កសិករ​៣៦​គ្រួសារ​តវ៉ា​នឹង​គម្រោង​ធារាសាស្ត្រ​នៅ​ពោធិ៍សាត់

ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​ការ​អនុវត្ត​គម្រោង​ប្រព័ន្ធ​ ធារាសាស្ត្រ​ដ៏​ធំ​មួយ​នៅ​ឃុំ​ឈើ​តុំ ចំនួន ៣៦​គ្រួសារ បាន​គ្រោង​ធ្វើ​ការ​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត។
2010-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ពោធិ៍សាត់
ផែនទី​ខេត្ត​ពោធិ៍សាត់
Photo courtesy of cambodia.gov.kh

ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ចំនួន​៣៦​គ្រួសារ មាន​គម្រោង​ផ្ដិត​មេ​ដៃ​ប្ដឹង​តវ៉ា​មក​សាលា​ខេត្ត​ពោធិ៍សាត់​ជា​ថ្មី​ម្ដង​ទៀត ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះ​ស្រាយ​ផ្ដល់​សំណង​ការ​ខូច​ខាត​ដីធ្លី ទ្រព្យ​សម្បត្តិ ផ្ទះ​សម្បែង​របស់​ពួក​គាត់ ដែល​បណ្ដាល​មក​ពី​ការ​អនុវត្តន៍​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​នៅ​ក្នុង​ឃុំ​នេះ បន្ទាប់​ពី​រង់​ចាំ​ការ​ដោះ​ស្រាយ​ជិត​មួយ​ឆ្នាំ តែ​មិន​មាន​ការ​ឆ្លើយ​តប។

ស្ត្រី​ឈ្មោះ ហេង គីម​ហុង ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ទួល​ត្បែង ឃុំ​ឈើ​តុំ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អា​ស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២២ កក្កដា ថា​ដី​ដែល​គាត់​កាន់​កាប់ មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ ឃុំ។ ហេតុ​នេះ បើ​រដ្ឋ​ធ្វើ​ការ​អភិវឌ្ឍ រដ្ឋ​ត្រូវ​តែ​ផ្ដល់​សំណង​ដល់​គាត់​ៗ រង់ចាំ​ជិត​មួយ​ឆ្នាំ​ហើយ ៖ «សំណើ​ដែល​យើង​បាន​ដាក់​មិន​ទាន់​មាន​ចម្លើយ​ថា​យ៉ាង​ណា​នៅ​ឡើយ»

បុរស​ម្នាក់​ទៀត​ឈ្មោះ អេង សំអាត បន្ថែម ៖ «ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះ​ស្រាយ​ធ្វើ​ម៉េច​ឲ្យ​ពួក​ខ្ញុំ​ទាំង​អស់​គ្នា មាន​ទឹក​ភ្នែក និង​ការ​រស់​នៅ​ដោយ​វេទនា ខ្ញុំ​សំណូមពរ​តែ​ប៉ុណ្ណឹង​ទេ»

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​សុំ​ការ​ពន្យល់​ពី​លោក ខូយ សុខា អភិបាល​ខេត្ត​ពោធិ៍សាត់​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២២ កក្កដា​ដោយ​ទូរស័ព្ទ​លោក​រោទ៍ តែ​គ្មាន​អ្នក​ទទួល។ យ៉ាង​នេះ​ក្ដី ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត លោក កែវ វៃ មាន​ប្រសាសន៍​ថា នេះ​ជា​គម្រោង​របស់​រាជ​រដ្ឋាភិបាល និង​អនុវត្ត​ដោយ​ក្រសួង​ផ្ទាល់ អាជ្ញាធរ​ដែន​ដី​គ្រាន់​តែ​ជា​អ្នក​សម្របសម្រួល​ប៉ុណ្ណោះ ៖ «គម្រោង​ហ្នឹង​វា​ជា​គម្រោង​ជួស​ជុល និង​ថែ​ទាំ​ឡើង​វិញ ដូច្នេះ​ពេល​ប្រជុំ​យើង​បាន​ប្រាប់​ហើយ​ថា​គ្មាន​សំណង​ទេ»

ការ​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​អគ្គ​នាយក​រង​បច្ចេកទេស និង​ជា​ប្រធាន​នាយកដ្ឋាន​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ ស៊ីណាត អ្នក​ទទួល​បន្ទុក​អនុវត្តន៍​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ នៅ​តំបន់​បំណក់ ឃុំ​ឈើ​តុំ មិន​បាន​សម្រេច​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២២ កក្កដា ដោយ​អ្នក​ទទួល​ទូរស័ព្ទ​ឆ្លើយ​ថា ៖ «សូម​ទោស​បង ចាំ​បន្តិច​គាត់​ចូល​ក្នុង​ឡាន​វិញ ឥឡូវ​ហើយ​គាត់​មាន​ការ​ចូល​បន្ទប់​ទឹក»

បន្ទាប់​មក​ទៀត​ការ​ហៅ​ជា​ច្រើន​ដង ត្រូវ​បាន​ម្ចាស់​ទូរស័ព្ទ​ផ្ដាច់​ចោល​មិន​ទទួល​ឡើយ ។

យ៉ាង​នេះ​ក្តី ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា​កន្លង​ទៅ លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ខេត្ត​ពោធិ៍សាត់ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា ប្រជាជន​ទាំង​អស់ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ខេត្ត​នេះ សុទ្ធ​តែ​ទទួល​បាន​សំណង​ពី​រាជ​រដ្ឋាភិបាល ៖ «ការ​ប៉ះពាល់​នេះ រដ្ឋាភិបាល​មាន​គោល​ការណ៍​សង​ប្រជាជន​ទាំង​អស់​សម​ស្រប​និង​ស្មើ​ភាព​គ្នា បើ​ប៉ះ​ពាល់​ហើយ​មិន​ផ្ដល់​សំណង​ឲ្យ​គាត់ តើ​ឲ្យ​គាត់​ទៅ​នៅ​ឯណា? គ្មាន​ប្រជាជន​ណា​ម្នាក់​ដែល​ប៉ះ​ពាល់​ហើយ​គ្មាន​សំណង​នោះ​ទេ»

គម្រោង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ឃុំ​ឈើតុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​រង​ផល​ប៉ះពាល់​ដល់​ដី​ធ្លី និង​ផល​ដំណាំ​ប្រជា​ពលរដ្ឋ ៣៦​គ្រួសារ ដែល​ខ្លះ​ត្រូវ​បាត់​បង់​ទាំង​ផ្ទះ​សំបែង។ គម្រោង​ជីក​ប្រឡាយ​ទឹក​ដែល​បាន​បើក​ការដ្ឋាន​កាល​ពី​ព្រឹក​ថ្ងៃ​សៅ ទី​១២ ធ្នូ ឆ្នាំ​២០០៩ កន្លង​ទៅ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​អះអាង​ថា អាច​នឹង​ផ្គត់ផ្គង់​ទឹក​សម្រាប់​បម្រើ​ការងារ​កសិកម្ម​ដល់​ប្រជា​ពលរដ្ឋ ៦​ឃុំ ដែល​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ច្រើន​ពាន់​ហិកតារ​នៅ​ក្នុង​ស្រុក​ក្រគរ។ ប្រភព​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ អនុវត្ត​ដោយ​ក្រសួង​ធនធាន​ទឹក ដោយ​ប្រើ​ថវិកា​ផ្ទាល់​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការ​ផ្ដល់​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល