ផៃ ស៊ីផាន៖ ការ​ប៉ុន​ប៉ង​ផ្ទុះ​អាវុធ​របស់​ថៃ បង្ហាញ​ពី​ភាព​អន់

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ចាត់​ទុក​ការ​ប៉ុន​ប៉ង​បង្ក​សង្គ្រាម​របស់​ភាគី​​ថៃ ដោយ​លើក​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ ដើម្បី​បង្ក​ជម្លោះ ថា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​កំសាក និង​មិន​ស៊ីវិល័យ។
ដោយ ដែន អយុធ្យា
2010-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​នៃ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ឱកាស​ចុះ​ទស្សនកិច្ច​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃ​ទី​១៨ កក្កដា ២០០៨។
លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​នៃ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ឱកាស​ចុះ​ទស្សនកិច្ច​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃ​ទី​១៨ កក្កដា ២០០៨។
RFA Photo/Keo Nimol

លោក ផៃ ស៊ីផាន រដ្ឋ​លេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ​ថា ភាគី​ថៃ​ដែល​ចេះ​តែ​លើក​យក​បញ្ហា​ប្រាសាទ​ព្រះ​វិហារ គឺ​ជា​ដើម​ហេតុ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ល្ងង់​ខ្លៅ ការ​ប៉ុន​ប៉ង​បញ្ឆេះ​សង្គ្រាម​ជា​មួយ​កម្ពុជា។ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ដូច្នេះ បន្ទាប់​ពី​មាន​ព័ត៌មាន​មក​ថា រដ្ឋាភិបាល​ថៃ គ្រោង​ប្រើ​កម្លាំង​ទ័ព​ដើម្បី​ទន្ទ្រាន​យក​ដី​ ៤,៦​គីឡូ​ម៉ែត្រ​ក្រឡា នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​រួច​មក។

លោក​បន្ត​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ទីក្រុង​ឡាអេ បាន​ប្រកាស​សាល​ក្រម​ឲ្យ​កម្ពុជា​ជា​អ្នក​ឈ្នះ​ក្ដី តាំង​ពី​ឆ្នាំ​១៩៦២ មក​ម្ល៉េះ។ លោក​ផៃ ស៊ីផាន មាន​ប្រសាសន៍ ៖ «គួរ​ឲ្យ​សោក​ស្ដាយ ប្រជា​ជាតិ​មួយ ដែល​មាន​អរិយធម៌​ថ្លៃ​ថ្នូរ មក​ប្រកាស​សង្គ្រាម ប្រើ​កម្លាំង​បាយ។ បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​អត់​ខ្សោយ និង​ស៊ីវិល័យ»

ប្រតិកម្ម​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា កើត​ឡើង​នៅ​គ្រា​ដែល​លោក ផាន​នី​ខាន វា​តា​នា​យ៉ា​កន មន្ត្រី​នាំ​ពាក្យ​រង​រដ្ឋាភិបាល​ថៃ បាន​និយាយ​តាម​ទូរទស្សន៍​ប៉ុស្តិ៍​ថៃ លេខ​៣ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ថា រដ្ឋាភិបាល​ថៃ នឹង​ប្រើ​កង​ទ័ព​ទន្ទ្រាន​យក​ដី ​៤,៦​គីឡូ​ម៉ែត្រ​ក្រឡា នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

កង​ទ័ព​ថៃ និង​កម្ពុជា​បាន​ពើប​ប្រយុទ្ធ​គ្នា ជា​ច្រើន​ដង​កន្លង​មក ដោយ​សារ​ជម្លោះ​ព្រំដែន​នេះ ដែល​បណ្ដាល​ឲ្យ​ភាគី​ទាំង​សង​ខាង​ស្លាប់ និង​របួស​រៀង​ៗ​ខ្លួន ចាប់​តាំង​ពី​ភាគី​ថៃ​បញ្ជូន​កង​ទ័ព​ចូល​លុក​លុយ​តំបន់​មួយ​ចំនួន នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ រួច​មក។

លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន បាន​ចាត់​ទុក​មហិច្ឆតា​បង្ក​សង្គ្រាម​ទៅ​លើ​ប្រាសាទ​ព្រះវិហារ​ថា បាន​ធ្វើ​ឡើង​ដោយ​ងងឹត​ងងល់ និង​មិន​ដឹង​ពី​ច្បាប់​ទម្លាប់។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​គំរាម​ពី​សំណាក់​អាជ្ញាធរ​សៀម មក​លើ​អធិបតេយ្យភាព បូរណភាព​ទឹក​ដី​កម្ពុជា​យើង ជា​ពិសេស​តំបន់​ប្រាសាទ​ព្រះវិហារ វា​ជា​រឿង​រំលោភ​ច្បាប់​អន្តរ​ជាតិ។ ពី​ព្រោះ​សាល​ក្រម​តុលាការ​អន្តរ​ជាតិ​ទីក្រុង​ឡាអេ នៅ​តែ​ជា​ធរមាន​នៅ​ឡើយ។ ហើយ​យើង​ក៏​បាន​ឮ​ជំហរ​រដ្ឋាភិបាល​អាមេរិក ដែល​បាន​ធ្វើ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់​ទំនង​ការ​ទូត​នៅ​តែ​គាំទ្រ​ទៅ​លើ​អំណាច​សាល​ក្រម​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ទីក្រុង​ឡាអេ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ស្វែង​រក​ការ​បំភ្លឺ​ពី​តំណាង​ស្ថានទូត​ថៃ ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល