សមត្ថកិច្ច​រារាំង​ពិធី​ជួប​ជុំ​រំលឹក​ថ្ងៃ​ថៃ​ឈ្លានពាន​ទឹក​ដី

ក្រុម​សង្គម​ស៊ីវិល​គ្រោង​រៀបចំ​ពិធី​ចង​កំហឹង​រំលឹក​ខួប​ពីរ​ឆ្នាំ ថ្ងៃ​ទាហាន​ថៃ​ចូល​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា។
ដោយ ដែន អយុធ្យា
2010-07-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៨ កក្កដា ២០០៨ ។
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៨ កក្កដា ២០០៨ ។
RFA Photo/Keo Nimol

មេ​ដឹក​នាំ​មន្ត្រី​សង្គម​ស៊ីវិល បាន​ឲ្យ​ដឹង​ថា ពិធី​រំលឹក​ខួប​ចង​កំហឹង​សម្ដែង​ឆន្ទៈ​ស្នេហា​ជាតិ ដែល​គ្រោង​រៀបចំ នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ចាស់ ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា​នេះ មិន​អាច​ប្រព្រឹត្តិ​ទៅ​តាម​ការ​គ្រោង​ទុក​ឡើយ ព្រោះ​អាជ្ញាធរ​បាន​រារាំង​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ជា​អ្នក​ដឹក​នាំ​ពិធី​ជួប​ជុំ បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​បាន​រារាំង​មិន​ឲ្យ​មាន​ការ​ជួប​ប្រជុំ ឬ​ដង្ហែ​ក្បួន នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា សម្ដែង​ពី​ឆន្ទៈ​ស្នេហា​ជាតិ ដែល​ទាហាន​ថៃ​ចូល​ឈ្លាន​ពាន​មក​លើ​ទឹក​ដី​ខ្មែរ ប៉ុន្តែ​បែរ​ជា​ត្រូវ​បាន​ហាម​ឃាត់​ទៅ​វិញ។ យ៉ាង​ណា​ក្តី មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ក្នុង​ការ​បង្ក្រាប​នោះ​ទេ។

លោក រ៉ុង ឈុន មាន​ប្រសាសន៍ ៖ «យើង​សោក​ស្ដាយ​នូវ​រាល់​ទង្វើ​របស់​អាជ្ញាធរ ដែល​បាន​ដាក់​កម្លាំង​ពង្រាយ​រារាំង​ដល់​ការ​ជួប​ប្រជុំ​របស់​សហភាព​សហជីព​កម្ពុជា»

មេ​ដឹក​នាំ​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ការ​ប្រារព្ធ​ពិធី​ចង​កំហឹង នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា គឺ​ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​ទា​ហាន​ថៃ ដក​ទ័ព​ចេញ​ពី​ព្រំដែន​ក្នុង​ទឹក​ដី​កម្ពុជា និង​ឲ្យ​សភាព​ការណ៍​នៅ​តាម​ព្រំដែន វិល​ទៅ​រក​សភាព​ដូច​មុន​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨។

លោក ជា មុនី ប្រធាន​សហ​ជីព​សេរី​កម្មករ​កម្ពុជា ដែល​បាន​ចូល​រួម​ពិធី​ជួប​ជុំ បាន​សម្ដែង​ចម្ងល់​ថា មិន​ដឹង​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​តែ​ដាក់​កម្លាំង​ប្រដាប់​អាវុធ​រារាំង និង​បង្ក្រាប​ក្រុម​អង្គការ​សង្គម​ស៊ីវិល ការ​ប្រារព្ធ​ពិធី​ចង​កំហឹង ចំពោះ​ការ​ចូល​ឈ្លាន​ពាន​របស់​ទាហាន​ថៃ ចូល​មក​ឈ្លានពាន​ទឹក​ដី​កម្ពុជា ប៉ុន្តែ​បែរ​ជា​មិន​ហាន​ប្រើ​កម្លាំង​ធ្វើ​ការ​បង្ក្រាប​ទាហាន​ថៃ​ទៅ​វិញ។

លោក ជា មុនី មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ឃើញ​ថា អាជ្ញាធរ​ខ្មែរ​បាន​តែ​រារាំង​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ទេ។ ប៉ុន្តែ​ចំពោះ​អាជ្ញាធរ​ថៃ ធ្វើ​សកម្មភាព​ទន្ទ្រាន ឬ​ក៏​ឈ្លាន​ពាន យើង​ឃើញ​ថា រដ្ឋាភិបាល​តែង​តែ​ធ្វើ​ការ​ចរចា​ៗ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ឡើយ»

ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ពិសេស​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ បាន​អូស​បន្លាយ​ពីរ​ឆ្នាំ​គត់ គិត​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ដល់​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១០ នេះ។ រយៈ​ពេល​ពីរ​ឆ្នាំ នៃ​ការ​ចូល​ឈ្លាន​ពាន របស់​កង​ទ័ព​ថៃ បាន​នាំ​ឲ្យ​កង​ទ័ព​ទាំង​ពីរ​ប្រទេស ផ្ទុះ​អាវុធ​ដាក់​គ្នា​ជា​ច្រើន​លើក និង​ផ្ទុះ​អាវុធ​ទ្រង់​ទ្រាយ​ធំ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០០៨ និង​នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០០៩ បាន​បណ្ដាល​ឲ្យ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ស្លាប់ និង​របួស​ជា​ច្រើន​នាក់។

ពិធី​ចង​កំហឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា គេ​សង្កេត​ឃើញ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង ១០​នាក់​ប៉ុណ្ណោះ បាន​ចូល​រួម​លើក​បដា និង​ទង់​ជាតិ នៅ​ពី​មុខ​ទីស្នាក់ការ​សមាគម​គ្រូ​បង្រៀន ស្ថិត​ក្នុង​ខណ្ឌ​ចម្ការ​មន រាជ​ធានី​ភ្នំពេញ។

ចំនួន​មនុស្ស​ចូល​រួម​តិច​តួច លោក រ៉ុង ឈុន បញ្ជាក់​ថា ដោយសារ​សមត្ថកិច្ច​ប្រដាប់​អាវុធ​បាន​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ និង​ដាក់​របាំង​រារាំង​មិន​ឲ្យ​មាន​មនុស្ស​ចេញ​ចូល​មក​ទីស្នាក់ការ ដើម្បី​ប្រារព្ធ​ពិធី​បាន។ លិខិត​ជូន​ដំណឹង​របស់​ក្រសួង​មហា​ផ្ទៃ និង​សាលា​រាជ​ធានី​ភ្នំពេញ បាន​បដិសេធន៍​មិន​ឲ្យ​លោក រ៉ុង ឈុន ដឹក​នាំ​ធ្វើ​ពិធី​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ចាស់ ទៅ​តាម​ការ​ស្នើ​សុំ​នោះ​ទេ ដោយ​ព្រួយ​បារម្ភ​ពី​បញ្ហា​សន្តិ​សុខ​សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់។ ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​ជួប​ជុំ​នៅ​ទីស្នាក់ការ​របស់​ខ្លួន ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​ចំការមន​ជំនួស​វិញ ដែល​លោក រ៉ុង ឈុន យល់​ថា ការ​សម្ដែង​មតិ​នៅ​ទីស្នាក់ការ​ដូច្នោះ គឺ​មិន​មាន​ន័យ​អ្វី​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល