ថៃ​គំរាម​ដើរ​ចេញ​ពី​អង្គ​ប្រជុំ​ជុំវិញ​រឿង​គម្រោង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ

កាសែត​បាងកក​ប៉ុស្តិ៍​​ផ្សាយ​​នៅ​ថ្ងៃ​២៩ កក្កដា ថា គណៈ​រដ្ឋមន្ត្រី​ថៃ​បាន​ណែនាំ​ដល់​លោក ស៊ូវិត ឃន់គិទិ (Suwit Khunkitti) រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ថៃ ឲ្យ​ដើរ​ចេញ​ពី​អង្គ​ប្រជុំ ប្រសិន​បើ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​យក​គម្រោង​អភិវឌ្ឍន៍​តំបន់ និង​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ទៅ​ជជែក​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​នោះ។
ដោយ ម៉ៅ សុធានី និង យន់ សាមៀន
2010-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។
ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។
RFA Photo/Keo Nimol

នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បាន​ទទួល​ស្គាល់​ថា បើ​ទោះ​ជា​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក សម្រេច​អនុម័ត​នូវ​ផែនការ​របស់​កម្ពុជា​ស្ដីពី​ការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ និង​ប្រាសាទ​ព្រះវិហារ​នោះ​ក៏​ដោយ វា​នឹង​មិន​ប៉ះពាល់​លើ​ដី​ជម្លោះ​ទំហំ​ជាង ៤​គីឡូម៉ែត្រ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ឡើយ។

ប្រទេស​ថៃ​បាន​បញ្ជាក់​ជំហរ​ថា ថៃ​នឹង​មិន​សហការ​ជាមួយ​អង្គការ​យូណេស្កូ​ជា​ដាច់​ខាត ហើយ​ទន្ទឹម​នេះ​ដែរ ថៃ​ក៏​បាន​ទទូច​សុំ​ឲ្យ​អង្គការ​យូណេស្កូ ប្រឹងប្រែង​ជំរុញ​ឲ្យ​មាន​សន្តិភាព ចៀសវាង​ឲ្យ​មាន​ជម្លោះ​រវាង​ថៃ និង​កម្ពុជា។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ខ្មែរ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កម្ពុជា​អត់​មាន​យោបល់​អ្វី​ទេ​ក្នុង​រឿង​ជំហរ​របស់​ថៃ ពីព្រោះ​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​រាជ​រដ្ឋាភិបាល​ថៃ។

លោក កុយ គួង បាន​បញ្ជាក់​ថា ៖ «ការ​គំរាម​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ និង​ការ​ដក​ខ្លួន​ចេញ​ពី​សមាជិក​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ របស់​ថៃ​នេះ គឺ​ថា យើង​អត់​មាន​ប្រតិកម្ម​អ្វី​ទេ គឺ​ជា​សិទ្ធិ​របស់​ខាង​រដ្ឋាភិបាល​ថៃ​ខ្លួន​ឯង។ ...ចេញ​ក៏​ចេញ​ទៅ នៅ​ក៏​នៅ​ទៅ យើង​អត់​មាន​ខ្វល់ខ្វាយ​អី​ទេ! ពីព្រោះ​កន្លងមក​ដូច​ខាង​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ផែនការ​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​នេះ គឺ​មិន​មាន​ប៉ះពាល់​អ្វី​ទៅ​លើ​បូរណភាព​ទឹក​ដី សូម្បី​តែ​បន្តិច​ណា​មួយ​របស់​ថៃ​ទេ! អត់​មាន​ទេ! គឺ​យើង​ធ្វើ​តែ​ក្នុង​ដែន​ដី​បូរណភាព​របស់​កម្ពុជា​យើង ១០០% អត់​ឲ្យ​ប៉ះ​ទៅ​លើ​អ្នក​ណា​ទេ...»

លោក​បាន​បន្ត​ថា ៖ «...ចំពោះ​បញ្ហា​ស្ថានភាព​កង​ទ័ព មក​ដល់​ពេល​នេះ​គឺ​មិន​ទាន់​ឃើញ​មាន​សភាព​យ៉ាង​ណា​ទេ គឺ​សភាព​ហាក់​ដូច​ជា​នៅ​ស្ងប់ស្ងាត់​ទេ។ ចំពោះ​ការ​ចល័ត​កង​ទ័ព​ណា​មួយ​របស់​ភាគី​ថៃ អា​ហ្នឹង​ឲ្យ​តែ​ធ្វើ​នៅ​លើ​ទឹក​ដី​ថៃ កម្ពុជា​យើង​មិន​មាន​ប្រតិកម្ម​អ្វី​ទេ កុំ​ឲ្យ​តែ​ធ្វើ​មក​ចូល​ក្នុង​ដែន​បូរណភាព​ទឹក​ដី​កម្ពុជា។ កង​ទ័ព​យើង​នៅ​ទីនោះ​ក៏​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ចំពោះ​ទង្វើ​បែប​ណា​មួយ​របស់​ថៃ ដែល​ចូល​មក​ឈ្លានពាន​កម្ពុជា​នោះ គឺ​កង​ទ័ព​យើង​បាន​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ការពារ​បូរណភាព​ទឹក​ដី ក៏​ដូច​ជា​នឹង​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ឯង​ផង​ដែរ»

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដែល​កំពុង​ប្រជុំ​នៅ​ទីក្រុង​ប្រាស៊ីលីយ៉ា ប្រទេស​ប្រេស៊ីល អាច​នឹង​អនុម័ត​លើ​គម្រោង​គ្រប់គ្រង និង​អភិរក្ស​តំបន់ និង​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ កក្កដា ដែល​ត្រូវ​នឹង​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ម៉ោង​នៅ​ប្រទេស​កម្ពុជា ទោះ​បី​ជា​មាន​ការ​រារាំង​ពី​សំណាក់​ប្រទេស​ថៃ​យ៉ាង​ណា​ក្ដី៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល