ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ចោទ​មន្ត្រី​ព្រៃ​ឈើ​អាង​អំណាច​រំលោភ​យក​ដី​

ទំនាស់​ដី​ធ្លី​មួយ​នៅ​ភូមិ​តាកែវក្រោម ឃុំ​បឹងកន្ទួត បាន​កើត​ឡើង​រវាង​ប្រជា​ពលរដ្ឋ និង​មន្ត្រី​ផ្នែក​ជំនាញ​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​ប្រធាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រុង​ពោធិ៍សាត់ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ។
ដោយ មណ្ឌលកែវ
2010-01-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជា​ពលរដ្ឋ ១៨​គ្រួសារ​នៅ​ភូមិ​តាកែវក្រោម ឃុំ​បឹងកន្ទួត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ធ្វើ​ការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​ដោយ​ចោទ​ប្រកាន់​ថា សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រុង​ពោធិ៍សាត់ បាន​រំលោភ​យក​ដី​ព្រៃ​ដែល​ពួក​គាត់​បាន​កាន់​កាប់​ជា​យូរ​មក​ហើយ។

តំណាង​ប្រជា​ពលរដ្ឋ​ទាំង ១៨​គ្រួសារ គឺ​អ្នក​ស្រី ព្រហ្ម យេន មាន​ប្រសាសន៍​ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥ មករា​ថា ដី​ព្រៃ​និង​ដី​ស្រែ​ប្រមាណ ៥០​ហិកតា​ដែល​ពួក​គាត់​បាន​ថែ​រក្សា​និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៨១​មក​នោះ​ ត្រូវ​បាន​លោក ជា ប៊ុនលី ប្រធាន​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ក្រុង​ពោធិ៍សាត់​មក​រំលោភ​យក​ទាំង​កម្រោល​។

អ្នក​ស្រី ព្រហ្ម យេន​ បាន​អះ​អាង​ថា ៖ «បង្គោល​និង​ផ្លាក​ហ្នឹង​គេ​ដឹក​ពី​យប់​ទេ ហើយ​ខ្ញុំ​បាន​ឃើញ​ក៏​ទៅ​ហាម​ឃាត់​គាត់​ថា កុំ​អាល​ព្រោះ​ដី​នេះ​ជា​ដី​ប្រជា​លរដ្ឋ​ បើ​ចង់​យក​ដី​ប្រជា​ពលរដ្ឋ​យើង​ខ្ញុំ​ទៅ​ចែក​ឲ្យ​ទួលចារ​ធ្វើ​ព្រៃ​សហគមន៍ សុំ​ឲ្យ​ផ្អាក​មួយ​រយៈ​សិន​ដើម្បី​ដំណោះ​ស្រាយ ហើយ​នាង​ខ្ញុំ​សុំ​សួរ​ថា តើ​ក្រសួង​មាន​សម្ថតកិច្ច​ខាង​ណា​មាន​លិខិត ឬ​ក្រដាស​ស្នាម​ចេញ​បញ្ជា​ឲ្យ​យក​ដី​ប្រជា​ពលរដ្ឋ​»

ប្រជា​ពលរដ្ឋ​ឈ្មោះ ជិន ម៉ៅ បាន​ឲ្យ​ដឹង​ដែរ​ថា ៖ «លក្ខណៈ​ហ្នឹង​លួច​យក​ដី​របស់​ប្រជាជន​តែ​ម្តង​អត់​មាន​អី​ទេ​ថា មុន​ចុះ​មក​ហ្នឹង​អត់​មាន​បាន​ប្រាប់​ប្រជាជន​ថា អ្ហ!ឥឡូវ​នេះ​ត្រូវ​ប្រជុំ​និយាយ​ឲ្យ​ដាច់​ស្រេច​គ្នា​ដំណោះ​ស្រាយ​ថា ឲ្យ​ឬ​មិន​ឲ្យ​អី​អត់​ទេ។ មក​តាម​តែ​ចិត្ត​នឹក​ឃើញ​ពេល​មក​ប៉ះ​ប្រជាជន ហើយ​ប្រជាជន​ស្តី​ឲ្យ​ទៅ​ក៏​ត្រឡប់​ទៅ​វិញ​ទៅ​»

ក្រុម​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០០៩ លោក ជា ប៊ុនលី ប្រធាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រុង​ពោធិ៍សាត់ បាន​យក​ផ្ទាំង​ប៉ាណូ​ដែល​មាន​រូបភាព​និង​សេចក្តី​ប្រកាស​មក​បោះ​លើ​ទីតាំង​ដី​ដែល​ប្រជា​ពលរដ្ឋ ១៨​គ្រួសារ​នៅ​ភូមិ​តាកែវក្រោម ឃុំ​បឹងកន្ទួត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ធ្លាប់​បាន​កាន់​កាប់។ ពេល​នោះ​ប្រជា​ពលរដ្ឋ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ។

ប្រធាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រុង​ពោធិ៍សាត់ លោក ជា ប៊ុនលី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ប្រជា​ពលរដ្ឋ​ ដោយ​លោក​មាន​ប្រសាសន៍​ថា គឺ​ជា​ការ​សម្រេច​របស់​ថ្នាក់​លើ​ប្រគល់​តំបន់​នេះ​ឲ្យ​ទៅ​សហ​គមន៍​ព្រៃ​ឈើ​ភូមិ​ទួលចារ ឃុំ​អន្លង់វិល ស្រុក​កណ្តៀង​​កាន់​កាប់ ​ពុំ​មែ​នរូប​លោក​ទៅ​រំលោភ​យក​នោះទេ។

លោក ជា ប៊ុនលី បន្ថែម​ទៀត​ថា ៖ «ខ្ញុំ​អត់​មាន​បាន​យក​ទៅ​ទេ។ ប្រជា​ពលរដ្ឋ​ជាង ៥០០​គ្រួសារ​យក​ផ្លាក​ទៅ​ដាក់ គឺ​គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​»

មេឃុំ​បឹង​កន្ទួត ​លោក ម៉ែន ភួន មាន​ប្រសាសន៍​ថា សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រុង​ពោធិ៍សាត់​ បាន​រំលោភ​លើ​ព្រំប្រទល់​រដ្ឋបាល​ឃុំ-សង្កាត់ ដែល​បែង​ចែក​ដោយ​ក្រសួង​មហាផ្ទៃ។

ចំពោះ​ដី​ដែល​ប្រជា​ពលរដ្ឋ​ទាំង​១៨​គ្រួសារ​ក្នុង​​ភូមិ​តាកែវក្រោម កំពុង​កាន់​កាប់​នេះ​គឺ​ជា​ដី​ក្នុង​ដែន​រដ្ឋបាល​ឃុំ​បឹងកន្ទួត ស្រុក​ក្រគរ តែ​ខាង​រដ្ឋបាល​ព្រៃឈើ​បែរ​ជា​ប្រគល់​ឲ្យ​ប្រជាពល​រដ្ឋ​ភូមិ​ទួលចារ ឃុំ​អន្លង់វិល ស្រុក​កណ្តៀង​ កាន់​កាប់​ទៅ​វិញ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​វីជីឡែន (Vigilance) ប្រចាំ​ខេត្ត​ពោធិ៍សាត់ គឺ​លោក ប៊ិន សារឿន មាន​ប្រសាសន៍​ថា ការ​បង្កើត​ដី​ព្រៃ​សហគមន៍​ជា​ប្រការ​ល្អ ប៉ុន្តែ​គេ​គួរ​តែ​ប្រគល់​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្នុង​ភូមិ-ឃុំ នោះ​ស្រាប់​ជា​អ្នក​គ្រប់​គ្រង​ទើប​ប្រសើរ និង​អាច​ចៀស​ផុត​ពី​ទំនាស់​ផង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល