អាជ្ញាធរ​ខេត្ត​រតនគិរី​បង្ក្រាប​ទីតាំង​រុករក​រ៉ែ​មាស​នៅ​ស្រុក​អូរយ៉ាដាវ

បន្ទាប់​ពី​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ បាន​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​រុករក​រ៉ែ​នៃ​ប្រទេស​អូស្ត្រាលី​ចូល​ទៅ​ធ្វើ​ការ​សិក្សា​អំពី​រ៉ែ​មាស​នៅ​តំបន់​ព្រៃ​មាស​កាល​ពី​ពេល​ថ្មីៗ​នេះ​មក ក្រុម​អាជ្ញាធរ​ខេត្ត​បាន​ចាត់​វិធានការ​បង្ក្រាប​ភ្លាមៗ​ទៅ​លើ​ទីតាំង​រុក​រក​រ៉ែ​មាស​អនាធិបតេយ្យ​នៅ​តំបន់​នោះ។
ដោយ រដ្ឋា វីសាល
2010-01-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក រដ្ឋា វីសាល នៅ​ឯ​ខេត្ត​រតនគិរី មាន​សេចក្តី​រាយការណ៍​មក​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្ត​មាន​គ្នា​ប្រមាណ ៣០​នាក់​កាល​ពី​ថ្ងៃ​ពុធ ទី​២៧ ខែ​មករា ឆ្នាំ​២០១០ បាន​នាំ​គ្នា​ទៅ​កាន់​តំបន់​ព្រៃ​មាស​ដោយ​ធ្វើ​ការ​រឹប​អូស​ម៉ាស៊ីន​កិន​រ៉ែ​មាស​ចំនួន ៤​គ្រឿង ក៏​ប៉ុន្តែ​ពុំ​មាន​ចាប់​បាន​ជន​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ខុស​ច្បាប់​ណា​ម្នាក់​ឡើយ។

មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អូរយ៉ាដាវ លោក សុខ មីន បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​មករា ឆ្នាំ​២០១០ ថា ក្រុម​សមត្ថកិច្ច​បាន​ដឹង​ពី​អត្តសញ្ញាណ​ជន​ពាក់ព័ន្ធ​អស់​ហើយ។ លោក​បញ្ជាក់​ថា ម៉ាស៊ីន​កិន​រ៉ែ​មាស ២​គ្រឿង​ជា​កម្មសិទ្ធិ​របស់​ប្រធាន​ភូមិ​ពាក់ និង ២​គ្រឿង​ទៀត​ជា​របស់​ជនជាតិ​វៀតណាម​នៅ​ស្រុក​អូរយ៉ាដាវ។

ចំណែក​អនុ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ​និង​ថាមពល ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថាន មាន​ប្រសាសន៍​ដែរ​ថា លោក​កំពុង​តែ​ធ្វើ​របាយការណ៍​ពី​ករណី​នេះ​ជូន​អភិបាល​ខេត្ត​សម្រេច។ លោក​បន្ត​ទៀត​ថា ជំហាន​បន្ទាប់​ក្រុម​អាជ្ញាធរ​នឹង​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ដែល​ទាក់ទិន​នឹង​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ក្រុមហ៊ុន​អូស្ត្រាលី​ធ្វើ​ការ​សិក្សា​រក​ប្រភព​រ៉ែ​លោហៈ​នៅ​តំបន់​នោះ​ជា​បន្ត​ទៀត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល