អ្នក​ភូមិ​នៅ​ស្រុក​វ៉ឺនសៃ​បារម្ភ​ពី​គ្រោះ​ទុរ្ភិក្ស បើ​សិន​គ្មាន​ទឹក​ធ្វើ​ស្រែ

នៅ​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី អ្នក​ភូមិ​ជនជាតិ​ដើម​ជា​កសិករ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​គ្រោះ​ទុរ្ភិក្ស ដែល​អាច​នឹង​កើត​មាន​ចំពោះ​ពួក​គាត់ ប្រសិន​មិន​មាន​ទឹក​សម្រាប់​ធ្វើ​ស្រែ​បន្ត នៅ​ពេល​ខាង​មុខ​នេះ​ទៀត។
ដោយ រដ្ឋា វីសាល
2010-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​ភ្ជួរ​ដី​នៅ​លើ​វាល​ស្រែ​មួយ​កន្លែង​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នា​ថ្ងៃ​ទី​១០ កញ្ញា ២០០៨។ ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បារម្ភ​អំពី​ភាព​រាំង​ស្ងួត។
កសិករ​ភ្ជួរ​ដី​នៅ​លើ​វាល​ស្រែ​មួយ​កន្លែង​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នា​ថ្ងៃ​ទី​១០ កញ្ញា ២០០៨។ ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បារម្ភ​អំពី​ភាព​រាំង​ស្ងួត។
RFA Photo/Ouk Savborey

អ្នក​ភូមិ​ជនជាតិ​ដើម​ជា​កសិករ​នៅ​ឃុំ​ភ្នំ​កុក ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ជិត​បំណាច់​ខែ​កក្កដា​នេះ​ហើយ ទឹក​ភ្លៀង​មិន​មាន​គ្រប់គ្រាន់​សម្រាប់​ការ​សាប​សំណាប​ធ្វើ​ស្រែ សន្ទូង​ដូច​រៀងរាល់​ឆ្នាំ​នោះ​បាន​ទេ។ ពួក​គាត់​អំពាវនាវ​ឲ្យ​ក្រុម​អាជ្ញាធរ​ផ្ដល់​មធ្យោបាយ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ធ្វើ​ស្រែ​ឲ្យ​បាន​រួសរាន់។

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​កាឡៃ​សាពូន ឃុំ​ភ្នំ​កុក ឈ្មោះ សាឌ័រ ប៉ាទូរ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មិន​មាន​អ្នក​ភូមិ​ណា​ម្នាក់​មាន​ទឹក​សាប​សំណាប ដើម្បី​ដក​ស្ទូង​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ។ គាត់​បន្ត​ថា រដូវ​ដក​ស្ទូង​ជិត​ផុត​ហើយ ដូច្នេះ​អ្នក​ភូមិ​ព្រួយ​បារម្ភ​ពី​កង្វះ​ស្រូវ​អង្ករ​ផ្គត់ផ្គង់​គ្រួសារ​សម្រាប់​រដូវ​ប្រាំង​ខាង​មុខ​នេះ ៖ «ជួយ​ដោះស្រាយ​យ៉ាង​ម៉េច ខ្ញុំ​ចង់​សំណូមពរ​ធំ​បំផុត​ទៅ​លើ​មធ្យោបាយ​រឿង​ស្រែ​ចម្ការ​របស់​យើង​ហ្នឹង​ហើយ!»

តួលេខ​របស់​ក្រុម​ប្រឹក្សា​ឃុំ​ភ្នំ​កុក ឲ្យ​ដឹង​ថា រៀងរាល់​ឆ្នាំ​មាន​ភ្លៀង​គ្រប់គ្រាន់​នៅ​មូលដ្ឋាន​នេះ កសិករ​ធ្វើ​ស្រែ​ដក​ស្ទូង​ស្រូវ​ស្ទើរ​រួចរាល់ ១០០%​ហើយ ក៏​ប៉ុន្តែ​ឆ្នាំ​នេះ​ផ្ទៃ​ដី​ធ្វើ​ស្រែ​ជាង ៣០០០​ហិកតារ​មិន​មាន​ទឹក​ធ្វើ​ស្រែ​បាន​មួយ​ហិកតារ​ណា​ឡើយ។

មិន​មែន​តែ​ឃុំ​ភ្នំ​កុក​មួយ​នោះ​ទេ កសិករ​នៅ​ឃុំ​ផ្សេង​ទៀត​ក្នុង​ស្រុក​វ៉ឺនសៃ​ក៏​អះអាង​ដូច​គ្នា​ថា អ្នក​ភូមិ​កំពុង​ព្រួយ​បារម្ភ​ពី​កង្វះ​ស្បៀង​អាហារ ប្រសិន​បើ​ពួក​គេ​មិន​មាន​ទឹក​សម្រាប់​ធ្វើ​ស្រែ​ឆ្នាំ​នេះ ៖ «ដី​នៅ​ស​ស្គុះ​អ៊ីចឹង​ហ្នឹង​ណា៎! ភ្លៀង​មួយ​មេ​ៗ​មក វា​គ្រាន់​តែ​សើម​ដី​អ៊ីចឹង​ណា៎!»

កាល​ពី​ឆ្នាំ​២០០៩ របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា នៅ​ខេត្ត​រតនគិរី ទិន្នផល​ស្រូវ​ប្រមូល​បាន​ជាង ៤៦.០០០​តោន​លើ​ផ្ទៃ​ដី​ធ្វើ​ស្រែ​ទាំង​សន្ទូង និង​ចម្ការ​ដាំ​ស្រូវ សរុប ២៧.០០០​ហិកតារ។

មេ​ឃុំ​ភ្នំកុក លោក ប៊ូ វ៉ាន់ថាក់ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ក្នុង​មូលដ្ឋាន​លោក​បាន​ផ្តិត​មេ​ដៃ ដើម្បី​សុំ​មក​អាជ្ញាធរ​ស្រុក​ខេត្ត ជួយ​អន្តរាគមន៍​ផ្ដល់​ជា​ម៉ាស៊ីន​បូម​ទឹក​សម្រាប់​បូម​ទឹក​ធ្វើ​ស្រែ។ លោក​បន្ត​ថា អ្នក​ភូមិ​ភាគ​ច្រើន​មាន​ជីវភាព​ខ្វះ​ខាត ហើយ​មួយ​ចំនួន​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ស្រូវ​អង្ករ​ហូប​ពី​ពេល​បច្ចុប្បន្ន​នេះ​ហើយ ៖ «គម្រោង​ខ្ញុំ​ស្នើ​ថ្នាក់​លើ​ជួយ​ជា​អង្ករ ជួយ​ជា​ម៉ាស៊ីន​បូម​ទឹក»

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា មាន​ប្រសាសន៍​ថា នៅ​គ្រប់​ស្រុក​ក្នុង​ខេត្ត អ្នក​ភូមិ​ដែល​និយម​ធ្វើ​ស្រូវ​សន្ទូង គឺ​ធ្វើ​បាន​ត្រឹម​តែ ១០% លើ​ផ្ទៃ​ដី​ស្រែ​សន្ទូង​ជាង ១​ម៉ឺន​ហិកតារ។ លោក​បន្ត​ថា ក៏​ប៉ុន្តែ​សម្រាប់​ចម្ការ​ដាំ​ស្រូវ​របស់​អ្នក​ភូមិ​ជាង ១៥.០០០​ហិកតារ​ទៀត បាន​ដាំ​រួចរាល់​ប្រមាណ ៩០%​ហើយ។

លោក សយ សូណា បាន​អះអាង​ថា ៖ «ភ្លៀង​បាន​រាំង​មួយ​រយៈ។ សំណាប​ខ្លះ​មាន​លក្ខណៈ​ក្រិន​ដើម ហើយ​ប្រជាជន​មួយ​ចំនួន​ចាប់ផ្ដើម​ដាស់​ដី​ទៅ គឺ​ទឹក​ភ្លៀង​លែង​មាន គាត់​ក៏​ឈប់​ដាស់​ដី​ទៅ!កន្លែង​ខ្លះ​ណា តំបន់​ដូច​ជា​កូនមុំ លំផាត់​ហ្នឹង យើង​អត់​មាន​កន្លែង​ដែល​ត្រូវ​ជួយ​គាត់​បាន​ទេ គឺ​អត់​ប្រភព​ទឹក​ហ្នឹង​ណា៎!»

មន្ទីរ​ធនធាន​ទឹក និង​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី បាន​ត្រៀម និង​ផ្ដល់​ម៉ាស៊ីន​បូម​ទឹក ដើម្បី​ជួយ​បូម​ទឹក​បញ្ចូល​ស្រែ ដល់​កសិករ​ដែល​នៅ​ជិត​ប្រភព​ទឹក និង​ផ្ដល់​ពូជ​ស្រូវ​ស្រាល​ឲ្យ​កសិករ​ខ្ចី។ ជាមួយ​នោះ​ដែរ អាជ្ញាធរ​ខេត្ត​បាន​អំពាវនាវ​ឲ្យ​កសិករ​យក​ចិត្ត​ទុក​ដាក់​បង្វែរ​មក​ធ្វើ​ស្រូវ​ស្រាល​វិញ និង​ការ​ដាំ​ដំណាំ​រួម​ផ្សំ មាន​ពោត ដំឡូង សណ្ដែក ដើម្បី​រួម​ចំណែក​ដោះស្រាយ​កង្វះ​ខាត​ស្បៀង​អាហារ និង​គ្រោះ​ទុរ្ភិក្ស ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត​មិន​មាន​ភ្លៀង​គ្រប់គ្រាន់​ធ្វើ​ស្រែ​នា​ឆ្នាំ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល