ជីវភាព​អ្នក​ភូមិ​ព្រែក​ទាល់

ព្រែក​ទាល់ ជា​ឈ្មោះ​ព្រែក​មួយ​ដែល​នៅ​ជាប់​នឹង​ស្ទឹង​សង្កែ ឯ​ចុង​ម្ខាង​នៃ​ព្រែក​នេះ​បាន​ទាល់ ឬ​ពុំ​មាន​ច្រក​ផ្លូវ​ទឹក​ចេញ​ទៅ​តំបន់​ផ្សេង​ទៀត​បាន​ឡើយ។

0:00 / 0:00

ព្រែក​ទាល់ គឺ​ជា​ឈ្មោះ​ភូមិ​មួយ​នៅ​ក្នុង​ឃុំ​កោះ​ជីវាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​នោះ គេ​ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក​កាណូត នៅ​លើ​ចម្ងាយ​ផ្លូវ​ទឹក​ប្រវែង ៨០​គីឡូ​ម៉ែត្រ និង​មាន​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ថែម​ទៀត ទើប​អាច​ទៅ​ដល់​ភូមិ​បណ្ដែត​ទឹក​នេះ​បាន។

ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ស្ទឹង​សង្កែ ផុត​ពី​ទីរួមខេត្ត​បាត់ដំបង ចូល​ទៅ​ដល់​ទឹក​ដី​ឃុំ​កោះ​ជីវាំង​នោះ គេ​សង្កេត​ឃើញ​នៅ​អម​មាត់​ស្ទឹង​មាន​ផ្ទះ​បណ្ដែត​ទឹក មាន​កន្លែង​ចិញ្ចឹម​ត្រី មាន​ទូក​កាណូត​បែរ​ចិញ្ចឹម​ត្រី។ នៅ​លើ​មាត់​ច្រាំង​តាម​ដង​ស្ទឹង​សង្កែ នៅ​រដូវ​ប្រាំង​នេះ មាន​ផ្ទះ​ខ្លះ​សង់​ខ្ពស់​ៗ ផុត​ពី​ដី។ ទូក​កាណូត​ខ្លះ​បាន​ចរាចរ​ទៅ​វិញ​ទៅ​មក​តាម​ផ្លូវ​ទឹក និង​ទូក​ខ្លះ​ទៀត​កំពុង​នេសាទ​ត្រី។

លោក សួន សារឿន រស់​នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជីវាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង។ លោក​ថ្លែង​ថា ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​កោះ​ជីវាំង​ទាំង​អស់​មាន​មុខ​របរ​ជា​អ្នក​នេសាទ។ ក្នុង​នោះ​មាន​ដូច​ជា​ការ​ដាក់​មង បង់​សំណាញ់ រាយ​បន្តួច​នៅ​តាម​មាត់​បឹង​ទន្លេសាប។ ដោយ​ឡែក​នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក​អ្នក​ភូមិ​ខ្លះ​ប្រកប​មុខ​របរ​ចិញ្ចឹម​ត្រី។

លោក​ថា​ការ​រស់​នៅ​លើ​ទឹក​របស់​អ្នកភូមិ​ជួប​ការ​លំបាក​ខ្លាំង​ជាង​ដែល​មាន​លំនៅឋាន​រស់​នៅ​លើ​ដី​គោក។ អ្នក​រស់​នៅ​លើ​ដី​គោក​អាច​ធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល ពួក​គេ​មាន​ដី​ស្រែ ដី​ចម្ការ​បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវិត​បាន។ ចំណែក​ឯ​អ្នក​ភូមិ​ដែល​មាន​លំនៅឋាន​រស់​នៅ​លើ​ទឹក​វិញ មាន​ការ​លំបាក​ច្រើន​ណាស់​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​ម្ដង​ៗ ត្រូវ​ជិះ​ទូក​កាណូត​ជា​ប្រចាំ ៖ «ខែ​វស្សា រើ​ផ្ទះ​ថយ​រៀង​ខ្លួន ខាង​កើត​ថយ​ទៅ​ខាង​កើត ខាង​លិច​ថយ​ទៅ​ខាង​លិច អា​ខាង​កើត​ហ្នឹង​វា​ស្រឡះ គេ​រត់​ទៅ​ផ្ដុំ​គ្នា​លិច ជា​ពិសេស​រក​ព្រៃ​ធំៗ សម្រាប់​ជ្រក់​ហើយ​ខែ​ហ្នឹង​ទាស់​ដណ្ដើម​កន្លែង​គ្នា​ទៀត ថា​នេះ​កន្លែង​អញ នេះ​កន្លែង​អ្ហែង​អ៊ីចឹង​ទៅ នៅ​លើ​ទឹក​ដណ្ដើម​មាន​ប្ដឹង​ផ្ដល់​គ្នា​មក​ដល់​ឃុំ​អី​អ៊ីចឹង»

កោះ​ជីវាំង​ជា​ឃុំ​ចំណុះ​ឲ្យ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង។ ឃុំ​នេះ​មាន​ភូមិ​ចំនួន​៥។ ក្នុង​នោះ​មាន​ភូមិ​ធ្វាង ភូមិ​កំពង់​ប្រហុក ភូមិ​អន្លង់​ត្អួរ ភូមិ​ព្រែក​ទាល់ និង​ភូមិ​ក្បាល​តោល។ នៅ​តាម​ភូមិ​នានា​ក្នុង​ឃុំ​នោះ​គេ​សង្កេត​ឃើញ​មាន​លំនៅឋាន​ប្រជា​ពល​រដ្ឋ​សាង​សង់​នៅ​លើ​ទឹក។ ពួក​គាត់​យក​ដើម​ឫស្សី​ចង​រឹប​ចូល​គ្នា​ដាក់​ធ្វើ​ជា​គ្រឹះ​ក្បួន​បណ្ដែត​ទ្រទ្រង់​ផ្ទះ​ឲ្យ​អណ្ដែត​នៅ​លើ​ទឹក។ ជា​មួយ​គ្នា​នេះ​ដែរ មាន​លំនៅឋាន​អ្នក​ភូមិ​តិច​តូច​ណាស់​ដែល​បាន​យក​ធុង​សាំង​ធំ​ដាក់​ផ្គុំ​គ្នា​បណ្ដែត​ទឹក​សម្រាប់​សាង​សង់​ផ្ទះ​រស់​នៅ។

មូលហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ច្រើន​នាក់​ទៅ​រស់​នៅ​តាម​ទឹក​បឹង​ទន្លេ​សាប ដោយសារ​បឹង​ទន្លេ​សាប​មាន​លក្ខណៈ​ពិសេស។ បឹង​ទន្លេ​សាប​ជា​បឹង​ពិសេស​មួយ​ក្នុង​ចំណោម​ដី​សើម​ផ្សេង​ទៀត ដោយ​មាន​ទឹក​ជំនន់​ក្នុង​បឹង​រយៈ​ពេល​យូរ និង​មាន​ជម្រៅ​ជ្រៅ។ ផ្ទៃ​បឹង​រួម​តូច និង​រីក​ធំ​ពី ២.៥០០​គីឡូ​ម៉ែត្រ​ការ៉េ ទៅ​១២.០០០​គីឡូ​ម៉ែត្រ​ការ៉េ និង​មាន​ជម្រៅ​អតិបរមា​ពី ១០​ម៉ែត្រ ទៅ​១១​ម៉ែត្រ។

ការ​ប្រែប្រួល​នេះ បណ្ដាល​មក​ពី​ទឹក​ឡើង​ស្រក​តាម​រដូវ​នៅ​ទន្លេ​មេគង្គ។ នៅ​រដូវ​វស្សា​ទឹក​ឡើង។ ទឹក​ទន្លេ​មេគង្គ​បាន​ជន់​ឡើង​បណ្ដាល​ឲ្យ​រាំង​ស្ទះ​ទឹក​ហូរ​ចេញ​ពី​បឹង​ទន្លេ​សាប ហើយ​ក៏​ហូរ​រុញ​ទឹក​ត្រឡប់​ទៅ​ចាក់​បំពេញ និង​ទន្លេ​សាប​វិញ​ក្នុង​អំឡុង​ខែ​ឧសភា ដល់​ខែ​កក្កដា ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ធន​ធាន​មច្ឆា​ជាតិ​ទៅ​ផ្ដុំ​គ្នា​ច្រើន ក្រោយ​ពី​បាន​បន្ត​ពូជ​នៅ​រដូវ​ទឹក​ឡើង​រួច​មក៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។