របាយការណ៍​ពី​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា​សុខ​គង់​ទៅ​ដល់​តុលាការ

របាយការណ៍​របស់​រដ្ឋបាល​ព្រៃ​ឈើ ដែល​បាន​ពិនិត្យ​គំនរ​ឈើ​របស់​ឧកញ៉ា សុខ គង់ បាន​មក​ដល់​ដៃ​តុលាការ​ខេត្ត​សៀមរាប​ហើយ ប៉ុន្តែ​គេ​មិន​ទាន់​បាន​ពិនិត្យ​មើល​អាជ្ញាប័ណ្ណ​ស្តុក​ទុក​ឈើ​នោះ​ថា ត្រឹមត្រូវ​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។
ដោយ ហង្ស សាវយុត
2010-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៦-មីនា-២០១០: សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​គំនរ​ឈើ​ប្រណីត​រាប់​រយ​ម៉ែត្រ​គូប នៅ​កន្លែង​ស្តុក​ឈើ​មួយ ដែល​គេ​រក​ឃើញ​ក្នុង​អតីត​បន្ទាយ​ទាហាន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​សៀមរាប។ ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​អះអាង​ថា ជា​របស់​លោក​ឧកញ៉ា អាំង ទ្រី។
២៦-មីនា-២០១០: សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​គំនរ​ឈើ​ប្រណីត​រាប់​រយ​ម៉ែត្រ​គូប នៅ​កន្លែង​ស្តុក​ឈើ​មួយ ដែល​គេ​រក​ឃើញ​ក្នុង​អតីត​បន្ទាយ​ទាហាន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​សៀមរាប។ ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​អះអាង​ថា ជា​របស់​លោក​ឧកញ៉ា អាំង ទ្រី។
RFA/Hang Savyouth

មន្ត្រី​សាលា​ដំបូង​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​​បាន​ប្រគល់​របាយការណ៍​ ជុំវិញ​ករណី​ឆែកឆេរ និង​ពិនិត្យ​ឈើ​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​ខេត្ត​សៀមរាប​របស់​ឧកញ៉ា សុខ គង់ ក្រុមហ៊ុន សូគីម៉ិច មក​ដល់​ដៃ​តុលាការ​ហើយ ដែល​ត្រៀម​នឹង​ពិនិត្យ​លើ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​មាន​ការ​ទិញ​ឈើ​ស្តុក​នោះ តើ​ត្រឹមត្រូវ​ឬ​យ៉ាង​ណា។

លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​២៦ ខែ​មីនា ថា លោក​បាន​ទទួល​របាយការណ៍​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ជុំវិញ​ការ​ឆែកឆេរ​រក​ឃើញ​គំនរ​ស្តុក​ឈើ​របស់​លោក​ឧកញ៉ា សុខ គង់ ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ពិនិត្យ​លើ​អាជ្ញាប័ណ្ណ​ដែល​​អនុញ្ញាត​ឲ្យ​មាន​ការ​ស្តុក​ឈើ​ជាង ១០០​ម៉ែត្រ​គូប​នោះ ឲ្យ​ដឹង​ថា យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក ទី សុវិនថាល់ បាន​អះអាង​ថា ៖ «មក​ដល់​ហើយ ប៉ុន្តែ​ខ្ញុំ​ចុះ​មក​ណេះ​ខ្ញុំ​មិន​ទាន់​ផ្ទៀងផ្ទាត់​អាជ្ញាប័ណ្ណ​ដឹក​​ជញ្ជូន អាជ្ញាប័ណ្ណ​ទិញ​ឈើ ប្រមូល​អនុផល​ព្រៃ​ឈើ​បាន ដោយ​លក់​ឡាយឡុង​អី​ហ្នឹង​ណា! មិន​ទាន់​បាន​ពិនិត្យ​អស់​ទេ ខ្ញុំ​ចុះ​មក​ណេះ​ហើយ។ ទើប​បាន​ទទួល​ព្រឹក​មិញ​ហ្នឹង»

ទោះ​យ៉ាង​ណា​មិន​អាច​ស្វែងរក​ទំនាក់​ទំនង​ជាមួយ​លោក​ឧកញ៉ា សុខ គង់ ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​ស្តុក​ឈើ​ទាំង​នោះ​បាន​នៅ​ឡើយ។

មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប ដែល​បាន​សហការ​ចុះ​ឆែកឆេរ​ឃ្លាំង​ឈើ​នោះ​ លោក​ញឹម សិលា បាន​មាន​ប្រសាសន៍​ថា តាម​លោក​ដឹង​ពី​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ថា ការ​ស្តុក​ឈើ​​នៅ​ក្នុង​ឃ្លាំង​របស់​លោក​ឧកញ៉ា សុខ គង់ គឺ​មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់ សម្រាប់​យក​ឈើ​ទាំង​​​​នោះ​បម្រុង​ទុក​ទៅ​សាងសង់​សណ្ឋាគារ​នៅ​លើ​ភ្នំ​បូកគោ ក្នុង​ខេត្ត​កំពត។

ទោះ​យ៉ាង​ណា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាន​ឲ្យ​ដឹង​ថា គេ​មិន​បាន​ឃើញ​អាជ្ញាប័ណ្ណ​នោះ​ផ្ទាល់​ភ្នែក និង​មិន​បាន​ដឹង​ពី​កាលបរិច្ឆេទ​នៃ​ការ​ចេញ​អាជ្ញាប័ណ្ណ​នោះ​តាំង​ពី​ពេល​ណា​ទេ។

លោក ញឹម សិលា បាន​បញ្ជាក់​ថា ៖ «កម្លាំង​ខ្ញុំ​គ្រាន់តែ​សហការ​ចូល​ទៅ​ជាមួយ​ព្រះរាជអាជ្ញា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​អ៊ីចឹង ប៉ុន្តែ​ឮ​រដ្ឋបាល​ព្រៃ​ឈើ​ថា គាត់​មាន​អាជ្ញាប័ណ្ណ​ដើម្បី​យក​ទៅ​សាងសង់​អូតែល​នៅ​ភ្នំ​បូកគោ។ ការ​កត់ត្រា​របស់​គេ​កត់​ទុក​អ៊ីចឹង ឃ្លាំង​ណា​មាន​ចំនួន​ប៉ុន្មាន​ៗ អ៊ីចឹង​ទៅ​ណា៎! ខ្ញុំ​ដូច​ជា​អត់​ទាន់​បាន​ឃើញ ប៉ុន្តែ​ឮ​ថា រដ្ឋបាល​ព្រៃ​ឈើ​ប្រហែល​ជា​គេ​ដឹង​ណា គេ​ឃើញ!»

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ចាប់​ពី​ថ្នាក់​ខណ្ឌ​រហូត​ដល់​នាយ​ផ្នែក មិន​បាន​លើក​ទូរ​ស័ព្ទ​ដើម្បី​អធិប្បាយ​រឿង​នោះ​យ៉ាង​ណា​ទេ ពេញ​មួយ​ថ្ងៃ​សុក្រ។

កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​មីនា​កន្លង​មក មន្ត្រី​សមត្ថកិច្ច​ចម្រុះ​ខេត្ត​សៀមរាប មាន​ព្រះរាជអាជ្ញា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ និង​នគរបាល បាន​ចុះ​ឆែកឆេរ និង​ពិនិត្យ​ឃ្លាំង​ទុក​ឈើ​របស់​លោក​ឧកញ៉ា សុខ គង់ ក្រុមហ៊ុន សូគីម៉ិច រក​ឃើញ​ឈើ​ជាង ១០០​ម៉ែត្រ​គូប និង​ឃ្លាំង​ស្តុក​ឈើ​​របស់​ឧកញ៉ា ឡៅ ម៉េងឃីន ក្រុមហ៊ុន ស៊ូកាគូ រក​ឃើញ​ឈើ​ជាង ១០០​ម៉ែត្រ​គូប និង​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​មីនា សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​កន្លែង​ស្តុក​ឈើ​​របស់​លោក គោ ស៊ុំសារឿត ជា​រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍ រក​ឃើញ​ឈើ​ប្រមាណ ១០​ម៉ែត្រ​គូប។

កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​២៦ ខែ​មីនា សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ឆែកឆេរ​នៅ​អតីត​បន្ទាយ​ទាហាន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​សៀមរាប មួយ​កន្លែង​ទៀត នៅ​ក្នុង​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ បាន​រក​ឃើញ​កន្លែង​ស្តុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ ផ្ចឹក និង​សុក្រំ ដ៏​ធំ​សម្បើម​មួយ​ទៀត ជា​ច្រើន​រយ​ម៉ែត្រ​គូប ដែល​តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជា​របស់​លោក​ឧកញ៉ា​ម្នាក់​ឈ្មោះ អាំង ទ្រី តែ​គេ​មិន​ទាន់​ច្បាស់​ពី​ក្រុមហ៊ុន​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល