ជំនន់​ទឹក​ភ្លៀង​បំផ្លាញ​សំណាប​និង​សន្ទូង​នៅ​ខែត្រ​ពោធិ៍សាត់

នៅ​ខេត្ត​ពោធិ៍សាត់ ទន្ទឹម​ពេល​ដែល​ឃុំ​មួយ​ចំនួន​នៅ​ស្រុក​ក្រគរ​កំពុង​ជួប​គ្រោះ​រាំងស្ងួត នៅ​ឯ​ឃុំ​រំលេច ស្រុក​បាកាន បែរ​ជា​មាន​គ្រោះ​ទឹក​ជំនន់​ដោយសារ​ទឹក​ភ្លៀង​ទៅ​វិញ។
ដោយ មណ្ឌល កែវ
2010-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សំណាប និង​សន្ទូង​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ចំនួន ៣ ក្នុង​ឃុំ​រំលេច រង​ការ​ខូច​ខាត​ទាំង​ស្រុង បណ្ដាល​មក​ពី​ជំនន់​ទឹក​ភ្លៀង ដែល​បាន​ហូរ​ធ្លាក់​យ៉ាង​គំហុក​ពី​តំបន់​ភាគ​ខាង​លើ​នៃ​តំបន់​ភ្នំ។

មេ​ឃុំ​រំលេច គឺ​លោក អ៊ុក មួន បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ថា ភ្លៀង​ជា​ច្រើន​មេ​បាន​ធ្លាក់​មក​ជាប់​ៗ​គ្នា កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​បាន​បង្កើត​ជា​ទឹក​ជំនន់​បណ្ដាល​ឲ្យ​សំណាប និង​សន្ទូង​របស់​ប្រជា​ពលរដ្ឋ​ប្រមាណ ៣០០​ហិកតារ​ខូច​ខាត​ទាំង​ស្រុង។

លោក​មេ​ឃុំ​បាន​បន្ទោស​ចំពោះ​កំហុស​បច្ចេកទេស ក្នុង​ការ​សាងសង់​សំណង់​ធារាសាស្ត្រ​នេះ ថា ខ្វះ​ការ​សិក្សា​ពី​ផល​វិបាក​របស់​វា ៖ «...កាល​ណា​ភ្លៀង​ធ្លាក់​ខ្លាំង​ពី​លើ​ភ្នំ​មក វា​មក​បុក​នឹង​ទំនប់​បង្ហៀរ។ដល់​តែ​ទំនប់​បង្ហៀរ​ហូរ​មិន​ទាន់ គឺ​ត្រូវតែ​ហៀរ​លិច​តំបន់​ខ្លះ​ក្នុង​ឃុំ។ តាម​ខ្ញុំ​ជំនាញ​ត្រូវ​សិក្សា​ឡើង​វិញ​ឲ្យ​ល្អិតល្អន់ បើ​មិន​អ៊ីចឹង​ទេ លើក​ក្រោយ​បញ្ហា​ដដែល​កើត​ឡើង​ទៀត...»

ប្រភព​ពី​អាជ្ញាធរ​ឃុំ​បាន​ឲ្យ​ដឹង​ថា ដី​ស្រែ​ក្នុង​ភូមិ​ចំនួន ៣ គឺ​ភូមិ​កូនត្នោត ភូមិ​ព្នៅ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ប្រាសាទ​សរុប​ប្រមាណ ៦០០​ហិកតារ​ត្រូវ​បាន​លិច​លង់។ ក្នុង​នោះ​ដី​ស្រែ​ដែល​បាន​សាប និង​ស្ទូង​ហើយ ប្រមាណ ៣០០​ហិកតារ​ត្រូវ​ខូច​ខាត​ទាំង​ស្រុង។

មេ​ភូមិ​កូនត្នោត គឺ​លោក កែវ ម៉ើ មាន​ប្រសាសន៍​ថា ភូមិ​កូនត្នោត​រងគ្រោះ​ធ្ងន់​ជាង​គេ។ លោក​ថា ដី​ស្រែ​ក្នុង​ភូមិ​ប្រមាណ ៤០០​ហិកតារ​ត្រូវ​លិច​ទឹក។ សំណាប និង​សន្ទូង​ប្រមាណ ២៣០​ហិកតារ​របស់​អ្នក​ភូមិ​បាន​ខូច​ខាត​ទាំង​ស្រុង។

លោក កែវ ម៉ើ បាន​បញ្ជាក់​ថា ៖ «...ខាង​សំណង់​គេ​សិក្សា​អត់​ត្រូវ ដូច្នេះ​ធ្វើ​ឲ្យ​ទឹក​ហូរ​មិន​ទាន់ ត្រូវ​លិច​អស់​ក្នុង​ស្រែ​ក្នុង​ភូមិ​ខ្ញុំ...»

ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​ពោធិ៍សាត់ គឺ​លោក កែវ វៃ ពន្យល់​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ថា​ជា​គ្រោះ​ធម្មជាតិ។ ភ្លៀង​ឆ្នាំ​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ ពោល​គឺ​ភ្លៀង​បាន​ធ្លាក់​សន្ធាប់​មក​ពី​តំបន់​ខាង​លើ ធ្វើ​ឲ្យ​ចំណុះ​ទឹក​សល់​ច្រើន គួប​ផ្សំ​នឹង​ការ​សាងសង់​ប្រព័ន្ធ​បង្ហូរ​មិន​ទាន់​រួច​រាល់ ទើប​បណ្ដាល​ឲ្យ​លិច​យ៉ាង​ដូច្នេះ។ លោក​ប្រធាន​មន្ទីរ​អះអាង​ថា ក្រោយ​ពី​ការ​សាងសង់​ប្រព័ន្ធ​បង្ហូរ​រួចរាល់​បញ្ហា​នេះ​លែង​កើត​មាន​ទៀត​ហើយ។

លោក កែវ វៃ បាន​អះអាង​ថា ៖ «...ទឹក​ភ្លៀង​ហូរ​ពី​ប្រឡាយ​ដំណាក់​អំពិល ដោយសារ​ភ្លៀង​ខ្លាំង​ជាប់​ៗ​គ្នា។ ម្យ៉ាង​ដោយសារ​យើង​កំពុង​ធ្វើ​ទំនប់។ដូច្នេះ​យើង​បាន​បិទ​ទ្វារ​បង្ហូរ​ដែល​មាន​ស្រាប់​ខ្លះ​នោះ ទើប​មាន​ការ​ជន់​លិច។ ឆ្នាំ​ក្រោយ​ពេល​យើង​ធ្វើ​រួចរាល់​លែង​លិច​ហើយ...»

ឃុំ​រំលេច​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ចំនួន ១.៧២៥​គ្រួសារ គិត​ជា​ចំនួន​មនុស្ស​មាន ៩.៥១៥​នាក់។ឃុំ​នេះ​មាន​ផ្ទៃ​ដី​ស្រែ​វស្សា​ចំនួន ៤.៦៥០​ហិកតារ និង​ចែក​ជា ១៣​ភូមិ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល