កម្ពុជា​មាន​បំណង​នាំ​អង្ករ​ចេញ​យ៉ាង​ហោច​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ

ដើម្បី​ឲ្យ​ការ​នាំ​អង្ករ​បាន​ជោគជ័យ ក្រសួង​ពាណិជ្ជកម្ម​ត្រៀម​ប្រមូល​ព័ត៌មាន​អំពី​បញ្ហា​ប្រឈម និង​ផល​វិបាក​នានា ពី​ឈ្មួញ​នាំ​អង្ករ​ចេញ ដើម្បី​ដាក់​ចូល​កិច្ច​ប្រជុំ​អាស៊ាន​នា​ពេល​ខាង​មុខ។
ដោយ អ៊ុក សាវបូរី
2010-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​ភ្ជួរ​ដី​សម្រាប់​ការដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ វិនិយោគិន​គូវ៉េត​គ្រោង​មក​វិនិយោគ​ផ្នែក​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។
កសិករ​ភ្ជួរ​ដី​សម្រាប់​ការដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ វិនិយោគិន​គូវ៉េត​គ្រោង​មក​វិនិយោគ​ផ្នែក​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។
RFA file photo

ក្រុមហ៊ុន​និង​សមាគម​ម៉ាស៊ីន​ស្រូវ​នាំ​អង្ករ​ចេញ ក្នុង​ប្រទេស​កម្ពុជា​គ្រោង​ជួប​ប្រជុំ​គ្នា នៅ​ថ្ងៃ​១ ខែ​កញ្ញា​ខាង​មុខ ដើម្បី​ប្រមូល​ពី​បញ្ហា​នានា ក្នុង​សកម្មភាព​នាំ​អង្ករ​ចេញ​ទៅ​បរទេស ដើម្បី​បញ្ជូន​ដំណឹង​នេះ​ទៅ​រដ្ឋាភិបាល ឲ្យ​បាន​មុន​កិច្ច​ប្រជុំ​សមាគម​អាស៊ាន នា​ខែ​វិច្ឆិកា​ខាង​មុខ។

អគ្គ​នាយក​ក្រុមហ៊ុន ហ្គ្រីន​ត្រេដ Green Trade លោក ធន់ វីរៈ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ការ​ព័ត៌មាន​អំពី​ក្រុមហ៊ុន និង​សមាគម​ម៉ាស៊ីន​ស្រូវ ដែល​បាន​នាំ​អង្ករ​ចេញ ដើម្បី​ពង្រីក​ការ​នាំ​អង្ករ​ឲ្យ​បាន​ច្រើន ទៅ​បរទេស មាន​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ទៅ​អឺរ៉ុប​នា​ពេល​ខាង​មុខ។

លោក​ថា មតិ​ទាំង​នោះ ក្រសួង​ពាណិជ្ជកម្ម និង​បញ្ជូន​ទៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​លើក​ពិភាក្សា ក្នុង​កិច្ច​ប្រជុំ​សមាគម​អាស៊ាន ASIAN មួយ​ឈ្មោះ រ៉ៃស៍ អាក់​ម៉េកស៍ (Rice ACMECS) ដែល​នឹង​ប្រជុំ​នៅ​ប្រទេស​កម្ពុជា នា​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។

ប្រធាន​សម្ព័ន្ធ​សមាគម​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា លោក ភូ ពុយ មាន​ប្រសាសន៍​ថា ក្រសួង​ពាណិជ្ជកម្ម​បាន​អញ្ជើញ​ម្ចាស់​ម៉ាស៊ីន​កិន​ស្រូវ​ទាំង​អស់​ឲ្យ​ទៅ​ប្រជុំ​នៅ​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​៦ ខែ​កញ្ញា​ខាង​មុខ ដើម្បី​ពិភាក្សា​អំពី​ការ​នាំ​អង្ករ​ចេញ​ទៅ​បរទេស។

លោក​បាន​ឲ្យ​ដឹង​ថា សកម្មភាព​នាំ​អង្ករ​ចេញ​របស់​សមាគម​នេះ នា​ឆ្នាំ​២០១០ កំពុង​តែ​បង្កើន​សកម្មភាព​ច្រើន​លើស​ឆ្នាំ​២០០៩ ច្រើន​ដង។

លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ខ្មែរ បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី​១៧ សីហា ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ថា កម្ពុជា​នឹង​ជំរុញ​នាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​ទី​ផ្សារ​បរទេស យ៉ាង​ហោច​ណាស់​ចំនួន​១​លាន​តោន ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១៥ ត​ទៅ ហើយ​កម្ពុជា​នឹង​បង្កើន​ផលិតកម្ម​ស្រូវ ឲ្យ​សល់​លើស​ពី​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង​៤​លាន​តោន។

លោក ហ៊ុន សែន បន្ត​ថា ប្រទេស​កម្ពុជា​ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ធំ​ថ្មី នា​ពេល​ខាង​មុខ។ ហេតុ​នេះ​កសិករ​អាច​បង្កើន​រដូវ​ដាំ​ដុះ ពី​ការ​ដាំ​ស្រូវ​តែ​ម្ដង​ក្នុង​រដូវ​វស្សា មក​ដាំ​ច្រើន​ដង ដោយ​ចេះ​ប្រើ​ថ្នាំ ពូជ ជី ទឹក ដើម្បី​បង្កើន​ទិន្នផល​ស្រូវ​ពី ២,៨​តោន ក្នុង​១​ហិកតារ ទៅ​ជាង​៣ ទៅ​៤​តោន ក្នុង​១​ហិកតារ។

របាយការណ៍​របស់​ក្រសួង​កសិកម្ម​បង្ហាញ​ថា តុល្យភាព​ស្បៀង​កម្ពុជា​នៅ​ឆ្នាំ​២០០៩ នៅ​សល់​អង្ករ​ជាង​២​លាន​តោន បើ​គិត​ជា​ស្រូវ ប្រមាណ​ជាង​៣​លាន​តោន។

រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា វិស័យ​នាំ​អង្ករ​ទៅ​លក់​នៅ​ទី​ផ្សារ​អន្តរជាតិ អាច​ជួយ​ឲ្យ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ជាង​មុន ហើយ​ការ​លក់​អង្ករ​ទៅ​ទី​ផ្សារ​អន្តរ​ជាតិ វា​អាច​ជា​ចំណូល​មួយ​ដើម្បី​ជំនួស​ចំណូល​វិស័យ​កាត់​ដេរ ដែល​កំពុង​ធ្លាក់​ចុះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល