រឿង​ទំនាស់​ដី​រវាង​អ្នកភូមិ​នៅ​រតនគិរី​និង​​ប្អូន​ស្រី​គាត​ឈន់​នៅ​ជាប់​គាំង

ក្រុម​មេធាវី​ការពារ​ក្ដី​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច នៅ​ភូមិ​គងយុ និង​ភូមិ​គង​ធំ ខេត្ត​រតនគិរី បាន​ធ្វើ​លិខិត​ដាស់​តឿន​ទី​២​ហើយ ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​ធ្វើ​ការ​ដោះ​ស្រាយ​រឿង​ក្ដី​ដីធ្លី ដែល​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ រវាង​អ្នក​ភូមិ​​និង​លោក​ស្រី គាត កុលណី។
ដោយ រដ្ឋា វីសាល
2010-05-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​ថត​ស្ត្រី​ជា​ម្តាយ​និង​កូន ដែល​ថត​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត​រតនគិរី កាល​ពី​ឆ្នាំ​២០០៧។
រូប​ថត​ស្ត្រី​ជា​ម្តាយ​និង​កូន ដែល​ថត​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត​រតនគិរី កាល​ពី​ឆ្នាំ​២០០៧។
Photo: BunTharum @ www.tharum.info

មេធាវី​ការ​ពារ​ក្ដី​មួយ​ក្រុម មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ចំនួន​២ បាន​ស្វះ​ស្វែង​ជា​ថ្មី​ទៀត ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​រតនគិរី ធ្វើ​ការ​ដោះ​ស្រាយ​រឿង​ក្ដី​ដីធ្លី​មួយ ដែល​ជាប់​គាំង​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ រវាង​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​ចារាយ ជា​មួយ​លោក​ស្រី គាត កុលណី ដែល​ជា​ភរិយា​លោក ឆាន់ សាផាន់ ​រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែន​ដី ​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្អូន​ស្រី​លោក គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

មេធាវី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យិន សាវ៉ាត មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១០ ថា លិខិត​ដាស់​តឿន​លើក​ទី​២ ត្រូវ​បាន​ដាក់​ជូន​ប្រធាន​តុលាការ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១០ ដើម្បី​តុលាការ​ខេត្ត​ចាត់តាំង​ចៅក្រម​ថ្មី​ជំនួស​ចៅក្រម​ស៊ើប​សួរ​ចាស់ ដែល​ត្រូវ​បាន​ប្ដឹង​ដិត​ចិត្ត​រួច​ហើយ ប្រយោជន៍​ឲ្យ​ចៅក្រម​ថ្មី​ធ្វើ​ការ​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​អ្នក​ភូមិ​បន្ត ដោយសារ​តែ​រឿង​ក្ដី​អូស​បន្លាយ​កាន់​តែ​យូរ​ឆ្នាំ។

លោក យិន សាវ៉ាត មាន​ប្រសាសន៍​បន្ត​ថា ៖ «ខាង​អ្នក​ភូមិ​ប្ដឹង​មក​រហូត​ដល់​ឥឡូវ ៣​ឆ្នាំ​ជាង​ហើយ ខ្ញុំ​បាន​ជម្រាប​សួរ​គាត់​ដែរ​ថា ហេតុ​អី​បាន​ជា​រឿង​ហ្នឹង​យូរ​ម្ល៉េះ ក្រ​ចាត់​ចៅក្រម​អ៊ីចឹង គាត់​បាន​មាន​ប្រសាសន៍​ថា ឥឡូវ​គេ​រវល់​ដោះ​ស្រាយ​រឿង​ព្រៃ​ឈើ»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០០៩ មេធាវី​ចំនួន ៥​នាក់ មក​ពី​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​តំណាង​ឲ្យ​គ្រួសារ​នៃ​សហគមន៍​ជន​ជាតិ​ដើម​ភូមិ​គងយុ និង​ភូមិ​គង​ធំ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ជា​ច្រើន​គ្រួសារ​បាន​ដាក់​ពាក្យ​ប្ដឹង​ដិត​ចិត្ត​ទៅ​ប្រធាន​តុលាការ​ខេត្ត ដើម្បី​ដក​ចៅក្រម ថោ សារ៉ន ពី​ដំណើរ​ការ​ស៊ើប​សូរ​រឿង​ក្ដី ដែល​អ្នក​ភូមិ​សំអាង​ហេតុ​ផល​ថា ចៅក្រម​រូប​នេះ​គ្មាន​ឆន្ទៈ​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​អ្នក​ភូមិ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ប្រធាន​តុលាការ​ខេត្ត​រតនគិរី លោក លូ ស៊ូសម្បត្តិ ដើម្បី​អត្ថាធិប្បាយ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១០។ យ៉ាង​នេះ​ក្ដី លោក កែវ វិសុទ្ធ ក្រឡា​បញ្ជី មាន​ប្រសាសន៍​ថា លិខិត​ដាស់​តឿន​លើក​ទី​២ បាន​ដាក់​ដល់​ការិយាល័យ​ក្រឡា​បញ្ជី​រួច​ហើយ ចំណែក​ចំណាត់​ការ​បែប​ណា លោក​មិន​បាន​ដឹង​ឡើយ។

លោក កែវ វិសុទ្ធ មាន​ប្រសាសន៍​បន្ត​ថា ៖ «ឮ​ពី​មុន​មក​បង គេ​និយាយ​ថា ប្រហែល​ជា​ចាត់​តាំង​ក្រុម​ប្រឹក្សា​ហើយ មើល​ទៅ​រឿង​វា​ស្មុគស្មាញ​អ៊ីចឹង»

តំណាង​អ្នក​ភូមិ​គងយុ លោក រចំ ហ្វីល មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ចង់​បាន​ការ​ដោះ​ស្រាយ​បញ្ជាប់​រឿង​ក្ដី​មួយ​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គាត់​ជា​ជន​ជាតិ​ដើម​ភាគ​តិច ៖ «ឲ្យ​គេ​ដោះ​ស្រាយ​សិន បើ​ឈ្នះ​ក្រុមហ៊ុន​យើង​ដឹង បើ​ឈ្នះ​ប្រជា​ពលរដ្ឋ​យើង​ដឹង»

អ្នក​ភូមិ​គងយុ​ជាង ១០០​គ្រួសារ កាល​ពី​ឆ្នាំ​២០០៧ បាន​ប្ដឹង​អ្នក​ស្រី គាត កុលណី ពី​បទ​បាន​បោក​ប្រាស់​យក​ដី​សហគមន៍​ជន​ជាតិ​ដើម​ភូមិ​គងយុ និង​ភូមិ​គងធំ ចំនួន​៥០០​ហិកតារ ហើយ​ដី​ជាង​២០០​ហិកតារ​ក្នុង​ចំណោម​ដី​នោះ អ្នក​ស្រី គាត កុលណី បាន​ឈូស​ឆាយ​ដាំ​កៅស៊ូ​រួច​ហើយ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១០ តំណាង​អ្នក​ភូមិ​រួម ​និង​ចាស់ទុំ​ភូមិ មាន​គ្នា​ជាង​៣០​នាក់ បាន​ធ្វើ​ការ​ជួប​ប្រជុំ​គ្នា​ជា​ថ្មី នៅ​សាលា​ប្រជុំ​ភូមិ​គងយុ ដោយ​ពួក​គាត់​សំណូមពរ​ឲ្យ​តុលាការ​ខេត្ត​ប្រញាប់​បញ្ចប់​ការ​ស៊ើប​អង្កេត និង​ធ្វើ​ការ​សម្រេច​ក្ដី​ខាង​លើ​ឲ្យ​បាន​ឆាប់ ពី​ព្រោះ​អ្នក​ភូមិ​ធ្លាប់​រង​គំនាប​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​អ្នក​ភូមិ​ទទួល​យក​ប្រាក់ ឬ​អំណោយ​បន្ថែម ហើយ​ដក​ពាក្យ​បណ្ដឹង​អ្នក​ស្រី គាត កុលណី ចេញ​វិញ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

If you are in not good state and have got no money to go out from that, you would require to receive the <a href="http://goodfinance-blog.com">loans. Just because that will aid you emphatically. I take term loan every year and feel myself good just because of it.

Jan 01, 2012 02:20 AM

គេហទំព័រ​ទាំងមូល