ប៉ូលិស​មួយ​ក្រុម​នៅ​ខេត្ត​ព្រះវិហារ​រង​ការ​ចោទ​ថា​ប្រើ​អំពើ​ហិង្សា​លើ​កុមារ

ប្រជាពលរដ្ឋ​១​គ្រួសារ​នៅ​ស្រុក​សង្គមថ្មី ខេត្ត​ព្រះវិហារ បាន​ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​១​ក្រុម​នៅ​ឃុំ​ចំរើន​​ថា បាន​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​លើ​រាងកាយ​កុមារ​ដ៏​ធ្ងន់ធ្ងរ ដែល​ជា​អំពើ​ខុស​ច្បាប់ និង​ជំរិត​ទារ​លុយ​ពី​គ្រួសារ​របស់​គេ​ទៀត​ផង។
ដោយ ហង្ស សាវយុត
2010-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

បុរស​ឈ្មោះ ញ៉ែម ឌី រស់​នៅ​ភូមិ​ដា ឃុំ​ចំរើន បាន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​កញ្ញា​ថា កូន​ប្រុស​របស់​គាត់​ឈ្មោះ ឌី រដ្ឋា អាយុ ១៥​ឆ្នាំ បាន​ទៅ​រាំ​លេង​កម្សាន្ត​សម្រាប់​បុណ្យ​ភ្ជុំ​បិណ្ឌ ហើយ​បាន​ឈ្លោះ​វាយ​គ្នា​ជាមួយ​ក្មេងៗ​ដទៃ កាល​ពី​រាត្រី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា កន្លង​មក ប៉ុន្តែ​នៅ​ពេល​ដែល​ប៉ូលិស​ប៉ុស្តិ៍​មក​ដល់ ក៏​ចាប់​កូន​ប្រុស​របស់​គាត់​យក​ទៅ​វាយ និង​មួយ​ថ្ងៃ​ក្រោយ​មក​ក្រុម​ប៉ូលិស​ប៉ុស្តិ៍​ដដែល​​បាន​បង្ខំ​ឲ្យ​គាត់​បង់​លុយ​ទៀត​ផង។

លោក ញ៉ែម ឌី បាន​រៀបរាប់​ថា ៖ «គេ​ក៏​បាន​ឃើញ ហើយ​ខ្ញុំ​ក៏​ស្គាល់​ច្បាស់​ទៀត។ ប៉ូលិស​មេ​ប៉ុស្តិ៍​ឈ្មោះ ឃន ទី ២​អនុ​ប្រធាន​ប៉ុស្តិ៍​ឈ្មោះ គ្រេន ទី​៣ ឈ្មោះ មូ មួក ទី​៤ ឈ្មោះ ម៉ៅ។ ប៉ូលិស​គាត់​ទៅ​ចាប់​សំពង​វាយ​ដួល​មួយ​សា​អ៊ីចឹង​ហើយ​សន្លប់ ហើយ​ដល់​ពេល​សន្លប់​អ៊ីចឹង​ហើយ​ងើប​ឡើង​​ទៀត​វាយ​ថែម​ទៀត។ គាត់​ដាក់​លើ​ម៉ូតូ​ទៅ​ដល់​កន្លែង​ប៉ុស្តិ៍ គាត់​ទាត់​ទម្លាក់​ពី​លើ​ម៉ូតូ​ទៀត ហើយ​មក​ដល់​គាត់​ដាក់​លើ​តុ ឲ្យ​ឡើង​លើ​តុ​ទៀត ហើយ​មាន​ម្នាក់​នោះ​ភ្ជង់​កាំភ្លើង ហើយ​ស្អែក​ឡើង​ហៅ​ខ្ញុំ​ទៅ​ជំរិត​យក​លុយ យក​១​លាន​កន្លះ»

ប៉ុន្តែ​​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​​​ឃុំ​ចំរើន​នោះ បាន​ព្យាយាម​បដិសេធ​ចោល​ការ​ចោទ​ប្រកាន់​នោះ។

លោក សុង ឃន មេ​ប៉ុស្តិ៍​នគរបាល​ប្រចាំ​ឃុំ​ចំរើន ជា​ប៉ូលិស​ម្នាក់​ក្នុង​ចំណោម ៣​នាក់​ផ្សេង​ទៀត ដែល​កំពុង​ទទួល​រង​ការ​ចោទ​ប្រកាន់​នោះ បាន​ព្យាយាម​មិន​ធ្វើការ​អធិប្បាយ​បញ្ហា​នោះ​ទេ ដោយ​ប្រញាប់​បិទ​ទូរស័ព្ទ​មិន​ឆ្លើយ​តប​នឹង​បទសម្ភាសន៍​ឡើយ។

ចំណែក​លោក អ៊ុយ ស៊ីថា អធិការ​ប៉ូលិស​ស្រុក​សង្គមថ្មី បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​នោះ​នៅ​ឡើយ​ទេ ពីព្រោះ​លោក​កំពុង​នៅ​ទី​រួម​ខេត្ត​ព្រះវិហារ ប៉ុន្តែ​លោក​សន្យា​ថា នឹង​ស្រាវជ្រាវ​រឿង​នោះ។

លោក អ៊ុយ ស៊ីថា បាន​មាន​ប្រសាសន៍​ថា ប្រសិន​លោក​រក​ឃើញ​ថា ប៉ូលិស​របស់​លោក​ពិត​ជា​បាន​ប្រព្រឹត្ត​ការ​វាយ​ដំ​លើ​រាង​កាយ​ក្មេង​មែន​នោះ គឺ​ជា​អំពើ​ខុស​ច្បាប់​ដែល​ក្រុម​ប៉ូលិស​ទាំង​នោះ​នឹង​ត្រូវ​ទទួល​វិន័យ​របស់​នគរបាល។

ទោះ​យ៉ាង​ណា ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ឃុំ​ចំរើន បាន​អះអាង​ថា គេ​បាន​ដឹង​ពី​រឿង​ ប៉ូលិស​ប៉ុស្តិ៍​ជា​ច្រើន​នាក់ ដែល​ចាប់​ខ្លួន​ក្មេង​ប្រុស​យក​ទៅ​វាយ​ដំ​លើ​រាង​កាយ​ដ៏​ធ្ងន់ធ្ងរ​នោះ។

លោក ​ប្រាក់ សារ៉ាន់ អ្នក​សម្របសម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​ស្ដី​ពី​ការ​វាយ​ដំ​លើ​រាង​កាយ​ក្មេង​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​ប៉ូលិស​ពិត​ជា​បាន​ចាប់​ក្មេង​ទៅ​វាយ​ដំ​រាងកាយ​​ដូច​ការ​ចោទ​ប្រកាន់​ពិត​មែន គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល