ជន​ភៀសខ្លួន Rohingya នៅ​កម្ពុជា​ខ្វះ​ស្បៀង

ជន​ជាតិ​ភាគ​តិច​កាន់សាសនា​ឥស្លាម រូហ៊ីងយ៉ា (Rohingya) នៃ​ប្រទេស​ភូមា ចំនួន​៣២​នាក់ កំពុង​ប្រឈម​នឹង​ដាច់​ស្បៀង ខណៈ​ដែល​ពួក​គេ​កំពុង​រង់ចាំ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ដល់​ពួក​គេ។
ដោយ យន់ សាមៀន
2010.06.21
Rohingya305 ជន​ភៀស​ខ្លួន​រូហ៊ីងយ៉ា (Rohingya) ដែល​ប្រឈម​នឹង​ការ​កាត់​ទោស​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ប្រទេស​ថៃ កាល​ពី​ខែមករា ឆ្នាំ២០០៩
AFP photo

ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម រូហ៊ីងយ៉ា នៃ​ប្រទេស​ភូមា ចំនួន ៣២​នាក់ កំពុង​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពួក​គេ​មក​ដល់​កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ។

ជន​ជាតិ​ភាគ​តិច​រូហ៊ីងយ៉ា ទាំង​៣២​នាក់​នេះ កំពុង​ជួប​វិបត្តិ​ខ្វះ​ស្បៀង​អាហារ​នៅ​ភ្នំពេញ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ពី​ការ​ផ្ដល់​សិទ្ធិ​ជ្រកកោន​នេះ។

អង្គ​សិទ្ធិ​មនុស្ស​អន្តរជាតិ Amnesty International បាន​រក​ឃើញ​ថា ជន​ជាតិ​ភាគ​តិច​រូហ៊ីងយ៉ា​របស់​ភូមា រស់​នៅ​ខេត្ត​រាក់ខិន ភាគ​ខាង​លិច​របស់​ភូមា បាន​ទទួល​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពី​អាជ្ញាធរ​ភូមា ហើយ​សិទ្ធិ​សេរីភាព​របស់​ពួក​គេ ត្រូវ​បាន​រឹតត្បិត និង​ភាគ​ច្រើន​មិន​ត្រូវ​បាន​ផ្ដល់​សញ្ជាតិ​ភូមា។

លោក​ស្រី គ្រីស​ស្ទីនា ផ្លានាស (Christina Planas) ទីប្រឹក្សា​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​មិថុនា​ថា ជន​ភៀស​ខ្លួន​ត្រូវ​បាន​សម្ភាសន៍​ដោយ​រដ្ឋាភិបាល​រួច​ហើយ។ អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន បាន​ជួយ​សម្រួល​ការ​សម្ភាសន៍​របស់​ពួក​គេ។លោក​ស្រី​ថា អង្គការ​សហ​ប្រជា​ជាតិ​នឹង​ផ្ដល់​ជំនួយ​ទៅ​ដល់​ពួក​គេ ប្រសិន​បើ​គេ​មាន​តម្រូវ​ការ​ចាំ​បាច់។

សារព័ត៌មាន​កាលាដាន ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​មិថុនា​នេះ​ថា ជន​ជាតិ​ភាគ​តិច​រូហ៊ីងយ៉ា​របស់​ភូមា​ចំនួន​៣២​នាក់ កំពុង​ជួប​វិបត្តិ​ខ្វះ​ស្បៀង​អាហារ​នៅ​ភ្នំពេញ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រង់ចាំ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ពី​ការ​ផ្ដល់​សិទ្ធិ​ជ្រក​កោន​នេះ។

សារព័ត៌មាន​ដដែល​នេះ​បាន​សម្ភាសន៍​ជន​ភៀស​ខ្លួន​ម្នាក់ ឈ្មោះ Mohamad Tayub ថា​ប្រសិន​បើ​គ្មាន​ជំនួយ​ម្ហូប​អាហារ​ទេ ពួក​គេ​នឹង​ស្លាប់។ ពួក​គេ​កំពុង​ស្នាក់​នៅ​ខណ្ឌ​ឫស្សីកែវ​ទាំង​៣២​នាក់។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​មិថុនា​នេះ​ថា លោក​មិន​បាន​ដឹង​ថា ជន​ភៀស​ខ្លួន​ទាំង​នោះ កំពុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ទេ។ លោក​បន្ថែម​ថា ប្រសិន​បើ​មាន​ការ​សុំ​សិទ្ធិ​ជ្រក​កោន​មែន​នោះ រដ្ឋាភិបាល​នឹង​ពិនិត្យ​មើល​សំណើ​នេះ។

សហរដ្ឋ​អាមេរិក បាន​សម្រេច​ចិត្ត​ផ្អាក​ជំនួយ​យោធា​មក​ដល់​កម្ពុជា ដើម្បី​សម្ដែង​ការ​ជំទាស់​ទៅ​នឹង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាប់​បញ្ជូន​ដោយ​បង្ខំ​នូវ​ជន​ជាតិ​ភាគ​តិច​ចិន អ៊ុយហ្គរ៍ (Uighur) ប្រមាណ ២០​នាក់ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០០៩ កន្លង​ទៅ ប្រគល់​ឲ្យ​ប្រទេស​ចិន​វិញ នៅ​គ្រា​ដែល​ជន​ជាតិ​ភាគ​តិច​ចិន​ទាំង​នោះ កំពុង​តែ​សុំ​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ​ពី​អង្គការ UNHCR ក្នុង​ប្រទេស​កម្ពុជា៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។