អ្នក​ស្រុក​ពោធិ៍សាត់​គាំទ្រ​ការ​បោះ​បង្គោល​កំណត់​ព្រំដែន​ព្រៃ​លិច​ទឹក

ការ​បោះ​បង្គោល​កំណត់​ព្រំដែន​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ។
ដោយ មណ្ឌល កែវ
2010-07-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ពោធិ៍សាត់
ផែនទី​ខេត្ត​ពោធិ៍សាត់
Photo courtesy of cambodia.gov.kh

មន្ត្រី​ទទួល​បន្ទុក​អនុវត្ត​ការ​កំណត់​ព្រំដែន​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​ពោធិ៍សាត់​ថ្លែង​ថា ការ​បោះ​បង្គោល​កំណត់​ព្រំ​ដែន​ព្រៃ​លិច​ទឹក ក្នុង​ខេត្ត​នេះ​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ដោយ​មាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​រស់​នៅ​ក្នុង​តំបន់​ទាំង​នោះ។

អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក យិន ងួន​កូលេ​នីន ដែល​បាន​ចុះ​អនុវត្តន៍​ផ្ទាល់​ការ​បោះ​បង្គោល​កំណត់​ព្រំដែន​ព្រៃ​លិច​ទឹក ក្នុង​ខេត្ត​ពោធិ៍សាត់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​១៥ កក្កដា​ថា ការ​បោះ​បង្គោល​កំណត់​ព្រំ​ដែន​ព្រៃ​លិច​ទឹក ក្នុង​ខេត្ត​នេះ​គឺ​ជា​ការ​អនុវត្ត​តាម​បទ​បញ្ជា​លេខ ១​ប.ប. របស់​រាជ​រដ្ឋាភិបាល ដែល​មាន​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ជា​ប្រធាន​អាជ្ញាធរ​បឹង​ទន្លេសាប ជា​អ្នក​ទទួល​អនុវត្ត​បទ​បញ្ជា​នេះ។

លោក យិន ងួន​កូលេ​នីន មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​សរុប​ទៅ​បង្គោល​ថ្នាក់​ជាតិ​ធំៗ នោះ វា​មាន ១៨​បង្គោល។ ហើយ​បង្គោល​ទាំង ១៨​នេះ យើង​បោះ​នៅ​ក្នុង​ទីតាំង​នៃ​ស្រុក​ចំនួន​៣ គឺ​ស្រុក​ក្រគរ ស្រុក​កណ្ដៀង និង​ស្រុក​បាកាន»

កិច្ច​ប្រតិបត្តិការ​បោះ​បង្គោល​កំណត់​ព្រំដែន​ព្រៃ​លិច​ទឹក ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​៣ កក្កដា និង​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី​១៤ កក្កដា។ បង្គោល​ស៊ីម៉ង់​ដែល​មាន​ទទឹង ២០​សង់ទី​ម៉ែត្រ កម្ពស់ ៣​ម៉ែត្រ និង​មាន​ចារិក​អក្សរ​ថា តំបន់​៣ ចំនួន ១៨​បង្គោល ត្រូវ​បាន​បោះ​ដើម្បី​សម្គាល់​ព្រំ​ដី​ព្រៃ​លិច​ទឹក ក្នុង​ស្រុក​ចំនួន​៣ ក្នុង​ខេត្ត​ពោធិ៍សាត់ គឺ​ស្រុក​ក្រគរ ស្រុក​កណ្ដៀង និង​ស្រុក​បាកាន។

តំណាង​សហគមន៍​នេសាទ​ជុំវិញ​បឹង​ទន្លេសាប គឺ​លោក ឡុង សុចែត សំដែង​ការ​គាំទ្រ​ចំពោះ​ការ​បោះ​បង្គោល​កំណត់​ព្រំដែន​ព្រៃ​លិច​ទឹក​នេះ លោក​មាន​ប្រសាសន៍​ថា ៖ «ការ​បោះ​បង្គោល​នេះ​សម្រាប់​ប្រជា​នេសាទ និង​រូប​ខ្ញុំ​ផ្ទាល់ គឺ​ជា​ការ​ល្អ​ណាស់។ ប្រសិន​ជា​គ្មាន​អា​ហ្នឹង​ទេ ការ​វាទ​យក​ដី និង​កាប់​ព្រៃ​លិច​ទឹក​នេះ ចេះ​តែ​ដេញ​រហូត​ដែល​វា​មាន​ផល​ប៉ះពាល់​ដល់​ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេ​សាប»

តំណាង​ប្រជា​ពលរដ្ឋ​ឃុំ​កំពង់ពោធិ៍ ស្រុក​ក្រគរ លោក រស់ សាវុធ មាន​ប្រសាសន៍​កន្លង​ទៅ​សមត្ថកិច្ច​ជំនាញ​តែង​បាន​ទៅ​ជំរិត​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ ដែល​ធ្លាប់​ធ្វើ​ស្រែ​ប្រដេញ​ទឹក ឬ​ស្រែ​ប្រាំង​តាំង​ពី​ដើម​រៀង​មក ដោយ​យក​លេស​ថា ជា​តំបន់​ដី​ព្រៃ​លិច​ទឹក។ នៅ​ពេល​មាន​បង្គោល​កំណត់​ព្រំដែន​ច្បាស់​លាស់ សមត្ថកិច្ច​ខិល​ខូច​ទាំង​នោះ លែង​មាន​លេស​ទៅ​ជំរិត​ទារ​លុយ​ពី​ប្រជា​ពលរដ្ឋ​ទៀត​ហើយ។

លោក រស់ សាវុធ មាន​ប្រសាសន៍​ដូច្នេះ ៖ «ដល់​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​អ៊ីចឹង ខ្ញុំ​អរគុណ​ណាស់។ ឲ្យ​តែ​ដឹង​ថា​ត្រង់​ណេះ​ដី​រដ្ឋ ត្រង់​ណេះ​ដី​សហគមន៍ ត្រង់​ណេះ​ដី​ប្រជា​ពលរដ្ឋ​នោះ ខ្ញុំ​អ៊ីចឹង​យើង​អត់​មាន​នរណា​ហ៊ាន​ប៉ះពាល់​នរណា​ទេ វា​ល្អ​ណាស់»

មន្ត្រី​សម្របសម្រួល​នៃ​សម្ព័ន្ធ​ដើម្បី​អភិរក្ស​ធនធាន​ជលផល គឺ​លោក ឯក ចំរើន សំដែង​នូវ​ការ​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការ​បោះ​បង្គោល​កំណត់​ព្រំដែន​ព្រៃ​លិច​ទឹក​នេះ ៖ «អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​សុំ​គាំទ្រ​ដល់​ការ​បោះ​បង្គោល​កំណត់​ព្រៃ​លិច​ទឹក​នេះ​ទាំង​ស្រុង»

ប្រភព​ពី​មន្ទីរ​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា តំបន់​ដី​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ទំហំ​ប្រមាណ ៥០.៣៨៥​ហិកតារ។ តំបន់​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ការពារ​បរិស្ថាន នៃ​បឹង​ទន្លេសាប​ដែល​មាន​មុខ​ងារ​កំណត់​ដោយ​លក្ខណៈ​ពិសេស នៃ​ជីវសាស្ត្រ និង​សារៈសំខាន់​នៃ​ជីវសាស្ត្រ។ តំបន់​នេះ​មាន​ប្រជា​ពលរដ្ឋ​រស់ នៅ​ចំនួន ២.៧៨៩​គ្រួសារ គិត​ជា​ចំនួន​មនុស្ស មាន ១៥.៣០២​នាក់។

យ៉ាង​ណា​ក្តី អាជ្ញាធរ​បឹង​ទន្លេសាប​ថ្លែង​ថា ទំហំ​ព្រៃ​លិច​ទឹក​ចំនួន ១៦០​ពាន់​ហិកតារ ក្នុង​ទំហំ​ព្រៃ​លិច​ទឹក សរុប​ចំនួន ៧០០​ពាន់​ហិកតារ នៅ​ក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ត្រូវ​បាប​កាប់​បំផ្លាញ និង​រាន​យក​ធ្វើ​ជា​ដី​កម្មសិទ្ធ ក្នុង​រយៈ​ពេល​កន្លង​មក។ ទន្ទឹម​នេះ​ដែរ ក៏​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន តវ៉ា​នឹង​ការ​បោះ​បង្គោល​នេះ បាន​បោះ​រំលោភ​ដី​ស្រែ​ពួក​គាត់​ផង​ដែរ ឧទាហរណ៍​ដូច​ជា​ថ្មី​នេះ ប្រជា​ជន​នៅ​ខេត្ត​បាត់ដំបង បាន​រារាំង​មិន​ឲ្យ​ក្រុម​មន្ត្រី​​បោះ​បង្គោល​លើ​ដី​គាត់​ជា​ដើម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល