គ្លីនិក​ឯកជន​មួយ​រង​ការ​ចោទ​ថា​ព្យាបាល​ទារក​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់

គ្លីនិក​ឯកជន​មួយ​ស្ថិត​នៅ​ផ្ទះ​លេខ​៤១ ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រង​ការ​ចោទ​ថា បាន​ព្យាបាល​ទារក​អាយុ ៥​ខែ​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់ ប៉ុន្តែ​គ្រូពេទ្យ​នៅ​គ្លីនិក​បាន​បដិសេធ​ថា ក្មេង​រង​គ្រោះ​នោះ​មិន​បាន​ស្លាប់​នៅ​ក្នុង​គ្លីនិក​ទេ។
ដោយ សួន សុផលមុន្នី
2010-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោកស្រី សាន សុភា អាយុ ២៤​ឆ្នាំ ជា​ម្ដាយ​ក្មេង​ប្រុស​រង​គ្រោះ រស់​នៅ​ភូមិ​បតត្រង់ ឃុំ​ព្រែកជីក ស្រុក​មង្គលបុរី បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា កូន​ប្រុស​របស់​គាត់​ឈ្មោះ រិទ្ធី ស័ក្ដិ អាយុ ៥​ខែ បាន​ស្លាប់​ក្រោយ​ពី​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​នៅ​ក្រុង​ប៉ោយប៉ែត។

លោកស្រី​អះអាង​ប្រាប់​អ្នក​កាសែត​ថា កូន​គាត់​កើត​មាន​ជំងឺ​ក្ដៅ​ក្អក​ក៏​បញ្ជូន​ទៅ​ព្យាបាល តែ​ត្រូវ​គ្រូពេទ្យ​នៅ​គ្លីនិក​ឯកជន​នោះ​ចាក់​ម្ជុល បន្តោក​សេរ៉ូម រួច​កូន​គាត់​កើត​មាន​អាការៈ​រឹង​ខ្លួន នៅ​គ្រា​នោះ​ម្ចាស់​គ្លីនិក​បាន​ដេញ​គាត់​ជា​ម្ដាយ​ឲ្យ​ចេញ​មក​ក្រៅ។

លោកស្រី សាន សុភា បាន​រៀប​រាប់​ដូច្នេះ ៖ «ពេទ្យ​ថា ត្រូវ​តែ​បន្តោក​សេរ៉ូម​បាន​វា​មាន​កម្លាំង​វិញ បន្តោក​សេរ៉ូម​ស្រាប់​តែ​កូន​ខ្ញុំ​ស្ទះ ដេញ​ខ្ញុំ​ចេញ​ក្រៅ បាន​អី​គាត់​ជួយ​ធ្វើ​ចលនា​កូន​ខ្ញុំ​អី​បន្តិច​អត់។ ពេទ្យ​ប្រុស​អ្នក​ពិនិត្យ ពេទ្យ​ស្រី​អ្នក​ចាក់។ ខ្ញុំ​ដឹង ព្រោះ​កូន​ខ្ញុំ​រឹង​ខ្លួន​ខៀវ​ល្អូក ខ្លួន​ឡើង​រឹង។ ថា​ឲ្យ​ពេទ្យ​ជួយ​ផង ថា​ពេទ្យ​ជួយ​មិន​បាន​ទេ ហើយ​ដេញ​ទៅ​ពេទ្យ​រដ្ឋៗ ដេញ​យើង​ចេញ​យ៉ាង​លឿន»

ម្ដាយ​ក្មេង​រង​គ្រោះ ក្រោយ​ពី​ការ​ដេញ​របស់​គ្រូពេទ្យ គាត់​ក៏​យក​កូន​ទៅ​មន្ទីរពេទ្យ​បង្អែក​អូរជ្រៅ ដើម្បី​ពិនិត្យ​ឲ្យ​អស់​ចិត្ត តែ​កូន​នោះ​បាន​ស្លាប់​ទៅ​ហើយ។

លោក​វេជ្ជបណ្ឌិត ឡី ជីង ម្ចាស់​គ្លីនិក​ឯកជន​មាន​យីហោ​ថា "បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ប៉ោយប៉ែត" បាន​បដិសេធ​ថា ក្មេង​រង​គ្រោះ​នោះ​មិន​បាន​ស្លាប់​នៅ​គ្លីនិក​របស់​លោក​ទេ ៖ «អត់​បាន​បញ្ចូល​សេរ៉ូម​ទេ ត្រង់​ហ្នឹង​ហើយ​បាន​ខ្ញុំ​ចង់​បំភ្លឺ ចង់​និយាយ»

ទោះ​មាន​ការ​អះអាង​ដូច្នេះ​ក្ដី ប៉ុន្តែ​លោក ស៊ុត គឹមសាន ប្រធាន​មន្ទីរពេទ្យ​បង្អែក​អូរជ្រៅ បាន​មាន​ប្រសាសន៍​ថា កុមារ​ឈ្មោះ រិទ្ធី សក្ដិ បាន​ដាច់​ខ្យល់​ស្លាប់​នៅ​មុន​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​អូរជ្រៅ។

លោក ស៊ុត គឹមសាន មាន​ប្រសាសន៍​ដូច្នេះ ៖ «ពេល​យក​អ្នក​ជំងឺ​មក​ដល់​ពេទ្យ យើង​បាន​ស្ដាប់​បេះដូង​គេ​ឈប់​ដើរ ព្រោះ​យើង​ដាក់​ទៅ​បេះដូង​ក៏​មិន​ដើរ ដង្ហើម​ក៏​មិន​ដក ព្រោះ​មក​ដល់​វា​អត់​មាន​ដង្ហើម​អី​ផង ដល់​ពេល​អ៊ីចឹង​មាន​តែ​ស្លាប់​ហើយ។ រួច​ទៅ​បាន​នៅ​ក្នុង​ឯកសារ​ហ្នឹង​ខ្ញុំ​សរសេរ​ដាក់​ថា ស្លាប់»

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក ស៊ុំ ចាន់គា បាន​មាន​ប្រសាសន៍​ថា ករណី​ព្យាបាល​អ្នក​ជំងឺ​ស្លាប់​មិន​ទទួល​ខុស​ត្រូវ បាន​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្រុង​ប៉ោយប៉ែត ប៉ុន្តែ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​មិន​បាន​ចាត់​វិធានការ​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់​ឡើយ។

លោក ស៊ុំ ចាន់គា មាន​ប្រសាសន៍​ដូច្នេះ ៖ «សមាគម​អាដហុក នៅ​តែ​ជំរុញ និង​ជូន​ដំណឹង​ដល់​ប្រធាន​មន្ទីរពេទ្យ​ឲ្យ​គាត់​បាន​ជ្រាប​អំពី​បញ្ហា​នេះ។ តែ​បញ្ហា​ដែល​បាន​កើត​ឡើង​ប្រធាន​មន្ទីរពេទ្យ​ក៏​គាត់​បាន​ដឹង​ដែរ មិន​មែន​គាត់​មិន​បាន​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​ខ្លាច​គាត់​ដេក​មិន​ក្រោក បើ​សិន​គាត់​ក្រោក គាត់​អាច​ដឹង​ពី​បញ្ហា​ហ្នឹង។ បើ​សិន​ជា​បញ្ហា​ហ្នឹង​នៅ​តែ​កើត​ដដែល​ញឹកញាប់​របៀប​អ៊ីចឹង តើ​ប្រជាពលរដ្ឋ​ទៅ​ពឹង​នរណា?»

នៅ​ក្រុង​ប៉ោយប៉ែត ជា​រឿយៗ​គេ​តែង​តែ​លេច​ឮ​ដំណឹង​ថា ក្រុម​គ្រូពេទ្យ​ទាំង​ឯកជន​និង​ពេទ្យ​រដ្ឋ ត្រូវ​គេ​ចោទ​ថា បាន​ព្យាបាល​ធ្វើ​ឲ្យ​មាន​ស្លាប់​អាយុ​ជីវិត​មនុស្ស​ជា​ច្រើន​សា ប៉ុន្តែ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​វិញ​បាន​បដិសេធ​មិន​ព្រម​ដាក់​ពាក្យ​ប្ដឹង​ទេ​នៅ​ពេល​ទទួល​បាន​ការ​សម្រុះ​សម្រួល​ជា​ប្រាក់។

យោង​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​រាយ​ការណ៍​ពី​ថ្ងៃ​២៦ មីនា ២០១០ ម្ចាស់​គ្លីនិក​លោក ឡី ជីង មាន​ប្រសាសន៍​ថា បុគ្គលិក​របស់​លោក​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ទារក​ស្លាប់​នោះ។ លោក​បញ្ជាក់​ថា បុគ្គលិក​របស់​លោក​សាក​ចាក់​សេរ៉ូម​ឲ្យ​ទារក តែ​ចាក់​មិន​ចូល ហើយ​ក៏​បាន​ប្រាប់​ទៅ​ម្តាយ​ទារក​ឲ្យ​យក​កូន​ទៅ​មន្ទីរពេទ្យ។

លោក ឡី ជីង មាន​ប្រសាសន៍​ទៀត​ថា កាល​ពី​ថ្ងៃ​ពុធ ឪពុក​ម្តាយ​ទារក​បាន​ផ្តិត​មេដៃ​លើ​ឯកសារ​អភ័យ​ទោស​ឲ្យ​គ្លីនិក​មិន​ឲ្យ​ទទួល​ខុស​ត្រូវ។ ព័ត៌មាន​បន្ត​ថា ឪពុក​ម្តាយ​ទារក​បាន​ប្តូរ​ចិត្ត​មិន​ប្តឹង​ផ្ដល់​ទេ បន្ទាប់​ពី​បាន​ទទួល​ប្រាក់​មួយ​ចំនួន​ជា​តម្លៃ​សំណង៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល