មន្ត្រី​ខ្មែរ​៖ កម្ពុជា​ជោគជ័យ​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​គម្រោង​អភិរក្ស​ប្រាសាទ​ព្រះវិហារ

មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​ប្រកាស​នៅ​ថ្ងៃ​៣០ កក្កដា ថា កម្ពុជា​ទទួល​ជោគជ័យ​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​ការ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទ្រនាប់​នៃ​ប្រាសាទ​ព្រះវិហារ នៅ​​ប្រទេស​ប្រេស៊ីល ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​សម្រេច​ទទួល​យក​ផែនការ​របស់​កម្ពុជា។
ដោយ យន់ សាមៀន
2010-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ ព្រះរាជាណាចក្រ​កម្ពុជា។
ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ ព្រះរាជាណាចក្រ​កម្ពុជា។
RFA Photo/Keo Nimol

ទោះ​បី​ជា​យ៉ាង​ក៏​ដោយ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​ពន្យារ​ពេល​ដើម្បី​ធ្វើ​ការ​ពិចារណា​ទៅ​លើ​គម្រោង​រៀបចំ​ប្រាសាទ​ព្រះវិហារ​ទៅ​ឆ្នាំ​ក្រោយ​វិញ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ប្រទេស បារ៉េន (Bahrain)។

ទន្ទឹម​ពេល​នេះ​ដែរ ភាគី​ថៃ​ក៏​បាន​ប្រកាស​ថា ខ្លួន​បាន​ឈ្នះ​កម្ពុជា​លើក​ទី​១ ក្នុង​ការ​ប្រឆាំង​មិន​ឲ្យ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក ទទួល​ស្គាល់​គម្រោងការ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទ្រនាប់​នៃ​ប្រាសាទ​ព្រះវិហារ ដែល​ស្នើ​ឡើង​ដោយ​ភាគី​កម្ពុជា​ផង​ដែរ។

លោក សុខ អាន ឧប​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ពី​ប្រទេស​ប្រេស៊ីល នៅ​ថ្ងៃ​សុក្រ ទី​៣០ កក្កដា ថា កម្ពុជា​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ដាក់​គម្រោងការ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទ្រនាប់​នៃ​ប្រាសាទ​ព្រះវិហារ ទៅ​ឲ្យ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ទោះ​បី​ជា​មាន​ការ​ជំទាស់​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ប្រទេស​ថៃ កុំ​ឲ្យ​ទទួល​ស្គាល់​គម្រោង​របស់​កម្ពុជា​ក៏​ដោយ។

ការ​ប្រកាស​របស់​កម្ពុជា​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ថៃ​បាន​ប្រកាស​ថា ខ្លួន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ជំទាស់​របស់​ខ្លួន ដោយសារ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​សម្រេច​ពន្យារ​ពេល​ការ​ពិនិត្យ​ទទួល​យក​គម្រោង​របស់​កម្ពុជា​ទៅ​ឆ្នាំ​ក្រោយ នៅ​ឯ​ប្រទេស បារ៉េន។

ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ ស៊ីធីអិន (CTN) នៅ​ថ្ងៃ​សុក្រ ទី​៣០ កក្កដា​នេះ លោក សុខ អាន មាន​ប្រសាសន៍​ថា ទោះ​បី​ជា​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​ពន្យារ​ការ​ពិចារណា​គម្រោង​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​ក៏​ដោយ គណៈកម្មការ​នេះ​ថា​ទទួល​យក​ផែនការ​ទាំងឡាយ​របស់​កម្ពុជា។ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​សម្រេច​លើ ៥​ចំណុច ក្នុង​នោះ ៤​ចំណុច​ដែល​កម្ពុជា និង​ថៃ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ថា​មាន​ផល​វិជ្ជមាន​ដល់​កម្ពុជា។

កាសែត បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃ​សុក្រ ទី​៣០ កក្កដា​នេះ​ដែរ បាន​ផ្សាយ​ថា រដ្ឋមន្ត្រី​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ថៃ លោក ស៊ូវិត ឃន់គិទិ (Suwit Khunkitti) បាន​មាន​ប្រសាសន៍​ថា នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​អរគុណ​លោក និង​ក្រុម​ការងារ​ដែល​បាន​ធ្វើ​ការ​យ៉ាង​លំបាក ក្នុង​ការ​ការពារ​បូរណភាព​របស់​ប្រទេស​ខ្លួន។

លោក សុខ អាន ក៏​បាន​បដិសេធ​ព័ត៌មាន​របស់​ភាគី​ថៃ ដែល​ថា​ខ្លួន​បាន​ឈ្នះ​កម្ពុជា​នោះ​ដែរ។

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​មិន​ទាន់​បាន​ចេញ​ផ្សាយ​សេចក្ដី​សម្រេច​របស់​ខ្លួន​នៅ​ឡើយ​ទេ ទាក់ទង​នឹង​គម្រោង​រៀបចំ​ប្រាសាទ​ព្រះវិហារ។

លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បាន​ព្រមាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ ថា ប្រទេស​ថៃ​នឹង​ពិនិត្យ​សើរើ​សមាជិក​ភាព​របស់​ខ្លួន ដែល​អាច​នឹង​ដក​ខ្លួន​ចេញ​ពី​អង្គការ​យូណេស្កូ ប្រសិន​គណៈកម្មាធិការ​នេះ​សម្រេច​ដាក់​បញ្ចូល​គម្រោង​គ្រប់គ្រង​ថែ​រក្សា និង​អភិរក្ស​តំបន់​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​របៀបវារៈ​ក្នុង​កិច្ច​ប្រជុំ​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល