មន្ត្រី​បក្ស​ប្រឆាំង​ប្រតិកម្ម ចំពោះ​កំណត់​ការ​ទូត​កម្ពុជា​ទៅ​ទូត​បរទេស

មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង បាន​ចាត់​ទុក​កំណត់​ការ​ទូត របស់​រដ្ឋាភិបាល ផ្ញើ​ទៅ​កាន់​មន្ត្រី​បេសកកម្ម​ការទូត​បរទេស ប្រចាំ​កម្ពុជា​ថា មាន​តែ​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់​ការ​ទេ ដែល​លើក​យក​ពាក្យ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង យក​មក​ប្រើ​នោះ។
ដោយ ដែន អយុធ្យា
2010-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ
តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ
RFA/Sok Serey

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង បាន​ប្រតិកម្ម​ទៅ​នឹង​កំណត់​ការ​ទូត​រដ្ឋាភិបាល ផ្ញើ​ទៅ​គ្រប់​ស្ថាន​បេសកកម្ម​ការ​ទូត​បរទេស​នៅ​កម្ពុជា ដែល​អះអាង​ថា ក្នុង​ន័យ​ក្រើន​រំលឹក​នូវ​ខ្លឹម​សារ​មាត្រា​៤១.១ នៃ​ច្បាប់​អន្តរជាតិ ស្ដី​ពី​ការ​ទូត មិន​ឲ្យ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស បាន​លើក​ឡើង​ថា មាត្រា​៤១.១ នៃ​អនុសញ្ញា ទីក្រុង​វីយ៉ែនណា ស្ដី​ពី​ទំនាក់​ទំនង​ការ​ទូត ដែល​កម្ពុជា​ក្រើន​រំលឹក​ចែង​ថា ៖ «ដោយ​មិន​ប៉ះ​ពាល់​ដល់​បុព្វ​សិទ្ធ និង​អភ័យឯកសិទ្ធិ​របស់​ខ្លួន ជន​គ្រប់​រូប ដែល​ទទួល​បាន​នូវ​បុព្វ​សិទ្ធិ និង​អភ័យឯកសិទ្ធិ មាន​ភារកិច្ច​គោរព​ច្បាប់ និង​បទដ្ឋាន​ច្បាប់ នៃ​រដ្ឋ​ម្ចាស់​ផ្ទះ។ ពួក​គេ​ក៏​មាន​ភារកិច្ច​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង នៃ​រដ្ឋ​ម្ចាស់​ផ្ទះ​នោះ​ផង​ដែរ»

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា​ថា រដ្ឋាភិបាល​កម្ពុជា មិន​គួរ​ប្រើ​ពាក្យ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង ចំពោះ​មន្ត្រី​ការ​ទូត ឬ​មន្ត្រី​សហ​ប្រជាជាតិ​ត​ទៅ​ទៀត​ទេ។ ព្រោះ​កម្ពុជា ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ ហើយ​កម្ពុជា បាន​ចុះ​ហត្ថលេខា​ទៅ​លើ​សន្ធិសញ្ញា អនុសញ្ញា និង​ពិធីសារ​ជា​ច្រើន។ លោក​បន្ត​ថា អ្វី​ដែល​អន្តរជាតិ បាន​ឈើ​ឆ្អាល​មក​លើ​កម្ពុជា គឺ​ចង់​ឲ្យ​កម្ពុជា​គោរព​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ប៉ុណ្ណោះ។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ដូច្នេះ ៖ «ប្រទេស​កម្ពុជា​យើង​បាន​ចុះ​ហត្ថលេខា​ច្រើន​ណាស់ ទៅ​លើ​សន្ធិសញ្ញា អនុសញ្ញា និង​ពិធី​សារ​ផ្សេងៗ ដើម្បី​អនុវត្តន៍​នូវ​កាតព្វកិច្ច​អន្តរជាតិ ទាក់​ទង​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិបតេយ្យ សេដ្ឋកិច្ច​សង្គម ហើយ​នឹង​ការ​ប្រឆាំង​ទៅ​នឹង​អំពើ​ពុក​រលួយ​ទាំង​អស់​ហ្នឹង យើង​បាន​កំពុង​តែ​ចុះ​ហត្ថលេខា ទៅ​លើ​ឯកសារ​ទាំង​នោះ។ ដូច្នេះ​យើង​ត្រូវ​តែ​គោរព​កាតព្វកិច្ច​របស់​ខ្លួន។ អ្វី​ដែល​អន្តរជាតិ​បាន​ធ្វើ​មក​ដល់​ពេល​នេះ ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា មិន​មែន​ជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង របស់​កម្ពុជា​ទេ គឺ​ធ្វើ​ម៉េច​ឲ្យ​កម្ពុជា​គោរព​នូវ​កាតព្វកិច្ច​របស់​ខ្លួន ចំពោះ​អន្តរជាតិ ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​នៅ​លើ​សន្ធិ​សញ្ញា អនុ​សញ្ញា និង​ពិធីសារ​ផ្សេងៗ។ ប៉ុន្តែ​មាន​តែ​របប​ផ្ដាច់ការ កុម្មុយនិស្ត​ផ្ដាច់​ការ​ទេ ដែល​ច្រើន​តែ​ប្រើ​ពាក្យ​ថា ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា»

ចំណែក​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា ប្រទេស​ណា​ក៏​ដោយ ដែល​មាន​ការ​រីក​ចម្រើន និង​រឹង​មាំ គឺ​មិន​មាន​អន្តរជាតិ​ធ្វើ​ការ​រិះ​គន់​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​ប្រទេស​មួយ មាន​ការ​ដឹក​នាំ​មិន​ត្រឹម​ត្រូវ គឺ​ត្រូវ​មាន​ការ​ផ្ដល់​យោបល់​ពី​អន្តរជាតិ ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន។

លោក កឹម សុខា មាន​ប្រសាសន៍​ថា ៖ «ប្រសិន​ណា​យើង​មាន​ចំណុច​ខ្វះ​ខាត​ច្រើន ជា​ពិសេស​ប្រទេស ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ ក្នុង​ពិភព​លោក គេ​តែង​តែ​ផ្ដល់​យោបល់ ដើម្បី​កុំ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ខុស ដូច​ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង ក៏​តែង​តែ​គេ​រិះ​គន់។ ប្រទេស​ដែល​ប្រើ​អំណាច​ផ្ដាច់ការ រំលោភ​សិទ្ធិ​មនុស្ស ក៏​គេ​រិះ​គន់ ហើយ​ប្រទេស​ដែល​និយម​នូវ​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​បរិស្ថាន ក៏​គេ​តែង​តែ​រិះ​គន់​ដែរ។ អ៊ីចឹង​ខ្ញុំ​ថា បើ​សិន​មិន​ចង់​ឲ្យ​មាន​គេ​រិះ​គន់ ទាល់​តែ​យើង​រឹង​មាំ​ខ្លួន​យើង។ មាន​ន័យ​ថា យើង​កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ​ធំធេង។ ទី​២ យើង​កុំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង ទី​៣ យើង​កុំ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទ្រព្យ​សម្បត្តិ​ធម្មជាតិ​ហ្នឹង។ ខ្ញុំ​គិត​ថា ការ​ស្ដី​បន្ទោស ឬ​ជា​ការ​លើក​ឡើង​មិន​មែន​ជា​ការ​លូក​ដៃ​ទេ»

ទោះ​ជា​បែប​នេះ​ក្ដី លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា មាន​ប្រសាសន៍​ថា ខ្លឹម​សារ​កំណត់​ទូត​កម្ពុជា ផ្ញើ​ទៅ​មន្ត្រី​ទូត​បរទេស គឺ​ដើម្បី​រំលឹក​ដល់​មន្ត្រី​ទូត​បរទេស ត្រូវ​ប្រកាន់​ខ្ជាប់ ពី​ភារកិច្ច​របស់​ខ្លួន មាន​ចែង​នៅ​ក្នុង​មាត្រា​៤១.១ នៃ​ច្បាប់​អន្តរជាតិ ស្ដី​ពី​ការ​ទូត​ប៉ុណ្ណោះ។

លោក កុយ គួង មាន​ប្រសាសន៍​ដូច្នេះ ៖ «សំខាន់ រំលឹក​ពី​ខ្លឹម​សារ​មាត្រា​ហ្នឹង ដើម្បី​ឲ្យ​ប្រមុខ​បេសកកម្ម​ការ​ទូត​ហ្នឹង ឲ្យ​បាន​ជ្រាប​ផង។ នៅ​ក្នុង​កំណត់​ទូត​ហ្នឹង បាន​បញ្ជាក់​ច្បាស់​ហើយ​ថា កន្លង​មក​ហ្នឹង គឺ​ថា មាន​មន្ត្រី​ការ​ទូត​មួយ​ចំនួន បាន​អនុវត្ត​ហួស​ពី​ដែន​សមត្ថកិច្ច ការ​ងារ​ភារកិច្ច របស់​ខ្លួន។ គឺ​ថា អនុវត្ត​ទៅ​វា​ហួស វា​ចូល​ដល់​កម្រិត​ថា ចូល​ដល់​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​ម្ចាស់​ផ្ទះ បាទ!»

លោក ចន ចនសុន (John Johnson) មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា បាន​បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​កំណត់​ត្រា​ការ​ទូត​របស់​កម្ពុជា​នេះ​ទេ។

កំណត់​ទូត​កម្ពុជា ចុះ​ថ្ងៃ ទី​២៦ ខែ​មេសា មិន​បាន​សំដៅ​ចំពោះ​ប្រទេស​ណា​មួយ​ចំ​ឈ្មោះ​ទេ ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា កន្លង​មក​មាន​ករណី​ជា​ច្រើន ត្រូវ​បាន​ប្រមុខ​បេសកកម្ម​ការ​ទូត​ខ្លះ ប្រកាន់​ឥរិយាបថ​ដូច​ជា​មន្ត្រី​អភិបាល​របស់​ប្រទេស​ខ្លួន និង​បាន​រិះ​គន់ ឬ​ក៏​ផ្ដល់​មេ​រៀន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា។ អាកប្បកិរិយា​ទាំង​អស់​នេះ កំណត់​ទូត​បាន​បញ្ជាក់​ថា កម្ពុជា​មិន​អាច​ទទួល​យក​បាន ក្នុង​នាម​ជា​ប្រទេស​មាន​អធិបតេយ្យ និង​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ ព្រោះ​កម្ពុជា​ពុំ​មែន​ជា​ប្រទេស​ខ្វះ​ស្ថិរភាព អធិបតេយ្យ​ និង​ភាព​ម្ចាស់​ការ​នោះ​ទេ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

I strongly agree with Nhim Sovan and Kim
Sokha .
If you don't want any criticize you have to do the right way and show the world
that you are the rich government don't
need any support from other country,and
you can help your poor people by your own
wealthy.

Apr 29, 2010 09:00 AM

គេហទំព័រ​ទាំងមូល