ពលរដ្ឋ​នៅ​ពោធិ៍សាត់​តវ៉ា​សុំ​ឲ្យ​ដោះលែង​ជន​ជាប់​សង្ស័យ​២​នាក់

មេ​ភូមិ​រួម​និង​ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់​មក​ពី​ឃុំ​ចំនួន​៣ គឺ​ឃុំ​ខ្នារទទឹង ឃុំ​បឹងបត់កណ្តាល​និង​ឃុំ​មេទឹក នៃ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មករា បាន​នាំ​គ្នា​មក​តវ៉ា​នៅ​សាលា​ដំបូង​ខេត្ត សុំ​ឲ្យ​តុលាការ​ដោះលែង​ជន​ជាប់​សង្ស័យ​ថា ជា​ចោរ​ប្លន់​២​នាក់។
ដោយ មណ្ឌលកែវ
2010-01-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៩-មករា-១០: ពលរដ្ឋ​មក​ពី​ឃុំ​ចំនួន​៣​ក្នុង​ស្រុក​បាកាន ​ជួប​ជុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ សុំ​ឲ្យ​ដោះលែង​ជន​ជាប់​សង្ស័យ​ថា​ជា​ចោរ​ប្លន់​២​នាក់។
១៩-មករា-១០: ពលរដ្ឋ​មក​ពី​ឃុំ​ចំនួន​៣​ក្នុង​ស្រុក​បាកាន ​ជួប​ជុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ សុំ​ឲ្យ​ដោះលែង​ជន​ជាប់​សង្ស័យ​ថា​ជា​ចោរ​ប្លន់​២​នាក់។
RFA/Mondulkeo

មេ​ភូមិ​សំរោងព្រៃខៀវ គឺ​លោក សួន យឺន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​មុខ​សាលា​ដំបូង ទី​ដែល​លោក​បាន​មក​ចូល​រួម​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទាមទារ​សុំ​ដោះលែង​ជន​ជាប់​សង្ស័យ​ឈ្មោះ ហៃ អុល និង ហៃ អាន នោះ​ថា ប៉ូលិស​បាន​ចាប់​ច្រឡំ​មនុស្ស។ លោក​បន្ត​ថា ថ្ងៃ​ដែល​កើត​មាន​អំពើ​ប្លន់​នៅ​ឃុំ​ខ្នារទទឹង មនុស្ស​ទាំង​២​នាក់​នេះ​កំពុង​ជួយ​ប្រមូល​ផល​ស្រូវ​នៅ​ឯ​ភូមិ​សំរោងព្រៃខៀវ ឃុំ​មេទឹក។

លោក សួន យឺន បាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​សូម​ធានា​មនុស្ស​ឈ្មោះ ហៃ អុល។ ខ្ញុំ​អះអាង​ថា មនុស្ស​ហ្នឹង​ត្រឹមត្រូវ អត់​បាន​ប្រព្រឹត្ត​អ្វី​ទេ»

ប្រភព​ពី​អ្នក​មក​តវ៉ា​និយាយ​ថា ថ្ងៃ​ដែល​កើត​មាន​អំពើ​ប្លន់​នៅ​ឃុំ​ខ្នារទទឹង ឈ្មោះ ហៃ អុល និង​ឈ្មោះ ហៃ អាន ទាំង​២​នាក់​បង​ប្អូន​នេះ​កំពុង​ជួយ​ប្រមូល​ផល​ស្រូវ​ឲ្យ​កូន​និង​ក្មួយ​គាត់​នៅ​ឯ​ឃុំ​មេទឹក។

តំណាង​ប្រជាពលរដ្ឋ​និង​ជា​សមាជិក​ភូមិ​សំរោងព្រៃខៀវ អ្នកស្រី សួន សន អះអាង​បន្ថែម​ថា ៖ «ដែល​ចង់​តវ៉ា គឺ​មនុស្ស​ហ្នឹង​ល្អ​ទេ តែ​គេ​ចោទ​ខុស នាំ​គ្នា​អាណិត។ មាន​រវល់​ការ​បុណ្យ​អី​គាត់​ធ្វើ​ចុងភៅ​រហូត រវល់​អត់​ដែល​ខាន​ទេ។ គាត់​នៅ​ឃុំ​ខ្នារទទឹង ខ្ញុំ​នៅ​ឃុំ​មេទឹក ប៉ុន្តែ​គាត់​មាន​កូន​ប្រសា​ទៅ​នៅ​ឃុំ​ហ្នឹង​ដែរ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី អធិការ​នគរបាល​ស្រុក​បាកាន គឺ​លោក ប៉ែន ទុង មាន​ប្រសាសន៍​ថា ការ​តវ៉ា​គឺ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ រី​ឯ​ការ​ចាប់​ជន​សង្ស័យ​ទាំង​២​នាក់​នេះ គឺ​លោក​អនុវត្ត​តាម​ការស្រាវ​ជ្រាវ​ដោយ​មាន​ភស្តុតាង​បឋម​ក្នុង​ការ​ចោទ​ប្រកាន់។

លោក ប៉ែន ទុង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «សំខាន់​កន្លែង​កើត​ហេតុ​មាន​សំបក​គ្រាប់ មាន​ស្នាម​ឈាម​ប្រឡាក់​មាន​អី​អ៊ីចឹង ដល់អ៊ីចឹង​ទៅ​យើង​ប៉ូលិស យើង​មិន​អាច​ស៊ើប​អង្កេត​បាន​យូរ​ទេ បាន​តែ​២៤​ម៉ោង អ៊ីចឹង​ទេ​យើង​ដាក់​ទៅ​តុលាការ​ដើម្បី​ឲ្យ​គាត់​ពិចារណា​បន្ថែម​ទៀត ដោយ​ឡែក​ការ​ពាក់ព័ន្ធ​ផ្សេងៗ​យើង​ធ្វើ​បន្ត​ទៀត»

ចំណែក​គ្រួសារ​ជន​រង​គ្រោះ​ក្នុង​អំពើ​ប្លន់ គឺ​អ្នកស្រី ពិន ចាន់ណា ក៏​បាន​អះអាង​ដែរ​ថា ៖ «ខ្ញុំ​ស្គាល់ ហុច​បាយ​ម្ហូប​អាហារ​អី​ព្រឹក​ល្ងាច មាន​អី​ហូប​ហុច​ទៅ​វិញ​ទៅ​មក។ អះអាង​ថា មិន​មែន​គាត់​ប្លន់​ទេ»

អំពើ​ប្លន់​បាន​កើត​មាន​ជា​ច្រើន​លើក​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​នៅ​ឯ​ស្រុក​បាកាន។

ឈ្មោះ ហៃ អុល និង ហៃ អាន ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ដោយ​ជាប់​សង្ស័យ​ថា មាន​ការ​ពាក់ព័ន្ធ​ក្នុង​អំពើ​ប្លន់​មួយ​នៅ​ឯ​ភូមិ​កោះវត្ត ឃុំ​ខ្នារទទឹង កាល​ពី​ថ្ងៃ​ទី​៩ មករា ទៅ​លើ​ផ្ទះ​អ្នកស្រី ពិន ចាន់ណា ដោយ​យក​អស់​មាស​បី​ជី​កន្លះ​និង​ប្រាក់​២​ម៉ឺន​រៀល។ គេ​ពុំ​ទាន់​ដឹង​ថា តើ​មនុស្ស​ទាំង​២​នាក់​ត្រូវ​បាន​ចាប់​ដោយ​ភាន់ច្រឡំ​ដូច​ការ​អះអាង​របស់​អ្នក​ភូមិ​ឬ​យ៉ាង​ណា​នោះ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល