ពលរដ្ឋ​នៅ​រតនគិរី​ចោទ​ថា​អាជ្ញាធរ​គំរាម​កំហែង​បំបិទ​សិទ្ធិ

ប្រជាពលរដ្ឋ​៤៧​គ្រួសារ​បាន​ផ្តិត​មេដៃ​លើ​ញតិ្តតវ៉ា​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​រួច​ហើយ ដោយ​ចោទ​ប្រកាន់​មន្រ្តី​អាជ្ញាធរ​ខេត្ត​រតនគិរី ថា​បាន​គំរាម​កំហែង​បំបិទ​សេរីភាព​ពួកគាត់​មិន​ឲ្យ​តវ៉ា​ពី​ប្រាក់​សំណង​ផលប៉ះពាល់ ស្តីពី​គំរោង​អភិវឌ្ឍន៏​ពង្រីក​ព្រលាន​យន្តហោះ​ខេត្ត​រតនគិរី ។

0:00 / 0:00

សេចក្តី​ប្តឹង​តវ៉ា​នេះ​ធ្វើឡើង​បន្ទាប់ពី​អភិបាល​ខេត្ត​រតនគិរី លោក ជ័យ សាយឿន បាន​កោះហៅ​អ្នក​ភូមិ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា​កន្លងទៅ ដើម្បី​ជួប​ប្រជុំ​ដោះស្រាយ​បញ្ហា ក៏ប៉ុន្តែ​លោក​មិនឲ្យ​អ្នក​ភូមិ​មាន​យោបល់​អ្វី​ឡើយ ។

អ្នកភូមិ​ឈ្មោះ សុខ ធី បញ្ជាក់​ពី​ហេតុការណ៏ ៖ «ជ័យ សាយឿន គាត់​និយាយ​ប្រហែល ២០​នាទី គាត់​ឈប់​អង្គប្រជុំ​តែម្ដង ហើយ​ថ្ងៃ​ហ្នឹង​គាត់​គំរាម​ថា នឹង​យក​អាត្រាក់​ទៅ​ឈូស​ក្នុង​ថ្ងៃ​ច័ន្ទ​ទៀត»

ចំណែក​អ្នកភូមិ​ឈ្មោះ ជុំ សុធី បញ្ជាក់​បន្ថែម ៖ «គេ​លើក​ឡើង​ថា ដី​ដែល​ត្រូវការ​សង​លុយ​ហ្នឹង គឺ​ដែល​មាន​ប្លង់​រឹង បើ​មាន​សំបុត្រ​តែ​ត្រឹម​ភូមិ ឃុំ​អី​ទេ គេ​អត់​មាន​សង​លុយ​ទេ»

ឆ្លើយតប​ចំពោះ​សេចក្តី​ចោទប្រកាន់​នេះ​អភិបាល​រង​ខេត្ត​រតនគិរី លោក ជ័យ សាយឿន មាន​ប្រសាសន៍​ថា នេះ​ជា​គោលការណ៏​របស់​អន្តរ​ក្រសួង ស្តីពី​សំណង​ផលប៉ះពាល់ ៖ «មាន​ដី​ខ្លះ​គាត់​មក​បោះ​បង្គោល​វាត​ទី​យក​ខាង​ក្រោយ​ប៉ម​តែម្ដង គឺ​លើ​ពី​ព្រលាន​ដែល​កំពុង​ដំណើរ​ការ ហ្នឹង​មិន​អាច​បាន​ទេ»

តាម​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​សាធារណៈ​របស់​ធនាគារ​អភិវឌ្ឍន៏​អាស៊ី ស្តីពី​គំរោង​អភិវឌ្ឍន៏​ពង្រីក​ព្រលាន​យន្តហោះ​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា​ការ​ខ្វះ​ខាត​ឯកសារ​កម្មសិទ្ធី​ដីធ្លី​ស្របច្បាប់​មិន​អាច​រារាំង​ដល់​ក្រុម​គ្រួសារ​ដែល​មាន​ផលប៉ះពាល់ ដោយសារ​គំរោង​ពី​ការ​ទទួល​នូវ​ការ​ជួយ​ឧបត្ថម្ភ​បាន​ឡើយ ។ ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​កំពុង​បាន​កាន់កាប់ ឬ​ប្រើប្រាស់​ដី​ធ្លី​ដែល​មាន​ផលប៉ះពាល់​ដោយសារ​គំរោង​នៅ​មុន​ពេល​ដែល​មាន​ការ​កំណត់​កាលបរិច្ឆេទ​ជា​ផ្លូវការ​ចុះ​វាស់វែង​នឹង​ត្រូវ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ពី​គំរោង ។

អតីត​ប្រធាន​គំរោង​រុះរើ​និង​តាំង​ទី​លំនៅ​ថ្មី លោក ផន ឫទ្ធី ហើយ​បច្ចុប្បន្ន​ជា​នាយក​អង្គការ​វឌ្ឍនភាព​មាន​ប្រសាសន៏​ថា តាម​គោលការណ៏​នៃ​អង្គការ​អន្តរជាតិ សំណង​ត្រូវ​បាន​ផ្តល់​សម្រាប់​គំរោង​ទាំងឡាយ​ដែល​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ។

លោក ផន ឫទ្ធី បាន​មាន​ប្រសាសន៍​ថា ៖ «ADB គេ​អត់​ចង់​ឲ្យ​ប្រជាជន​ហ្នឹង​ទទួល​គ្រោះថ្នាក់ ឬ​ក៏​ឈឺ​ចាប់​ដោយសារ​គម្រោង​គេ​ឲ្យ​លុយ​ទៅ​ធ្វើ​ទេ សំណង​ផល​ប៉ះពាល់​ហ្នឹង​គឺ​រដ្ឋាភិបាល​អត់​លុយ​ចេះ​តែ​ទៅ​ប្រជាជន​អ៊ីចឹង​ទៅ»

អតីត​ប្រធាន​ភូមិ​៣ លោក ទូច ងី​បញ្ជាក់​ថា​អតីត​ព្រលាន​យន្តហោះ​ខេត្ត​រតនគិរី​មាន​ទទឹង​ទំហំ​៧៥​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​និង​បណ្តោយ ១៦០០​ម៉ែត្រ​ក្រៅពី​នោះ​គឺ​ជា​ដី​ដែល​អ្នកភូមិ​តាំង​ទី​លំនៅ​និង​ធ្វើ​ចម្ការ​តាំងពី​ឆ្នាំ​១៩៨៥​មក ៖ «កាល​ចៅហ្វាយ​ខេត្ត​ឲ្យ​ខ្ញុំ​កាន់​ហ្នឹង ឲ្យ​លុយ ៤០​ម៉ឺន កាត់​ប៉ុណ្ណឹង»

មន្រ្តី​អាជ្ញាធរ​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា ធនាគារ​អភិវឌ្ឍន៏​អាស៊ី​និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០០៣ លើ​ថវិកា​កម្ចី​សម្រាប់​អនុគំរោងពីរ ស្តារ​ព្រលាន​យន្តហោះ​ខេត្ត​រតនគិរី​និង​ព្រលាន​យន្តហោះ​ខេត្ត​ស្ទឹងត្រែង​ក្នុង​គំរោង​ទឹកប្រាក់​ប្រមាណ​៧ ទៅ ៨​លាន​ដុល្លារ​សម្រាប់​ស្តារ​ព្រលាន​យន្តហោះ​ខេត្ត​រតនគិរី ។ ហើយ​តាម​ការ​គ្រោងទុក​រាជរដ្ឋាភិបាល​ចង់ឲ្យ​សម្រេច​ក្នុង​ឆ្នាំ ២០០៩ ៕