ចោរ​លួច​ម៉ូតូ​និង​សត្វ​ពាហនៈ​កើន​ឡើង​នៅ​ក្នុង​ខែត្រ​កំពង់ចាម

អំពើ​ចោរកម្ម​លួច​ម៉ូតូ និង​សត្វ​ពាហនៈ​ដែល​អ្នក​ស្រុក​ពឹង​អាស្រ័យ​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​មាន​ការ​កើន​ឡើង​នៅ​ភូមិ​មួយ​ចំនួន ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម ប៉ុន្តែ​សមត្ថកិច្ច​មិន​អាច​បង្ក្រាប​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព។
ដោយ ទីន ហ្សាការីយ៉ា
2010.05.17

អ្នក​ភូមិ​ទី​២ ឃុំ​ស្វាយឃ្លាំង ស្រុក​ក្រូចឆ្មារ ខែត្រ​កំពង់ចាម បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ឧសភា ថា ពួក​គាត់​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ចោរកម្ម​កើត​មាន ដែល​បាន​លួច​គោ​អ្នក​ភូមិ​អស់​ជា​ច្រើន​ក្បាល និង​ម៉ូតូ​អស់​ប្រមាណ ១០​គ្រឿង​នៅ​ដើម​ខែ​ឧសភា ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

ពលរដ្ឋ​ឈ្មោះ ភ្លី បាន​និយាយ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ម៉ូតូ​អ្នក​ភូមិ​ក្នុង​ស្រុក​ក្រូចឆ្មារ​ត្រូវ​បាន​ចោរ​លួច ដោយ​ក្រុម​ចោរ​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​ដើរ​សួរ​រក​ទិញ​មាន់ ហើយ​ពេល​ស្ងាត់​ក៏​ឆ្មក់​លួច​យក​ម៉ូតូ​តែម្ដង និង​មួយ​ទៀត​គេ​លួច​នៅ​តាម​រោងការ​ជាដើម។ លោក​បាន​បញ្ជាក់​ថា សព្វ​ថ្ងៃ​អ្នក​ភូមិ​បាន​ដាក់​វេន​គ្នា​យាម​ទាំង​យប់ ទាំង​ថ្ងៃ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​បង្ក្រាប​ក្រុម​ចោរ​បាន​ទេ។

លោក ភ្លី បាន​បញ្ជាក់​ថា ៖ «បើ​សិន​ជា​ខាង​រដ្ឋាភិបាល​ចាត់​វិធានការ​យ៉ាង​ណា​ឲ្យ​ប៉ូលិស​ជួយ​ចូលរួម​សហការ​ជាមួយ​ប្រជា​ពលរដ្ឋ​ផង ព្រោះអី​ប្រជា​ពលរដ្ឋ​ចិញ្ចឹម​សត្វ​គោ ក្របី​នេះ វា​មាន​បញ្ហា​បាត់​កាន់​តែ​ច្រើន ហើយ​បញ្ហា​មួយ​ទៀត​គឺ​បញ្ហា​ម៉ូតូ ម៉ូតូ​បាត់​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​តែម្ដង!»

បុរស​មួយ​រូប​ឈ្មោះ ឡេះ បាន​និយាយ​ថា កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា​កន្លង​ទៅ ក្រុម​ចោរ​មាន​គ្នា​ពីរ​នាក់​បាន​លួច​ម៉ូតូ​ម៉ាក Honda ស៊េរី ២០១០ នៅ​ក្រោម​ផ្ទះ​របស់​គាត់ នៅ​វេលា​ម៉ោង ១២​ថ្ងៃ ហើយ​អ្នក​ភូមិ​សហការ​ជាមួយ​សមត្ថកិច្ច​ដេញ​តាម​ចោរ​ដល់​ឃុំ​ព្រែកអាជី មាន​ចម្ងាយ​ផ្លូវ​ប្រមាណ ៤០​គីឡូ​ម៉ែត្រ ចោរ​បាន​ជិះ​ម៉ូតូ​ចូល​ព្រៃ ហើយ​រត់​គេច​ខ្លួន​បាត់។ រីឯ​ម៉ូតូ​របស់​លោក​ត្រូវ​បាន​មន្ត្រី​នគរបាល​ឃុំ​កំពង់ទ្រាស​យក​ទៅ​ធ្វើ​កំណត់​ហេតុ ប៉ុន្តែ​ត្រូវ​បាន​នគរបាល​មួយ​រូប​ឈ្មោះ គី ណាល់ ហៅ ក្រីម ទារ​លុយ​ពី​គាត់​ចំនួន ៤០០​ដុល្លារ​ទើប​គេ​ប្រគល់​ម៉ូតូ​ឲ្យ​វិញ។

លោក ឡេះ បាន​ឲ្យ​ដឹង​ថា ៖ «ឥឡូវ​ខ្ញុំ​ជូន​បង​ឯង ៥០​ដុល្លារ មេ​ប៉ុស្តិ៍​ថា បង​ឯង​ម៉ូតូ​រាប់​ពាន់​ឲ្យ​ខ្ញុំ ៥០? ខ្ញុំ​គ្រាន់តែ​សហការ​ជាមួយ​បង​ឯង​តិច​តួច​ទេ ប៉ុន្តែ​អ្នក​ដេញ​ម៉ូតូ​មក​ហ្នឹង គឺ​គ្នា​ខ្ញុំ​ទេ បាន​ខ្ញុំ​ឲ្យ​បង​ឯង​ប៉ុណ្ណឹង! ហើយ​ពេល​នោះ​គាត់​សុំ​ខ្ញុំ ១០០ ខ្ញុំ​ថា ១០០ ខ្ញុំ​អត់​បាន​ទេ ព្រោះ​ខ្ញុំ​ក្រ​ណាស់!»

មន្រ្តី​នគរបាល​ឃុំ​កំពង់ទ្រាស លោក គីណាល់ ហៅ ក្រីម បាន​ទទួល​ស្គាល់​ថា លោក​បាន​ទារ​លុយ​ចំនួន ៤០០​ដុល្លារ​មែន ដើម្បី​ចែក​គ្នា​ថ្លៃ​ចាក់​សាំង​ម៉ូតូ ប៉ុន្តែ​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​លោក​តែ ៥០​ដុល្លារ​ទេ ៖ «មនោសញ្ចេតនា គាត់​ខ្ញុំ ៥០(ដុល្លារ) អ៊ីចឹង​យក​មក​ចែក​គ្នា​ចាក់​សាំង​ទៅ បាន​ម្នាក់​ពីរ​ៗ​លីត្រ​ដែរ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក ឡៃ ងួន អធិការ​ស្រុក​ក្រូចឆ្មារ ដើម្បី​សុំ​បំភ្លឺ​អំពី​ករណី​មាន​ចោរកម្ម​ច្រើន​នៅ​ក្នុង​ស្រុក​ក្រូចឆ្មារ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា។

ស្នងការ​នគរបាល​ខែត្រ​កំពង់ចាម លោក នួន សាមិន បាន​បញ្ជាក់​ថា សមត្ថកិច្ច​មាន​តួនាទី​ធ្វើ​ការ​ការពារ​សន្តិសុខ​ភូមិ ហើយ​ការ​ជំរិត​ទារ​លុយ​ពី​ប្រជា​ពលរដ្ឋ គឺ​ជា​រឿង​ខុស​ច្បាប់។

លោក នួន សាមិន បាន​មាន​ប្រសាសន៍​ថា ៖ «រដ្ឋ​អំណាច​ក៏​ដោយ សមត្ថកិច្ច​ថ្នាក់​ណា​ក៏​ដោយ បើ​ប្រជា​ពលរដ្ឋ​គេ​ចាប់​ចោរ​បាន​ហើយ ទៅ​យក​លុយ​កាក់​ពី​គេ អា​ហ្នឹង​វា​មិន​ដែល​មាន​ទេ! ដូច​ជា​ហួស​ហេតុ ហួស​ខ្នាត​ពេក​ណា៎!»

លោក នួន សាមិន បាន​អះអាង​ទៀត​ថា មិន​មាន​បញ្ហា​ចោរកម្ម​កើត​មាន​ច្រើន​ទេ នៅ​ក្នុង​ស្រុក​ក្រូចឆ្មារ មាន​តែ ៤​ករណី​ទេ​នា​ពេល​កន្លង​មក ក្នុង​នោះ​លួច​ម៉ូតូ ២​ករណី លួច​គោ ១​ករណី និង​ការ​វាយ​គ្នា​រវាង​ក្រុម​បង​តូច​បង​ធំ ១​ករណី។

យ៉ាង​នេះ​ក្ដី​ប្រភព​ពី​ប្រជា​ពលរដ្ឋ​បាន​លើក​ឡើង​ថា មាន​ករណី​ចោរ​លួច​គោ និង​លួច​ម៉ូតូ​មួយ​ចំនួន អ្នក​ភូមិ​មិន​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ទេ ដោយសារ​តែ​ការ​ប្ដឹង​ទៅ​មិន​បាន​ការ ហើយ​សមត្ថកិច្ច​មិន​សូវ​អើពើ និង​ទារ​លុយ​ពី​ពួក​គាត់​ទៀត​ផង ដូច្នេះ​អ្នក​ភូមិ​សុខចិត្ត​តាម​រក​គោ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ការ​តាម​រក​គឺ​មិន​ឃើញ​នោះ​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។