មេ​ទ័ព​ខ្មែរ​៖ ជម្លោះ​ព្រំដែន​បង្ក​ដោយ​ក្រុម​អ្នក​ប្រឆាំង​រដ្ឋាភិបាល​ខ្មែរ​និង​ថៃ

មេ​បញ្ជាការ​ជាន់​ខ្ពស់​កង​យោធពល​ខេមរភូមិន្ទ ដែល​កំពុង​គ្រប់គ្រង​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ចោទ​ប្រកាន់​ក្រុម​អ្នក​ប្រឆាំង​រដ្ឋាភិបាល​ខ្មែរ និង​ក្រុម​អ្នក​ប្រឆាំង​ថៃ ថា​ជា​អ្នក​បង្ក​ជម្លោះ​នៅ​ព្រំដែន​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ។
ដោយ ទីន ហ្សាការីយ៉ា
2010-03-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។
RFA Photo/Savyouth

ការ​ថ្លែង​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ​ដូច្នេះ នៅ​ក្នុង​កិច្ច​បង្ហាញ​ពី​ការ​ការពារ​ព្រំដែន​នៃ​កង​យោធពល​ខេមរភូមិន្ទ អគ្គ​បញ្ជាការ​ឯកភាព​សមរភូមិ​ទិស​យោធ​ភូមិភាគ​ទី​៤ នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១០​នេះ។

លោក​ឧត្ដមសេនីយ៍​ឯក ជា តារា មេ​បញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​កំពុង​គ្រប់គ្រង​យោធា​ខ្មែរ​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្មែរ​ជា​អ្នក​បង្ក​បញ្ហា​ទាក់ទង​ទៅ​នឹង​រឿង​ជម្លោះ​ព្រំដែន​តំបន់​ប្រាសាទ​ព្រះវិហារ នា​ពេល​កន្លង​មក​ដ៏​រ៉ាំរ៉ៃ​នេះ។

លោក​ឧត្ដមសេនីយ៍​ឯក ជា តារា បាន​ថ្លែង​ថា ៖ «គណបក្ស​ប្រជាជន​ដោះស្រាយ​បញ្ហា​ច្រើន​រឿង​ណាស់ ហើយ​ទទួល​បាន​ជោគជ័យ។ ក្នុង​ពេល​នោះ ពួក​​ប្រឆាំង​របស់​ខ្មែរ របស់​គណបក្ស​ប្រជាជន បូក​ជាមួយ​ពួក​ប្រឆាំង​របស់​ថៃ ​ប្រឆាំង​ខ្មែរ​រុញ ដក​ដាវ​ទៅ​ឲ្យ​ប្រឆាំង​ថៃ ដោយ​​ប្រឆាំង​ខ្មែរ​បោះ​ឆ្នោត​មិន​ឈ្នះ​គណបក្ស​ប្រជាជន​ទេ នឹក​ឃើញ​យ៉ាង​ដូច្នោះ...»

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សម​រង្ស៊ី បាន​ប្រតិកម្ម​ភ្លាមៗ​ថា មន្ត្រី​គណបក្ស​សម​រង្ស៊ី​មិន​បាន​ជំពាក់​គុណ​បរទេស​ណា​នោះ​ទេ ហើយ​គណបក្ស​សម​រង្ស៊ី​ក៏​មិន​បាន​សហការ​ជាមួយ​ប្រទេស​ណា​មួយ ដើម្បី​បំផ្លាញ​ប្រទេស​ជាតិ​របស់​ខ្លួន​នោះ​ដែរ។

លោក យឹម សុវណ្ណ បាន​អះអាង​ថា ៖ «យើង​មិន​ដែល​បាន​កាត់​ដី​ឲ្យ​បរទេស ហើយ​យើង​មិន​ដែល​សុំ​ឲ្យ​បរទេស​ណា​មក​ជួយ ឬ​ជំពាក់​គុណ​បរទេស​ណា​នោះ​ទេ។ ដូច្នេះ​យើង​អត់​មាន​ទៅ​ចូល​ដៃ​ចូល​ជើង​ជាមួយ​បណ្ដា​ប្រទេស​ណា ដើម្បី​មក​បំផ្លិច​បំផ្លាញ​ជាតិ មក​កាត់​ទឹក​ដី​ឲ្យ​បរទេស គឺ​យើង​អត់​ដែល​មាន​ឆន្ទៈ​ធ្វើ​បែប​នេះ​ទេ។ អ្វី​ដែល​យើង​ធ្វើ​រាល់​ថ្ងៃ គឺ​យើង​ការពារ​ទឹក​ដី​របស់​យើង»

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក សម្រេច​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ដដែល​នោះ កង​ទាហាន​ឈុត​ខ្មៅ​ថៃ​រាប់​រយ​នាក់ បាន​ចូល​មក​លុកលុយ​ទី​វត្ត​ខ្មែរ ជិត​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​ទ័ព​ខ្មែរ​ថៃ​មក​ទល់​បច្ចុប្បន្ន។

លោក​បណ្ឌិត ហង្ស ពុទ្ធា ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា ស្ថាប័ន​កង​ទ័ព​ជា​ស្ថាប័ន​អព្យាក្រឹត គឺ​មិន​ត្រូវ​បម្រើ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។

លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា ៖ «ស្ថាប័ន​កង​ទ័ព​ជា​ស្ថាប័ន​អព្យាក្រឹត​សម្រាប់​ប្រទេស​កម្ពុជា មិន​មែន​សម្រាប់​គណបក្ស​នយោបាយ​ណា​មួយ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​មន្ត្រី​ណា​មួយ ឬ​បុគ្គលិក​ណា​មួយ​ប្រើប្រាស់​វេទិកា និង​តួនាទី​របស់​ខ្លួន ដើម្បី​បម្រើ​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ ខ្ញុំ​គិត​ថា វា​ក៏​អាច​ជា​បញ្ហា​ដែរ»

លោក យឹម សុវណ្ណ បាន​លើក​ឡើង​ទៀត​ថា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មិន​មែន​ជា​អ្នក​ក្បត់​ជាតិ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គណបក្ស​ប្រឆាំង​ជា​អ្នក​ការពារ​ទឹក​ដី មិន​ឲ្យ​បរទេស​ឈ្លានពាន​ទាំង​ព្រំដែន​ខាង​លិច និង​ព្រំដែន​ខាង​កើត ហើយ​លោក​សុំ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​ជា​ស្ថាប័ន​អព្យាក្រឹត​នោះ កុំ​ចូល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

YOU ARE RIGHT, MP YIM SOVANN...

Mar 25, 2010 07:04 AM

គេហទំព័រ​ទាំងមូល