ពលរដ្ឋ​សុំ​ឲ្យ​ក្រុមហ៊ុន​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​នៅ​កំពត​រក្សា​កន្លែង​នេសាទ

ប្រជា​នេសាទ​នៅ​ក្នុង​ខេត្ត​កំពត សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត​និង​ក្រុមហ៊ុន​មួយ​ដែល​កំពុង​ធ្វើ​សកម្មភាព​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ រក្សា​ទី​កន្លែង​សម្រាប់​ពួកគាត់​អាច​ប្រកប​របរ​នេសាទ​ប្រចាំ​ថ្ងៃ​បាន។
ដោយ សុខ សេរី
2010-01-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៦-មករា-១០: ប្រជានេសាទ​នៅ​ឃុំ​បឹងទូក ស្រុក​កំពត ខេត្ត​កំពត បង្ហាញ​ទីកន្លែង​​ក្រុមហ៊ុន​កែវជា​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ ដែល​ពួកគាត់​អះអាង​ថា បាន​ធ្វើ​ឲ្យ​ការ​នេសាទ​ត្រី​បាន​ថយ​ចុះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពេល​មុន​ការ​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ។
២៦-មករា-១០: ប្រជានេសាទ​នៅ​ឃុំ​បឹងទូក ស្រុក​កំពត ខេត្ត​កំពត បង្ហាញ​ទីកន្លែង​​ក្រុមហ៊ុន​កែវជា​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ ដែល​ពួកគាត់​អះអាង​ថា បាន​ធ្វើ​ឲ្យ​ការ​នេសាទ​ត្រី​បាន​ថយ​ចុះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពេល​មុន​ការ​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ។
RFA/Sok Serey

ក្រុម​គ្រួសារ​អ្នក​នេសាទ​នៅ​ក្នុង​ភូមិ​កែបថ្មី ឃុំ​បឹងទូក ស្រុក​កំពត ខេត្ត​កំពត បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត និង​ក្រុមហ៊ុន​កែវជា​ដែល​កំពុង​តែ​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​២០០​ហិកតា​នោះ ឲ្យ​ជួយ​ដោះស្រាយ​រក្សា​ទី​កន្លែង​សម្រាប់​ឲ្យ​គ្រួសារ​អ្នក​នេសាទ​អាច​បន្ត​មុខ​របរ​នេសាទ​ជា​អចិន្រ្តៃយ៍​ប្រចាំ​ថៃ្ង​បាន​និង​រក្សា​ទុក​តំបន់​ការពារ​ក្តាម​ដែល​គេ​ហៅ​ថា ធនាគារ​ក្តាម​ដែល​បាន​បង្កើត​ឡើង​កន្លង​មក។

លោកស្រី ចាន់ ដារ៉ា ជា​តំណាង​សហគមន៍​នៃ​គ្រួសារ​អ្នក​នេសាទ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ឆ្នេរ​សមុទ្រ​ដែល​មាន​ការ​ចាក់​ដី​លុប​នោះ​ថា គ្រួសារ​អ្នក​នេសាទ​មាន​សំណូម​ពរ​ចំនួន​៣ សម្រាប់​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត​និង​ក្រុមហ៊ុន​កែវជា​ដោះស្រាយ។

លោកស្រី ចាន់ ដារ៉ា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «លក្ខខណ្ឌ​មាន​រក្សា​ព្រៃ​កោងកាង​និង​ធនាគារ​ក្ដាម។ លក្ខខណ្ឌ​ក្រុមហ៊ុន​មាន​៧ ប៉ុន្តែ​ក្រុមហ៊ុន​ធ្វើ​បាន​តែ​៣​ទេ»

អ្នក​នេសាទ​សមុទ្រ​នៅ​ទី​នោះ ឈ្មោះ​លោក ម៉ែន ភី អាយុ​៤៦​ឆ្នាំ ដែល​ទើប​តែ​បាន​វិល​មក​ពី​នេសាទ​នៅ​តំបន់​ទឹក​ជ្រៅ​បាន​ថែ្លង​ប្រាប់​នៅ​ក្បែរ​ទូក​ថា ការ​នេសាទ​ត្រី​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពេល​មុន​ការ​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ។

ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ កាល​ពី​ថៃ្ង​ទី​៦ ខែ​មករា​ថ្មីៗ​នេះ បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សកម្មភាព​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​នៅ​ក្នុង​ភូមិ​កែបថ្មី និង​ភូមិ​ទទឹងថៃ្ង ឃុំ​បឹងទូក ស្រុក​កំពត ខេត្ត​កំពត របស់​ក្រុមហ៊ុន​កែវជា។

ក្រសួង​ដដែល​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​នោះ​បំពេញ​តាម​លក្ខខណ្ខ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​នីតិ​វិធី​ច្បាប់​ស្តីពី​ជលផល​ជា​មុន​សិន។

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កែវជា​កំពុង​តែ​មាន​ផែនការ​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​ដើម្បី​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​និង​កំពង់ផែ​នៅ​ទី​នោះ។

សេចក្តី​ស្នើ​នោះ ក្រោយ​ពី​មាន​សេចក្តី​រាយ​ការណ៍​ថា ក្រុមហ៊ុន​កែវជា​បាន​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​លើស​ការ​អនុញ្ញាត​ពី​ជម្រៅ​៥០០​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ទៅ​ជាង​១.០០០​ម៉ែត្រ និង​បណ្តោយ​ឆ្នេរ​សមុទ្រ​ជាង​៤.០០០​ម៉ែត្រ ដែល​បាន​បណ្តាល​ឲ្យ​បាត់បង់​សារ៉ាយ​សមុទ្រ ទី​ជម្រក​មច្ឆា​ជាតិ​និង​បរិស្ថាន​នៅ​ទីនោះ។

មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ក្នុង​ខេត្ត​កំពត លោកស្រី ទ្រី ឈូន បាន​មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​ហ្នឹង​គាត់​(ពលរដ្ឋ)​ទៅ​ជា​រង់ចាំ​មើល​ស្ទាក់ស្ទើរ មិន​ដឹង​ថា គាត់​ត្រូវ​ផ្លាស់ប្ដូរ​អាជីព ឬ​រង់ចាំ​កន្លែង​ហ្នឹង ដោយសារ​តែ​អត់​ទាន់​ច្បាស់​លាស់»

គ្រួសារ​អ្នក​នេសាទ​ទាំង​នោះ​កំពុង​តែ​រង់ចាំ​ចម្លើយ​ដោះស្រាយ​បញ្ហា​របស់​គាត់។

មេ​ឃុំ​បឹងទូក ស្រុក​កំពត ខេត្ត​កំពត លោក ទូច ធាង បាន​មាន​ប្រសាសន៍​ថា សំណូម​ពរ​របស់​គ្រួសារ​អ្នក​នេសាទ​ទាំង​នោះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពត និង​ក្រុមហ៊ុន​បាន​បកសា្រយ​បំភ្លឺ​រួច​ហើយ។

លោក ទូច ធាង មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ ក៏​ខេត្ត​គេ​ដោះស្រាយ​បំភ្លឺ​ជូន​រួច​ហើយ»

ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កែវជា​នោះ​បាន​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​បាន​រយៈពេល​ជាង​២​ខែ​មក​ហើយ គឺ​ក្នុង​មួយ​ថៃ្ង​ជា​ច្រើន​រយ​ទ្បាន ប៉ុន្តែ​ឥទ្បូវ​នេះ​សកម្មភាព​បាន​ថយ​ចុះ​ជាង​មុន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល