អ្នក​ភូមិ​នៅ​ពោធិ៍សាត់ ចោទ​នគរបាល​ការពារ​មន្ទីរ ម៤ ថា​រំលោភ​យក​ដី

ប្រជា​ពលរដ្ឋ ២៧​គ្រួសារ​នៅ​ភូមិ​ផ្ទះ​រុង និង​ភូមិ​ជង្រុក ក្នុង​ឃុំ​ផ្ទះរុង បាន​ចោទ​ប្រកាន់​កម្លាំង​នគរ​បាល​ការពារ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ឬ​ហៅ​ថា ម​៤ បាន​រំលោភ​យក​ដី​ធ្លី​របស់​ពួក​គាត់។
ដោយ មណ្ឌល កែវ
2010-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៩-មករា-១០: ពលរដ្ឋ​មក​ពី​ឃុំ​ចំនួន​៣​ក្នុង​ស្រុក​បាកាន ​ជួប​ជុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ សុំ​ឲ្យ​ដោះលែង​ជន​ជាប់​សង្ស័យ​ថា​ជា​ចោរ​ប្លន់​២​នាក់។
១៩-មករា-១០: ពលរដ្ឋ​មក​ពី​ឃុំ​ចំនួន​៣​ក្នុង​ស្រុក​បាកាន ​ជួប​ជុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ សុំ​ឲ្យ​ដោះលែង​ជន​ជាប់​សង្ស័យ​ថា​ជា​ចោរ​ប្លន់​២​នាក់។
RFA/Mondulkeo

ប្រជា​ពលរដ្ឋ ២៧​គ្រួសារ​នៅ​ភូមិ​ផ្ទះរុង និង​ភូមិ​ជង្រុក ក្នុង​ឃុំ​ផ្ទះរុង ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ បាន​ប្ដឹង​តវ៉ា​ដោយ​ចោទ​ប្រកាន់​កម្លាំង​នគរ​បាល​ការ​ពារ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៤ ឬ​ហៅ​ថា ម​៤ បាន​រំលោភ​យក​ដី​ធ្លី​របស់​ពួក​គាត់។

តំណាង​ប្រជា​ពលរដ្ឋ​ទាំង ២​ភូមិ គឺ លោក សាត ម៉ិ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៥ ឧសភា​ថា ដី​ចម្ការ និង​ដី​ភូមិ​របស់​គាត់​ចំនួន ១០​ហិកតារ រួម​ជា​មួយ​ដី​អ្នក​ភូមិ​សរុប ៧៥.៨០​ហិកតារ ដែល​ពួក​គាត់​បាន​កាន់​កាប់ និង​បង្ក​បង្កើន​ផល​តាំង​ពី​ឆ្នាំ​១៩៩៨ មក​នោះ ត្រូវ​បាន​កម្លាំង​នគរ​បាល​ការ​ពារ មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៤ រំលោភ​យក។

សាត ម៉ិ បន្ត​ថា ពួក​គេ​ពុំ​បាន​ពន្យល់​ពី​មូល​ហេតុ​អ្វី​ទេ គ្រាន់​មក​ប្រាប់​អ្នក​ភូមិ​ថា ដី​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់ «ម៤» ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​តែ​ចាក​ចេញ​ពី​តំបន់​នេះ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ដី​នេះ មាន​ការ​បែង​ចែក និង​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។ មាន​ថ្នាក់​ភូមិ ឃុំ និង​ស្រុក។ ខ្ញុំ​សូម​សំណូមពរ​ឲ្យ​លោក​អភិបាល​ខេត្ត ក៏​ដូច​ជា​សម្ដេច លោក​មេត្តា​ជួយ​ដោះ​ស្រាយ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់ ដែល​គាត់​រង​ផល​ប៉ះ​ពាល់​ពី​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៤​នេះ។ ដើម្បី​ប្រគល់​ដី​នេះ​ជូន​ប្រជា​ពលរដ្ឋ​វិញ»

ស្ត្រី​ឈ្មោះ ជា ថាវ បន្ថែម​ថា ៖ «សំណូមពរ​សុំ​ឲ្យ​លោក​ជំទាវ និង​សម្ដេច ហ៊ុន សែន ឲ្យ​គាត់​ជួយ​ដល់​ប្រជា​ពលរដ្ឋ កូន​ចៅ​ផង។ អស់​ដី​អស់​ធ្លី បើ​សម្ដេច​មិន​ជួយ​អស់​ហើយ ត្រូវ​អស់​រលីង។ បាត់​បង់​ទៅ​គ្មាន​អី​រស់​នៅ​បាន​ទេ​សព្វ​ថ្ងៃ»

មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក ហិន សុផល នាយក​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៤​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ឧសភា​នេះ ដោយ​ទូរស័ព្ទ​លោក​ពុំ​អាច​ទាក់​ទង​បាន។ ឯកសារ​របស់​អាជ្ញាធរ​ភូមិ និង​ឃុំ​បាន​បញ្ជាក់​និង​ទទួល​ស្គាល់​ថា ប្រជា​ពលរដ្ឋ​ទាំង ២៧​គ្រួសារ​នេះ ពិត​ជា​បាន​មក​រស់​នៅ និង​បង្ក​បង្កើន​ផល​តាំង​ពី​ឆ្នាំ​១៩៩៨។ ក្នុង​នោះ​មាន ១៨​គ្រួសារ នៅ​ភូមិ​ផ្ទះរុង មាន​ដី ៣៨​ហិកតារ ៦០​អា និង​ភូមិ​ជង្រុក ៩​គ្រួសារ​មាន​ដី ៣៧​ហិកតារ ២០​អា កំពុង​រង​ផល​ប៉ះ​ពាល់ ដោយ​កម្លាំង​នគរ​បាល​ការពារ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៤ រំលោភ​យក។

មេ​ឃុំ​ផ្ទះរុង គឺ​លោក ឈួន ឃន មាន​ប្រសាសន៍​ថា លោក​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នើ​សុំ​អន្តរាគមន៍​របស់​ប្រជា​ពលរដ្ឋ​ផ្ញើ​ទៅ​ជូន​លោក​អភិបាល​ស្រុក​ភ្នំ​ក្រវាញ​រួច​ហើយ ដើម្បី​ឲ្យ​លោក​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ ជូន​ប្រជា​ពលរដ្ឋ។

អភិបាល​ស្រុក​ភ្នំ​ក្រវាញ គឺ​លោក ទូច សំបូរ ទទួល​ស្គាល់​បញ្ហា​ខាង​លើ លោក​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​កំពុង​សិក្សា​បញ្ហា​នេះ។ លោក​បាន​សន្យា​ថា​នឹង​លើក​យក​ទៅ​ពិភាក្សា​ជា​មួយ​ថ្នាក់​ខេត្ត ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ។

លោក ទូច សំបូរ មាន​ប្រសាសន៍​បន្ត​ថា ៖ «អា​ហ្នឹង​យើង​ត្រូវ​ចុះ​ទៅ​សិក្សា​ស្រាវ​ជ្រាវ​អ្នក​ដែល​នៅ​មួយ​ចំនួន​តូច ដែល​ភូមិ​អី​ទទួល​ស្គាល់​ក្នុង​រង្វង់​ដី ៨០០​ប្លាយ​ហិកតារ​របស់​រាជ​រដ្ឋាភិបាល​ហ្នឹង គឺ​យើង​មាន​ដំណោះ​ស្រាយ តើ​ពិភាក្សា​ដោះ​ដូរ​យ៉ាង​ម៉េច អី​យ៉ាង​ម៉េច»

ប្រភព​ពី​អាជ្ញាធរ​ស្រុក បាន​ឲ្យ​ដឹង​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ដី​ទំហំ​ជាង ៩៦៥​ហិកតារ​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ មក​ឲ្យ​ក្រសួង​មហា​ផ្ទៃ ដើម្បី​កសាង​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ឬ​ហៅ​ថា «ម​៤»។ បន្ទាប់​ពី​ចុះ​ធ្វើ​ការ​សិក្សា​ជាក់ស្ដែង ដី​នេះ​ត្រូវ​កាត់​បន្ថយ​មក​នៅ​ត្រឹម​តែ ៨៤៨​ហិកតារ​វិញ ដោយ​ត្រូវ​កាត់​ចេញ​នូវ​ដី​ដែល​រង​ផល​ប៉ះ​ពាល់ ពី​ប្រជា​ពលរដ្ឋ។ តែ​បច្ចុប្បន្ន ផល​ប៉ះ​ពាល់​នៅ​តែ​កើត​មាន​ដដែល ជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ចោទ​ប្រកាន់​ថា កម្លាំង​នគរ​បាល​ការ​ពារ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៤ រំលោភ​យក​ដី​របស់​គាត់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល