សន្និសីទ​កាសែត​ស្ដីពី​ស្ត្រី​ជា​គោលដៅ​ទីផ្សារ​របស់​ឧស្សាហកម្ម​ថ្នាំ​ជក់

មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ទីផ្សារ​ឧស្សាហកម្ម​ថ្នាំ​ជក់ គេ​បាន​ជ្រើស​រើស​យក​ស្រ្តី​ជា​ឧបករណ៍​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឧស្សាហកម្ម​ថ្នាំ​ជក់ ព្រោះ​ថ្នាំ​ជក់​គឺ​ ជា​មច្ចុរាជ​ត្រជាក់ សម្លាប់​មនុស្ស​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​លើ​សាកល​លោក។
ដោយ ទីន ហ្សាការីយ៉ា
2010-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣០-ឧសភា-២០១០: សន្និសីទ​សារព័ត៌មាន ស្ដីពី​ស្ត្រី​ជា​គោលដៅ​ទីផ្សារ​របស់​ឧស្សាហកម្ម​ថ្នាំ​ជក់ នៅ​ឯ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ។
៣០-ឧសភា-២០១០: សន្និសីទ​សារព័ត៌មាន ស្ដីពី​ស្ត្រី​ជា​គោលដៅ​ទីផ្សារ​របស់​ឧស្សាហកម្ម​ថ្នាំ​ជក់ នៅ​ឯ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ។
RFA/Tin Zakariya

ការ​លើក​ឡើង​ដូច្នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្ដីពី​ស្ត្រី​ជា​គោលដៅ​ទីផ្សារ​របស់​ឧស្សាហកម្ម​ថ្នាំ​ជក់ នៅ​ឯ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០១០ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា។

រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី លោក​ស្រី អ៊ឹម ស៊ីថែ បាន​អំពាវនាវ​ដល់​ស្រ្តី​ទាំង​ឡាយ​ឲ្យ​ឈប់​បម្រើ​ការងារ​ឲ្យ​សហគ្រាស​ថ្នាំ​ជក់​ជា​បន្ត​ទៅ​ទៀត ហើយ​រក​ការងារ​អ្វី​ផ្សេង​ធ្វើ​វិញ​ប្រសើរ​ជាង ព្រោះ​បារី ឬ​ថ្នាំ​ជក់ ជា​អាវុធ​សម្ងាត់​ដែល​សម្លាប់​មនុស្ស​ទាំង​មិន​ដឹង​ខ្លួន​ចំពោះ​អ្នក​ជក់​បារី។

លោក​ស្រី អ៊ឹម ស៊ីថែ បាន​បញ្ជាក់​ថា ៖ «វា​ជា​អាវុធ​អាថ៌កំបាំង​បំផុត ដូច​ជា​ត្រជាក់​បំផុត យើង​អត់​ចាប់​អារម្មណ៍​ទេ! យើង​ចាប់​អារម្មណ៍​តែ​ថា រឿង​មាន​កាំភ្លើង មាន​អី អាច​សម្លាប់​បាន មាន​បញ្ហា​ថ្នាំ​ពេទ្យ​ណា​មួយ​ក៏​អាច​គ្រោះថ្នាក់ ឬ​គ្រឿង​ញៀន​អី​ផ្សេង​ទៀត តែ​បារី​ក៏​ខ្លាំង​ណាស់​ដែរ! អ៊ីចឹង​ស្ត្រី​គ្រប់​រូប​គួរតែ​ពិចារណា ពិសេស​ស្ត្រី​មេ​ផ្ទះ»

មន្ត្រី​គ្រប់គ្រង​កម្មវិធី​អង្គការ​សុខភាព​ពិភព​លោក លោក​វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ បាន​ឲ្យ​ដឹង​ថា អង្គការ​សុខភាព​ពិភពលោក​កំពុង​បញ្ចូល​ទិន្នន័យ​អំពី​អ្នក​ប្រើប្រាស់​បារី និង​អ្នក​ស្លាប់​នៅ​កម្ពុជា ថា មាន​ចំនួន​ប៉ុន្មាន​នាក់​នោះ ហើយ​របាយ​ការណ៍​នេះ​នឹង​ចេញ​នៅ​ចុង​ឆ្នាំ​២០១០ ឬ​ដើម​ឆ្នាំ​២០១០។

លោក​បាន​បញ្ជាក់​ទៀត​ថា របាយការណ៍​ឆ្នាំ​២០០៥​កន្លង​ទៅ​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​បារី​នៅ​កម្ពុជា​មាន​បុរស ៤៨% ស្រ្តី ៣,៦% ហើយ​អ្នក​ចុក​ថ្នាំ មាន​បុរស ១% ស្រ្តី ១៧%។

លោក​វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ បាន​ឲ្យ​ដឹង​ថា មាន​ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​សាកល​លោក​ជាង ៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ដែល​ជា​ក្ដី​បារម្ភ​របស់​ពិភព​លោក​ទាំង​មូល។

ទាំង​តំណាង​អង្គការ អាដ្រា លោក​ស្រី ចក់ រ៉ានី និង​អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ស្រី ទន់ សាអ៊ីម បាន​សំណូមពរ​ទៅ​ក្រសួង​សុខាភិបាល និង​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​ផ្សព្វ​ផ្សាយ​ថ្នាំ​ជក់​ទាំង​ស្រុង ដូច​ជា​ការ​ប្រគំ​តន្ត្រី ការ​ផ្សាយ​តាម​ស្លាក​យីហោ​នៅ​តាម​ផ្លូវ​សាធារណៈ​ជាដើម បើ​ទោះ​បី​ជា​កម្ពុជា​មាន​ការ​ហាម​មិន​ឲ្យ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​តាម​ទូរទស្សន៍​ហើយ​ក្តី។

លោក​ស្រី ចក់ រ៉ានី បាន​បញ្ជាក់​ដូច្នេះ ៖ «ប្រទេស​ដែល​មាន​ការ​បិទ​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​ស្រុង និង​មិន​ទាំង​ស្រុង​ហ្នឹង យើង​ឃើញ​ថា មាន​ប្រទេស ៧។ កម្ពុជា​ហាម​ឃាត់​មិន​ទាន់​ទាំង​ស្រុង​ទេ មាន​តែ​ការ​ហាម​ឃាត់​តាម​វិទ្យុ និង​ទូរទស្សន៍​ទេ ប៉ុន្តែ​នៅ​រូបភាព​ផ្សេង​ៗ​ទាំង​អស់»

តំណាង​ក្រុម​មេធាវី​អាស៊ី​កម្ពុជា លោក កែវ សុគា បាន​មាន​ប្រសាសន៍​ថា ម្ចាស់​ឧស្សាហកម្ម​ថ្នាំ​ជក់ គឺ​ជា​អ្នក​មាន​ចេញ​មក​ពី​ប្រទេស​ជឿនលឿន ចូល​មក​វាយ​លុក​ទីផ្សារ​នៅ​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​កម្ពុជា ហើយ​ប្រជា​ពលរដ្ឋ​ក្រីក្រ​ជា​ធនធាន​សម្រាប់​ពួក​គេ។

លោក កែវ សុគា បាន​អះអាង​ថា អង្គការ​សុខភាព​ពិភពលោក​បាន​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ បញ្ជូន​ទៅ​រដ្ឋាភិបាល​ហើយ ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា​នោះ គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល