តួនាទី​អង្គការ​អន្តរជាតិ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា

បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា មាន​អង្គការ​អន្តរជាតិ​ជា​ច្រើន​រយ​ស្ថាប័ន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ប្រមាណ​ជិត ២​ពាន់​អង្គការ ដែល​កំពុង​បំពេញ​បេសកកម្ម​ជួយ​អភិវឌ្ឍ​ប្រទេស​ខ្មែរ។

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ថ្លែង​ថា អង្គការ​អន្តរជាតិ​បាន​រួម​ចំណែក​ច្រើន​ដល់​ការ​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើង​វិញ ហើយ​កម្ពុជា ពិត​ជា​ត្រូវការ​ការ​ចូល​រួម​ពី​ស្ថាប័ន​អង្គការ​អន្តរជាតិ​ទាំង​នោះ​បន្ថែម​ទៀត ដើម្បី​ជំរុញ​ល្បឿន​អភិវឌ្ឍ​ប្រទេស​កម្ពុជា តទៅ​មុខ​ទៀត។

លោក កុយ គួង ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ និង​ជា​មន្ត្រី​នាំ​ពាក្យ​របស់​ក្រសួង​ផង ថ្លែង​ថា អង្គការ​អន្តរជាតិ​មួយ​ចំនួន​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា និង​បាន​ធ្វើការ​ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ​ចាប់​តាំង​ពី​ឆ្នាំ ១៩៧៩ មក​ម្ល៉េះ។

លោក កុយ គួង បាន​ថ្លែង​ដូច្នេះ ៖ «តាំង​ពី ១៩៧៩ ដោយ​ផ្ដោត​ទៅ​លើ​កម្មវិធី​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ ជំនួយ​សង្រ្គោះ​បន្ទាន់​ដល់​ជន​ភៀស​ខ្លួន និង​ជន​រង​គ្រោះ​ដោយសារ​របប​ខ្មែរ​ក្រហម»

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា អង្គការ​អន្តរជាតិ​ដែល​ចង់​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​តម្រូវ​ឲ្យ​ចុះ​បញ្ជី​នៅ​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ហើយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក គឺ​តម្រូវ​ឲ្យ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។

លោក កុយ គួង ថ្លែង​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​អង្គការ​អន្តរជាតិ​ចំនួន ៤៥២​ស្ថាប័ន បាន​ចុះ​បញ្ជី​នៅ​ក្រសួង។ ជាមួយ​គ្នា​នេះ នៅ​កម្ពុជា មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ជាង ២.០០០​ស្ថាប័ន​ទៀត ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​អាច​បំពេញ​ការងារ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ ជា​អគ្គលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ផង​នោះ។

លោក កុយ គួង ថ្លែង​បន្ត​ទៀត​ថា ដោយ​មើល​ឃើញ​ថា កម្ពុជា​ធ្លាប់​ជា​ប្រទេស​មួយ​ដែល​រង​គ្រោះ​ដោយសារ​សង្គ្រាម ហើយ​ធនធាន​មនុស្ស​ត្រូវ​បាត់​បង់​នា​អំឡុង​របប​ខ្មែរ​ក្រហម​នោះ អង្គការ​អន្តរជាតិ​ភាគច្រើន​បាន​ធ្វើ​ការងារ​របស់​ខ្លួន​ដោយ​ផ្តោត​ជា​សំខាន់​លើ​វិស័យ​សុខុមាលភាព​សង្គម។

លោក កុយ គួង បាន​ថ្លែង​បន្ត​ដូច្នេះ ៖ «សុខុមាលភាព​សង្គម​នេះ គឺ​ផ្ដោត​ទៅ​លើ​សង្គមកិច្ច សុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិវឌ្ឍ​ជនបទ និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផ្សេងៗ​ទៀត។ ចំណុច​ទី​២ គឺ​ការងារ​ពង្រឹង​នីតិរដ្ឋ និង​អភិបាលកិច្ច​ល្អ។ ចំណុច​នេះ​មាន​ន័យ​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ គឺ​គេ​បាន​ផ្ដោត​ទៅ​លើ​ការ​ផ្ដល់​សេវា​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់ ការ​បណ្ដុះបណ្ដាល​ផ្នែក​ច្បាប់ ការ​កសាង​សមត្ថភាព​របស់​មន្រ្តី​អនុវត្ត​ច្បាប់ របស់​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល និង​ការ​ពង្រឹង​នយោបាយ​វិមជ្ឈការ ខេត្ត ស្រុក ខណ្ឌ ។ល។ និង ។ល។»

ចំណែក​ឯ​លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ ក៏​បាន​ថ្លែង​ទទួល​ស្គាល់​ដែរ​ថា អង្គការ​អន្តរជាតិ​គឺ​ពិត​ជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​កម្ពុជា ទោះ​ការ​ជួយ​នោះ​លើ​វិស័យ​ណា​ក៏ដោយ ៖ «ប្រទេស​យើង​ទើប​តែ​នឹង​រួច​ផុត​ពី​សង្រ្គាម រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍ បើ​សិនជា​ពុំ​មាន​ដៃគូ​អភិវឌ្ឍន៍​ទេ ក៏​យើង​មិន​អាច​ទទួល​បាន​នូវ​លទ្ធផល​ដូច​បច្ចុប្បន្ន​ហ្នឹង​ដែរ វា​អាច​តិច​ជាង​ហ្នឹង អ៊ីចឹង​វា​ជា​ការ​រួម​ចំណែក​របស់​ដៃគូ​អភិវឌ្ឍន៍​យើង​ដែរ។ ហើយ​បណ្ដា​ប្រទេស​ផ្សេងៗ​គាត់​ធ្វើការ​ផ្ដល់​ថវិកា​តាម​រយៈ​ភ្នាក់ងារ​អភវិឌ្ឍន៍​ហ្នឹង ដូច​ជា UNDP, SIDA ដូចជា DFID ដូចជា​អង្គការ​ច្រើន​ផ្សេងៗ​ទៀត»

លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ ថ្លែង​បន្ត​ថា កម្ពុជា​ក៏​នៅ​ត្រូវ​ការ​ការ​ចូល​រួម​ពី​អង្គការ​អន្តរជាតិ​ទាំង​នោះ​ត​ទៅ​ទៀត​នៅ​ឡើយ ៖ «មិន​ចាំបាច់​តែ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទេ សូម្បី​តែ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ហើយ​ហ្នឹង ក៏​ត្រូវ​ការ​កិច្ច​ប្រតិបត្តិការ​អន្តរជាតិ​ហ្នឹង​ដែរ ដូច្នេះ​ខ្ញុំ​យល់​យើង​ត្រូវការ​គ្នា​តែ​រហូត​ហ្នឹង​នៅ​ក្នុង​សកល​ភាវូបនីយកម្ម​នេះ។ យើង​ត្រូវការ​គ្នា ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក មិន​អាច​ប្រទេស​ណា​មួយ​ធ្វើ​កិច្ចការងារ​អ្វី​តែ​ឯង​បាន​ទេ»

របាយការណ៍​របស់​រដ្ឋាភិបាល​ខ្មែរ​បាន​បង្ហាញ​ថា នៅ​ប្រទេស​កម្ពុជា មាន​ពលរដ្ឋ​ប្រមាណ ៨០% ធ្វើ​កសិកម្ម ហើយ​កម្ពុជា ក៏​នៅ​មាន​ពលរដ្ឋ​ចំនួន ៣០% កំពុង​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​នៅ​ឡើយ ។

រហូត​មក​ទល់​បច្ចុប្បន្ន កម្ពុជា​ក៏​នៅ​ត្រូវ​ការ​ជំនួយ​ឧបត្ថម្ភ​ពី​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ ក្នុង​ទឹក​ប្រាក់​រវាង​ពី ៦០០​លាន​ដុល្លារ ទៅ ១.០០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដើម្បី​បំពេញ​បន្ថែម​សម្រាប់​ចំណាយ​ក្នុង​ខ្ទង់​ថវិកា​ជាតិ។

តំណាង​រាស្ត្រ​មួយ​រូប​នៃ​គណបក្ស​សមរង្ស៊ី ដែល​ជា​បក្ស​ប្រឆាំង​ធំ​មួយ​ក្នុង​រដ្ឋ​សភា​ជាតិ បាន​ថ្លែង​ទទួល​ស្គាល់​អំពី​តួនាទី​នៃ​អង្គការ​អន្តរជាតិ​ទាំង​នោះ ថា​បាន​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ខ្មែរ និង​បាន​ជួយ​ស្តារ​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី គឺ​លោក សុន ឆ័យ ថ្លែង​ថា ជំនួយ​អន្តរជាតិ​មួយ ចំនួន​មិន​បាន​ដល់​ដៃ​ពលរដ្ឋ​ដែល​ត្រូវការ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ហើយ​ដែល​ទាមទារ​ឲ្យ​អង្គការ​អន្តរជាតិ​ទាំង​ឡាយ​ដែល​កំពុង​ជួយ​កម្ពុជា ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ប្រសិទ្ធភាព​នៃ​ថវិកា​ជំនួយ​របស់​ខ្លួន។

លោក​តំណាង​រាស្ត្រ សុន ឆ័យ ថ្លែង​បន្ត​ថា ក្រៅ​ពី​ការ​ជួយ​ផ្នែក​វិស័យ​សុខភាព និង​ការ​អភិវឌ្ឍ​ជនបទ មាន​វិស័យ​សំខាន់​ពីរ​ទៀត​ដែល​ស្ថាប័ន​អង្គការ​អន្តរជាតិ​ទាំង​ឡាយ​ត្រូវ​តែ​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង គឺ​ជំរុញ​ការ​កែ​ទម្រង់​វិស័យ​អភិបាលកិច្ច​ល្អ និង​អភិវឌ្ឍ​វិស័យ​អប់រំ។

លោក សុន ឆ័យ មាន​ប្រសាសន៍​ដូច្នេះ ៖ «ទី​១ ត្រូវ​ពង្រឹង​ស្ថាប័ន​ជាតិ​ហ្នឹង​ឲ្យ​វា​រឹងមាំ​ឡើង ដូច​ជា​សភា ដូច​ជា​ខាង​រដ្ឋបាល​អីៗ​ហ្នឹង...។ មួយ​ទៀត គឺ​គេ​យក​លុយ​នោះ​មួយ​ចំនួន​គេ​ធ្វើ​ខ្លួន​គេ បើ​គេ​ធ្វើ​បាន​គឺ​ជួយ​លើ​វិស័យ​អប់រំ និង​ហ្វឹកហ្វឺន​ចំណេះ​ដឹង​បច្ចេកទេស ដើម្បី​ជួយ​ឲ្យ​ពលរដ្ឋ​មាន​លទ្ធភាព​បង្កើត​ផលិតផល​ខ្លួន​ឯង ដូច​យើង​ថា ស៊ូ​ឲ្យ​សន្ទូច​កុំ​ឲ្យ​ត្រី។ ដល់​ពលរដ្ឋ​មាន​ចំណេះ មាន​ជំនាញ អាច​រក​ជីវភាព​បាន​ទៅ វា​ឈប់​រំពឹង​អំណោយ​អី​ពី​ពួក​អ្នក​ផ្ដាច់ការ​ហ្នឹង គឺ​សង្គម​ផ្លាស់​ខ្លួន​វា»

ទាក់ទិន​ការ​ជំរុញ​ការ​កែ​ទម្រង់​វិស័យ​អភិបាលកិច្ច​ល្អ​នៅ​កម្ពុជា លោក​តំណាង​រាស្ត្រ សុន ឆ័យ ថ្លែង​ថា បើ​គ្មាន​អភិបាលកិច្ច​ល្អ​ទេ ការ​អភិវឌ្ឍ​នឹង​ត្រូវ​រាំង​ស្ទះ ហើយ​ពលរដ្ឋ​ខ្មែរ​នឹង​នៅ​ជា​ចំណាប់​ខ្មាំង​នៃ​ភាពក្រីក្រ​បន្ត​ទៀត។

លោក សុន ឆ័យ បាន​ថ្លែង​បន្ត​ដូច្នេះ ៖ «សភា​យើង​លេង​សុទ្ធ​តែ​បក្ស​ទាំង​អស់​ហើយ បក្ស​ប្រឆាំង​អត់​មាន​សិទ្ធិ​និយាយ​ស្ដី សួរ​នាំ​ហ្នឹង Check and balance គឺ​វា​ចប់​ពី​ហ្នឹង​ទៅ Corruption វា​ក្រោយ​ទេ កាលណា​តែ​យើង​មាន​គេ​ហៅ​ថា System of government។ វា​អត់ System យើង​មិន​ដឹង​ជា​យក​ក្បួន​អី​មក​គ្រប់គ្រង​ប្រទេស អត់​ដឹង​ទាំង​អស់​តែម្ដង វា​ស្រេច​តែ​នឹង​បុគ្គល​ចាត់ចែង​បក្ស​ពួក ហើយ​សភា​អត់​ហ៊ាន​សួរ​រដ្ឋាភិបាល នាយក​រដ្ឋមន្រ្តី​មិន​ដែល​មក​ឆ្លើយ​នៅ​សភា រួច​រដ្ឋ​មន្រ្តី​នីមួយៗ​នៅ​ក្រាញ​រាប់​សិប​ឆ្នាំ​ទៅ ហ្នឹង​ហើយ​បាន​វា​ដោះស្រាយ Poverty អត់​កើត»

មន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ គឺ​មាន​អង្គការ​ចំនួន ១០ ក្នុង​ចំណោម​អង្គការ​អន្តរជាតិ​ចំនួន ៤៥២ ដែល​បាន​បង្កើត​កម្មវិធី​ការងារ​របស់​ខ្លួន ទាក់ទង​នឹង​វិស័យ​អភិបាលកិច្ច​ល្អ​នេះ ហើយ​គេ​ក៏​មិន​អាច​ដឹង​អំពី​ចំនួន​ថវិកា​សរុប ដែល​អង្គការ​អន្តរជាតិ​ទាំងអស់​បាន​ជួយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នោះ​ទេ។

លោក​តំណាង​រាស្ត្រ សុន ឆ័យ ថ្លែង​បន្ថែម​ថា អង្គការ​អន្តរជាតិ​ទាំង​ឡាយ​ក៏​គួរ​សហការ​ធ្វើ​ការងារ​ជាមួយ​ផ្នែក​ឯកជន​ផង​ដែរ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ប្រាក់​ជំនួយ និង​ជំរុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​កម្ពុជា៕