មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​គ្រោង​បើក​វេទិកា​ទោះ​ជា​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ

មន្ត្រី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ មករា ថា ទោះបី​ជា​មិន​មាន​ការ​យល់ព្រម​លើ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ការ​បើក​វេទិកា​សាធារណៈ​នៅ​តំបន់​ស្រុក​ដំបែ​ក៏​ដោយ ក៏​មជ្ឈមណ្ឌល​នេះ​នៅតែ​មានៈ​បើក​វេទិកា​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​គម្រោង​ដដែល។
ដោយ ឱ ភារិទ្ធ
2010-01-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
គេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
www.cchrcambodia.org

លោក ឈឹម សាវុទ្ធ មន្ត្រី​នៃ​មជ្ឈមណ្ឌល​នេះ​បាន​អះអាង​បែប​នេះ​បន្ទាប់​ពី​លោក​សំអាង​ថា លោក​អភិបាល​ខេត្ត ហ៊ុន ណេង បាន​ចារ​លើ​លិខិត​ជូន​ដំណឹង​នេះ​រួច​ហើយ ឯ​ស្រុក​ក៏​បាន​ចារ​លើ​លិខិត​ដដែល​នោះ​ឲ្យ​សហការ​ជាមួយ​ឃុំ​ដែល​ពាក់ព័ន្ធ​ផងដែរ។

លោក ឈឹម សាវុទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «ខាង​យើង​ត្រូវតែ​ធ្វើ នៅតែ​ដំណើរការ​ថ្ងៃ​ទី​២០​ហ្នឹង។ អភិបាល​ស្រុក គេ​អត់​ឲ្យ​យើង​ធ្វើ​កម្មវិធី​ហ្នឹង​ទេ លុះត្រា​តែ​យើង​មាន​ច្បាប់ ពេល​ដែល​យើង​ចូល​ជួប​អភិបាល​ស្រុក​ហ្នឹង គាត់​ឃើញ​ចំណារ​របស់​ឯកឧត្ដម ហ៊ុន ណេង ដាក់​ថា "គាត់​ជាប់​រវល់​ប្រជុំ​គណៈ​រដ្ឋមន្ត្រី អត់​បាន​ចូលរួម​ទេ សូម​អភ័យ​ទោស" អ៊ីចឹង​ទៅ ស្រុក​គាត់​ឯកភាព ប៉ុន្តែ​គាត់​ចារ​លិខិត​បញ្ជូន​មក​ឲ្យ​ឃុំ​ជួយ​សហការ​ជាមួយ​យើង គាត់​ថា គាត់​នឹង​ចូលរួម ប៉ុន្តែ​ក្រោយ​មក​មួយ​ថ្ងៃ​បាន​មាន​ទូស័ព្ទ​មួយ​តេ​មក​ថា អត់​ឲ្យ​យើង​ធ្វើ​ទេ គេ​ឲ្យ​យើង​បញ្ឈប់​កម្មវិធី​ហ្នឹង លុះត្រា​តែ​យើង​មាន​លិខិត​ទៅ​សុំ​ច្បាប់​មួយ​សា​ទៀត​ពី​ខេត្ត បាន​គេ​អនុញ្ញាត។ យើង​ធ្វើ​នៅតែ​ធ្វើ យើង​អត់​លុប​ចោល​ទេ ព្រោះ​កន្លែង​ហ្នឹង​ចំណុច​ដែល​ប្រជាពលរដ្ឋ​គាត់​ចង់​បាន»

ប៉ុន្តែ​លោក ឆឹង ពិសិទ្ធ អភិបាល​ស្រុក​ដំបែ បាន​បញ្ជាក់​ថា ចំណារ​លើ​លិខិត​នោះ​មិន​មែន​ជា​ការ​សម្រេច​ឡើយ ហើយ​ថា បើ​មានៈ​នៅតែ​ធ្វើ លោក​បាន​ចាត់ទុក​ថា​ជា​ការ​មិន​គោរព​ច្បាប់ តែ​លោក​មិន​បាន​បញ្ជាក់​ថា នឹង​អាច​ចាត់​វិធានការ​បែប​ណា​ឡើយ។

លោក ឆឹង ពិសិទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «គាត់​ទៅ​យក​ស៊ីញ៉េ​ពី​ខេត្ត​មក បាន​យើង​ឲ្យ​ធ្វើ។ អា​ហ្នឹង​ហ៊ាន​ធ្វើ ខុស​ច្បាប់​ហើយ ព្រោះ​ឲ្យ​ទៅ​ស៊ីញ៉េ​ខេត្ត ខេត្ត​មិន​ទាន់​មាន​ស៊ីញ៉េ​មក​ផង គាត់​រវល់ គាត់​ចារ​អ៊ីចឹង។ យើង​ទៅ​ម្ដង​ទៀត​ទៅ មាន​ទៅ​ទាស់​ខុស​អី! អា​ហ្នឹង​បើ​គាត់​នៅតែ​ធ្វើ បាន​ន័យ​ថា គាត់​អត់​គោរព​ច្បាប់​ទេ»

លោក ឈឹម សាវុទ្ធ មន្ត្រី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ឲ្យ​ដឹង​ថា វេទិកា​សាធារណៈ​នេះ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ មករា បន្ទាប់​ពី​មាន​ការ​ស្នើសុំ​ពី​ប្រជាពលរដ្ឋ​មួយចំនួន​ឲ្យ​មាន​បើក​វេទិកា​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​បាន​ថ្លែង​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ឲ្យ​ថ្នាក់​ដឹកនាំ ពិសេស​អ្នក​តំណាង​រាស្ត្រ​បាន​ដឹង។

លោក ណៃ ណេង ប្រជាពលរដ្ឋ​ដែល​ខំ​ខ្នះខ្នែង​រក​ទី​កន្លែង​ដើម្បី​តាំង​ជម្រក​វេទិកា​នេះ បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ថា ៖ «តំណាង​រាស្ត្រ​គ្រប់​ស្ថាប័ន​អី គ្រប់​ស្ថាប័ន​អី ឲ្យ​គាត់​ជួយ​ដោះស្រាយ​ពី​រឿង​បញ្ហា​ដី​ធ្លី បញ្ហា​ដ៏​លំបាក​វេទនា ឲ្យ​មន្ត្រី​រាជការ​អី​មើល​ឃើញ​ខ្លះ​ទៅៗ គ្នា​ក្រ នៅតែ​ក្រ​អ៊ីចឹង!»

លោក ឈឹម សាវុទ្ធ មន្ត្រី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា លិខិត​ជូន​ដំណឹង​បើក​វេទិកា​អ្វី​មួយ​នៅ​ទី​ខេត្ត​នានា​តែង​ត្រូវ​បាន​គេ​គោរព​តាម​សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ទៅ​បាន​ហើយ ប៉ុន្តែ​លោក​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​នៅ​ខេត្ត​កំពង់ចាម​បន្ទាប់​ពី​ស្រុក​ស្ទឹងត្រង់ ដែល​តម្រូវ​ឲ្យ​មជ្ឈមណ្ឌល​នេះ​សុំ​ច្បាប់ ហើយ​លោក​ថា ប្រហែល​ជា​នឹង​មាន​ការ​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​ឲ្យ​អន្តរាគមន៍​ទៅ​លើ​ការ​អនុវត្ត​របស់​ខេត្ត​នេះ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

This is the weakness of authority because the forum will open all to many people.

Jan 22, 2010 08:38 PM

គេហទំព័រ​ទាំងមូល