ថា ការ​ធ្វើ​យ៉ាង​នេះ​គឺ​ដើម្បី​អនុវត្ត​តាម​ស្មារតី​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ដែល​កំណត់​ឲ្យ​គូវិវាទ​ទាំង​ពីរ (កម្ពុជា-​ថៃ) កែ​សម្រួល​កង​ទ័ព​ចេញ​ពី​តំបន់​ក្បែរ​បរិវេណ​ប្រាសាទ​ព្រះវិហារ​លើ​ទំហំ​ដី​ជាង ១៧​គីឡូ​ម៉ែត្រ​ការ៉េ ក្នុង​ន័យ​ដើម្បី​សង្គ្រោះ​ប្រាសាទ​ព្រះវិហារ។

លោក ហោ ណាំហុង៖ «ឥឡូវ​កម្ពុជា​​ឈាន​ទៅ​មួយ​ជំហាន​ទៀត។ ថ្ងៃ​១៨ ខែ​កក្កដា ខាង​មុខ​នេះ យើង​នឹង​ដក​កង​ទ័ព ៤៨០​ប្លាយ​នាក់ ចេញ​ពី​តំបន់​អត់​កង​ទ័ព ជា​សញ្ញា​មួយ​​ទៀត ឲ្យ​គេ​ឃើញ​ថា កម្ពុជា​មាន​សុឆន្ទៈ​អនុវត្ត​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​ឡាអេ​នេះ»

ត្រង់​ចំណុច​នេះ​ក្រុម​អ្នក​វិភាគ​គិត​ថា នេះ​គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​​អាច​បញ្ចប់​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​​ចាប់​បង្ខំ​ឲ្យ​ភាគី​ថៃ កែ​សម្រួល​កង​ទ័ព​លើ​តំបន់​ដែល​មាន​ជម្លោះ​នោះ​តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​មួយ​នេះ។

បើ​ទោះ​ជា​បែប​ក្ដី​នេះ​ លោក​ សុខ ​ទូច ​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ បាន​ហៅ​ការ​ម្រេច​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ​ថា គឺ​ជា​ផ្នែក​មួយ​​​ដែល​រដ្ឋាភិបាល​​បង្ហាញ​ពី​ភាព​ទន់​ជ្រាយ​របស់​ខ្លួន។ លោក​ចាត់​ទុក​ថា អ្វី​ដែល​រដ្ឋាភិបាល​ប្រកាន់​ជំហរ​អនុវត្ត​ឆន្ទៈ​នៃ​សាលដីកា​របស់ ICJ ក្នុង​ន័យ​ដើម្បី​ចំណេញ​នយោបាយ​ការបរទេស​នៅ​លើ​ឆាក​អន្តរជាតិ​​នោះ លោក​មើល​ឃើញ​ថា ពុំ​មែន​នោះ​ឡើយ។ លោក​ថា ថ្វី​ត្បិត​តែ​រដ្ឋាភិបាល​ធ្វើ​នេះ​គឺ​ចង់​បាន​ការ​គាំទ្រ​លើ​យន្តការ​​របស់​ខ្លួន​ក្តី តែ​ផ្ទុយ​ទៅ​វិញ លោក សុខ ទូច គិត​ថា នេះ​ជា​ការ​​បរាជ័យ​គោលនយោបាយ​ការបរទេស​របស់​កម្ពុជា ទៅ​វិញ។

ក៏​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បញ្ជាក់​ជំហរ​​ក្នុង​ជំនួប​ទ្វេ​ភាគី​ជាមួយ​នាយក​រដ្ឋមន្រ្តី​ថៃ គឺ​អ្នកស្រី យីងឡាក់ ក្រោយ​កិច្ច​ប្រជុំ​​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា នៅ​ខេត្ត​សៀមរាប ដោយ​លោក ហ៊ុន សែន ចាត់​ទុក​ការ​កែ​សម្រួល​​កង​ទ័ព​នេះ​ថា ពុំ​មែន​ជា​ដក​ចេញ​ពី​លើ​ទឹក​ដី​កម្ពុជា នោះ​ទេ។

ចំណែក​ភាគី​ថៃ គឺ​អ្នកស្រី យីងឡាក់ ដែល​មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ​នោះ​ដែរ បាន​ប្រកាស​ជំហរ​គាំទ្រ​ការ​សម្រេច​របស់​លោក ហ៊ុន សែន ខណៈ​ភាគី​ថៃ អះ​អាង​នឹង​កែ​សម្រួល​កង​ទ័ព​នេះ​ដែរ តែ​មិន​កំណត់​ពេល​វេលា​ច្បាស់លាស់​នោះ​ទេ។ រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​ទី​ក្រុង​បាងកក ទម្លុះ​ទម្លាយ​ព័ត៌មាន​ស្ដី​ពី​ការ​កែ​សម្រួល​យោធា​តាម​ការ​បង្គាប់​របស់ ICJ នេះ​នៅ​ឡើយ​ទេ។

ក្រុម​អ្នក​វិភាគ​ស្ថានការណ៍​សង្គម​គិត​ថា ការ​ដក​កង​​ទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ ដោយ​រាប់​ទាំង​ខ្សែ​បន្ទាត់​ព្រំដែន​ដទៃ​ទៀត​នោះ ពុំ​មែន​ជា​ជម្រើស​របស់​ភាគី​ថៃ​ទេ។ អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​បាងកក ពន្យារ​ពេល​ម្ដង​ជា​ពីរ​ដង​ក្រោម​ហេតុ​ផល​រង់ចាំ​ការ​សម្រេច​របស់​សភា​​ក្នុង​ការ​ដក​កង​ទ័ព ឬ​បន្ធូរបន្ថយ​ភាព​តាន់​តឹង​ផ្នែក​យោធា​នៅ​តាម​ព្រំ​ដែន និង​ប្រើ​ប្រាស់​វេទិកា​នយោបាយ​​ក្នុង​ប្រទេស​ថៃ ឲ្យ​មាន​ភាព​​ប្រេះ​ឆា។ ការ​ធ្វើ​បែប​នេះ​​ក្នុង​បំណង​​ជាតិ​និយម​​ដើម្បី​បូរណ​ភាពទឹក​ដី គឺ​ប្រាថ្នា​ចង់​បាន​ការ​គ្រប់​គ្រង់​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ។

នៅ​ក្នុង​រឿង​រ៉ាវ​នៃ​ជម្លោះ​ប្រាសាទ​ព្រះវិហារ​នេះ គេហទំព័រ​មួយ​ឈ្មោះ វីគីភីឌា (Wikipedia) បាន​ចេញ​ផ្សាយ​នៅ​របាយការណ៍​មួយ​របស់​ខ្លួន​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​រក​ឃើញ​ថា ក្រោយ​ពី​ប្រាសាទ​ព្រះវិហារ​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាល​ពី​​​ឆ្នាំ​២០០៨ បំណែក​ថ្មី​ចំនួន ៦៦​ផ្ទាំង ត្រូវ​គេ​រក​ឃើញ​ថា រង​ការ​បំផ្លាញ​ដោយ​ទាហាន​ថៃ បាញ់​ប្រហារ​កាល​ពី​ខែ​មេសា ឆ្នាំ​២០០៩ ខណៈ​ភាគី​ទាំង​ពីរ​ប្រើ​ប្រាស​អាវុធ​ដើម្បី​ដោះ​ស្រាយ​ទំនាស់។ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១១ ខណៈ​ភាគី​ទាំង​ពីរ​ព្យាយាម​ចរចា​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ការ​ផ្ទុះ​អាវុធ​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​ដែល​បណ្ដាល​ឲ្យ​ភាគី​​ពីរ​មាន​ស្លាប់ និង​រង​របួស​ទាំង​​សង្ខាង។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ បាន​ចេញ​បទ​បញ្ជា​មួយ​ដោយ​កំណត់​ឲ្យ​ភាគ​គី​ទាំង​ពីរ​ដែល​មាន​ជម្លោះ​ក្នុង​ការ​គ្រប់​គ្រង់​តំបន់​ប្រាសាទ​ព្រះវិហារ ត្រូវ​ដក​ទ័ព​ចេញ​ពី​ដី​ទំហំ​ជាង ១៧​គីឡូម៉ែត្រ​ការ៉េ ដើម្បី​សង្គ្រោះ​ប្រាសាទ​ព្រះវិហារ។ ការ​​សម្រេច​នេះ​ធ្វើ​​ឡើង​​បន្ទាប​​ពី​​មាន​​ពាក្យ​​បណ្ដឹង​​​របស់​​​កម្ពុជា ស្នើ​​ឲ្យ​​តុលាការ​​​កំពូល​នេះ​បក​​ស្រាយ​​​ឡើង​​វិញ​​នៅ​សាលដីកា​ឆ្នាំ​១៩៦២ ដែល​កាត់​ក្ដី​ឲ្យ​កម្ពុជា ទទួល​ជោគ​ជ័យ​លើ​​ប្រាសាទ​​ព្រះវិហារ ដែល​ជា​របស់​ខ្លួន​ខណៈ​​ប្រទេស​ថៃ ព្យាយាម​កាន់​កាប់​ដែរ​នោះ។

នៅ​ក្នុង​គោលការណ៍​ប្រកាស​ជំហរ​កែ​សម្រួល​កង​ទ័ព​ចំនួន ៤៨៥​នាក់ ជា​ឯកតោ​ភាគី​ជំនួស​វិញ ដោយ​មន្ត្រី​នគរបាល​ប្រមាណ ២៥៥​នាក់ និង​កម្លាំង​អភិរក្ស​ប្រាសាទ​​ប្រមាណ ២០០​នាក់ ដែល​កំណត់​ដោយ ICJ របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា។

ក្រុម​​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ចាត់​ទុក​ថា ជា​ការ​ចាញ់​ប្រៀប​នយោបាយ​របស់​ប្រទេស​ថៃ ព្រោះ​សាល​ដីកា​បង្គាប់​របស់ ICJ គឺ​កំណត់​ឲ្យ​ភាគី​ទាំង​ពីរ​សម្រួល​កង​ទ័ព​រៀង​ៗ​ខ្លួន​ចេញ​ពី​តំបន់​មាន​ជម្លោះ ដើម្បី​ដាក់​ក្រុម​អ្នក​សង្កេតការណ៍​របស់​ឥណ្ឌូនេស៊ី។ ត្រង់​ចំណុច​នេះ​ហើយ​ដែល​​ក្រុម​អ្នក​វិភាគ​គិត​ថា កម្ពុជា​បរាជ័យ​លើ​គោលនយោបាយ​ការបរទេស​របស់​ខ្លួន ខណៈ​ប្រទេស​កម្ពុជា មាន​ប្រៀប​ទាំង​ផ្លូវ​ច្បាប់​ភូមិសាស្ត្រ​នយោបាយ និង​ជា​ម្ចាស់​ផ្ទះ​ផង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។