ក្រុម​ហ៊ុន​ចិន​ជួស​ជុល​ផ្លូវ​បាត់ដំបង-ប៉ៃលិន​ឡើង​វិញ

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឲ្យ​ក្រុម​ហ៊ុន​សំណង់​ចិន​ឈ្មោះ Chinese Road Bridge Company ធ្វើ​ការ​ជួស​ជុល​កំណាត់​ផ្លូវ​ខ្លះ នៃ​ផ្លូវ​ជាតិ​លេខ​៥៧ ឡើង​វិញ។
ដោយ សួន សុផល មុន្នី
2010-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​សំណាក​តា​ដំបង​គ្រញូង​នៅ​ក្នុង​ទីរួម​ខែត្រ​បាត់ដំបង។
រូប​សំណាក​តា​ដំបង​គ្រញូង​នៅ​ក្នុង​ទីរួម​ខែត្រ​បាត់ដំបង។
Photo: RFA

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឲ្យ​ក្រុម​ហ៊ុន​របស់​ចិន​មួយ​ធ្វើ​ការ​ជួស​ជុល ឈូស​ឆាយ​ផ្លូវ​ថ្នល់ ដែល​ទើប​កសាង​ថ្មីៗ នៅ​ត្រង់​កន្លែង​ខ្លះ នៃ​ផ្លូវ​ជាតិ​លេខ​៥៧ ចេញ រួច​ចាក់​ដី​បង្ហាប់​សា​ជា​ថ្មី​ឡើង​វិញ ដោយ​សារ​តែ​កំណាត់​ផ្លូវ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ឈូស​ឆាយ​ចេញ​នោះ បាន​កសាង​ឡើង មាន​គុណ​ភាព​អន់ ខុស​ស្តង់ដារ មិន​អាច​ប្រើ​ប្រាស់​ក្នុង​រយៈ​យូរ​អង្វែង​បាន។

ប្រធាន​គម្រោង​កសាង​ផ្លូវ​ជាតិ​លេខ​៥៧ របស់​រដ្ឋាភិបាល​ខ្មែរ លោក ភី លីដា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង កាល​ពី​ថ្ងៃ​សុក្រ ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១០​ថា ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន​បាន​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន Chinese Road Bridge Company របស់​ចិន ធ្វើ​ការ​កែ​សម្រួល ជួស​ជុល​លើ​កំណាត់​ផ្លូវ​ខ្លះ នៃ​ផ្លូវ​ជាតិ​លេខ​៥៧ ឡើង​វិញ ឲ្យ​មាន​គុណភាព​ល្អ ស្រប​តាម​ស្តង់ដារ ៖ «ធ្វើ​ឡើង​វិញ​អា​ហ្នឹង​កំណាត់​ផ្លូវ​កណ្ដាល វា​មាន​បី sections ធ្វើ​ឡើង​វិញ​ទាំង​អស់ កំណាត់​ទី​ពីរ​ចាប់​ពី​ចំណុច​គីឡូ​៤៩​ទៅ បូក​៤០​គីឡូ​ទៅ​មុខ ប៉ុន្តែ​វា​មិន​មែន​ខូច​ទាំង​អស់​ទេ វា​ខូច​តែ​កន្លែង​ខ្លះ ខូច​២០០​ម៉ែត្រ កន្លែង​ខ្លះ​ខូច​៥០០​ម៉ែត្រ កាត់​កង់ៗ»

ការ​សម្រេច​របស់​រដ្ឋាភិបាល​ខ្មែរ ក្នុង​ការ​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ចិន Chinese Road Bridge Company ធ្វើ​ការ​ជួស​ជុល​ផ្លូវ​ជាតិ​លេខ​៥៧ ពី​ខេត្ត​បាត់ដំបង ទៅ​ខេត្ត​ប៉ៃលិន​ឡើង​វិញ ហើយ​ចាក់​ដី​បង្ហាប់​ធ្វើ​ផ្លូវ​សា​ជា​ថ្មី​នេះ គឺ​បន្ទាប់​ពី​ក្រុម​មន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន ជាង​១០​នាក់ កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ចុះ​ពិនិត្យ​ឃើញ​ថា កំណាត់​ផ្លូវ​ដែល​កសាង​រួច​ហើយ ត្រូវ​ឈូស​ឆាយ​ចេញ​ធ្វើ​ឡើង​ជា​ថ្មី​នោះ គឺ​មាន​គុណភាព​អន់ ខុស​ស្តង់ដារ។

មន្ត្រី​នៃ​មន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​ដែល​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ចិន ឈ្មោះ Chinese Road Bridge Company ធ្វើ​ការ​ឈូស​ឆាយ ដើម្បី​ចាក់​បង្ហាប់​ធ្វើ​ផ្លូវ​ថ្នល់​សា​ជា​ថ្មី​នោះ មាន​ចម្ងាយ​ប្រហែល​ជាង​១០​គីឡូ​ម៉ែត្រ​ពី​ភ្នំ​សំពៅ ចាប់​ពី​ចំណុច PK40 PK42 PK43 ឡើង​ទៅ​ប្រវែង​ជាង​៤០​គីឡូ​ម៉ែត្រ ត្រូវ​កា​យក​ចេញ​ទាំង​អស់។

តំណាង​ក្រុមហ៊ុន​ចិន​ដែល​ទទួល​បាន​សិទ្ធិ​ម៉ៅ​ការ​ពី​រដ្ឋាភិបាល​ខ្មែរ ក្នុង​ការ​ធ្វើ​ផ្លូវ​ជាតិ​លេខ​៥៧ អតីត​ផ្លូវ​ជាតិ​លេខ​១០​ចាស់ ពី​ខេត្ត​បាត់​ដំបង​ទៅ​ខេត្ត​ប៉ៃលិន មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ការ​ទាម​ទារ​របស់​រដ្ឋាភិបាល​ខ្មែរ​ខាង​លើ​នេះ​បាន​ទេ។

ប្រភព​ពី​មន្ត្រី​នៃ​មន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន Chinese Road Bridge Company បាន​យល់ ប៉ុន្តែ​ការ​ចាប់​ផ្ដើម​ជួស​ជុល​ឡើង​វិញ អាច​ត្រូវ​ពន្យារ​រហូត​ទៅ​ដល់​ខែ​តុលា ឬ​ខែ​វិច្ឆិកា ឆ្នាំ​២០១០​នេះ ដោយ​រដូវ​វស្សា​មិន​អាច​ធ្វើ​បាន ៖ «គេ​វាយ​តម្លៃ​មិន​អាច​ទទួល​យក​បាន ឲ្យ​កាយ​ចេញ​ទាំង​អស់ ការ​កាយ​មិន​ធ្វើ​នៅ​ខែ​វស្សា​ហ្នឹង​បាន​ទេ ចាំ​ដល់​ខែ​ប្រាំង​បាន​ធ្វើ ដូច្នេះ​ក្នុង​ខែ​១០ ខែ​១១ បាន​ចាប់​ផ្ដើម​ឲ្យ​វា​កាយ​ធ្វើ មួយ​កន្លែង​ប្រហែល​ជាង​១០​គីឡូ ជិត​២០​គីឡូ ឲ្យ​កាយ​ទាំង​អស់»

ផ្លូវ​ជាតិ​លេខ​៥៧​ថ្មី ដែល​ជា​អតីត​ផ្លូវ​ជាតិ​លេខ​១០​ចាស់ ដែល​ស្ថាបនា​ដោយ​ក្រុម​ហ៊ុន​ចិន​ខាង​លើ​នេះ មាន​ទ្រូង​ផ្លូវ​ប្រវែង ១១​ម៉ែត្រ មាន​បណ្ដោយ​ចម្ងាយ​១០៣​គីឡូ​ម៉ែត្រ ចេញ​ពី​ខេត្ត​បាត់ដំបង ទៅ​ដល់​ព្រំដែន​ខេត្ត​ប៉ៃលិន ជាប់​ព្រំដែន​ប្រទេស​ថៃ។ បច្ចុប្បន្ន​ផ្លូវ​ជាតិ​លេខ​៥៧​នេះ ត្រូវ​ក្រុមហ៊ុន​ចិន Chinese Road Bridge Company កសាង​រួច​រាល់​បាន​ប្រហែល​ជា​៧០%​ប៉ុណ្ណោះ។

មន្ត្រី​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ចិន Chinese Road Bridge Company ទទួល​បាន​សិទ្ធិ​ម៉ៅ​ការ​ក្នុង​ការ​កសាង​ផ្លូវ​ជាតិ​លេខ​៥៧ ដោយ​បាន​ធ្វើ​កុងត្រា​រយៈ​ពេល​៤៤​ខែ ជា​មួយ​រដ្ឋាភិបាល​ខ្មែរ ក្រោម​ការ​ចំណាយ​ថវិកា​ជាង​៤១​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។ ក្រុមហ៊ុន​ចិន​នេះ​បាន​ចាប់​ផ្ដើម​បើក​ការដ្ឋាន​ធ្វើ​ផ្លូវ​ជាតិ​លេខ​៥៧ ពី​ខេត្ត​បាត់ដំបង​ទៅ​ខេត្ត​ប៉ៃលិន តាំង​ពី​ចុង​ឆ្នាំ​២០០៨ រហូត​មក​ទល់​ឆ្នាំ​២០១០​នេះ។ ក្រុម​ហ៊ុន​ចិន នៅ​សល់​រយៈ​ពេល​ជិត ២​ឆ្នាំ​ទៀត ក្នុង​ការ​ធ្វើ​ផ្លូវ​ជាតិ​លេខ​៥៧ ឲ្យ​រួច​រាល់​ជាស្ថាពរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល