តុលាការ​ខេត្ត​កណ្ដាល​ចេញ​ដីកា​កោះ​ឲ្យ​លោក រ៉ុង ឈុន ចូល​បំភ្លឺ

តុលាការ​ខេត្ត​កណ្ដាល ចេញ​ដីកា​កោះ​ឲ្យ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​​​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ចូល​បំភ្លឺ​ជុំវិញ​បណ្ដឹង​របស់​ថៅកែ​រោងចក្រ តៃណាន ឬ តៃយៀន (Tai Yan) ប្ដឹង​ចោទ​ពី​បទ​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ខុស​ច្បាប់។
ដោយ ដែន អយុធ្យា
2012.08.30
រ៉ុង ឈុន ៣០៥ ៨-មេសា-២០១២៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ផ្ដល់​បទ​សម្ភាសន៍ នៅ​ការិយាល័យ​របស់​លោក។
RFA/Tin Zakariya

ទោះ​យ៉ាង​ណា លោក រ៉ុង ឈុន អះអាង​ថា នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​តាម​ពេល​​​កំណត់ ព្រោះ​​លោក​យល់​ថា មិន​បាន​ប្រព្រឹត្ត​ខុស​ឆ្គង។

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល លោក ទេព មុនិន្ទ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា បាន​ចេញ​ដីកា​កោះ​ឲ្យ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​​កម្ពុជា ចូល​​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ នៅ​​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២។

លោក រ៉ុង ឈុន ត្រូវ​បាន​លោក ចាក់ លូ (Jack Liu) អគ្គនាយក​នៃ​សហគ្រាស​តៃយ៉ាង ប្ដឹង​ទៅ​តុលាការ​​ពី​បទ​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ដោយ​ខុស​ច្បាប់ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ។

ទោះ​យ៉ាង​ណា លោក រ៉ុង ឈុន បាន​ថ្លែង​ថា មិន​ព្រួយ​បារម្ភ​ចំពោះ​ពាក្យ​បណ្ដឹង​របស់​ថៅកែ​រោងចក្រ​តៃយ៉ាង ប្ដឹង​លោក​ឡើង​តុលាការ​នេះ​ទេ។

លោក​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ថា ជា​ធម្មតា​ទេ​សកម្មភាព​របស់​សហជីព​ដែល​ហាន​មុខ​ជួយ​ការពារ​ផល​ប្រយោជន៍ ឬ​ទាមទារ​សិទ្ធិ​ជូន​កម្មករ​ឲ្យ​ស្រប​តាម​​ច្បាប់​ស្ដីពី​ការងារ​តែង​ត្រូវ​ថៅកែ​រោងចក្រ ឬ​ក្រុមហ៊ុន ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាម​កំហែង​សកម្មភាព​សហជីព។

ប៉ុន្តែ​លោក​ថា ករណី​បណ្ដឹង​របស់​ថៅកែ​រោងចក្រ​តៃយ៉ាង លោក​បាន​ត្រៀម​ចូល​ទៅ​បំភ្លឺ​ចំពោះ​មុខ​តុលាការ​រួច​ហើយ។ លោក រ៉ុង ឈុន បញ្ជាក់​ថា ការ​ដឹកនាំ​ក្រុម​កម្មករ​រោងចក្រ​តៃយ៉ាង ធ្វើ​កូដកម្ម​កន្លង​មក សហជីព​លោក​សុទ្ធតែ​បាន​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​អាជ្ញាធរ ឬ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាមុន។

លោក រ៉ុង ឈុន៖ «អ្នក​កុម្ម៉ង់​ទិញ​គេ​មិន​កុម្ម៉ង់​ទិញ​ទេ ដែល​ខ្លួន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់​លើ​មេ​សហជីព លើ​តំណាង​កម្មករ ធ្វើ​ឲ្យ​អ្នក​កុម្ម៉ង់​ទិញ អ្នក​ប្រើប្រាស់​របស់​ហ្នឹង​គេ​មិន​សប្បាយ​ចិត្ត​ទេ។ និយោជក​ត្រូវ​តែ​បោះ​បង់​គំនិត​ហ្នឹង​ចោល​ទៅ ហើយ​តុលាការ​ក៏​ត្រូវ​តែ​ពិនិត្យ​រាល់​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​មក មិន​មែន​ចេះ​តែ​ចេញ​ដីកា​កោះៗ។ យើង​ដឹង​ហើយ​នូវ​រាល់​ការ​ចេញ​ដីកា​កោះ​ទាំង​ឡាយ​​ចំពោះ​កម្មករ​ក្តី ឲ្យ​តែ​ឮ​ថា​ដីកា​កោះ​​ហ្នឹង​គាត់​មាន​ការ​ភ័យ​ខ្លាច ប៉ុន្តែ​ចំពោះ​ខ្ញុំ ខ្ញុំ​គ្មាន​ការ​បារម្ភ​អ្វី​ទាំង​អស់ ពីព្រោះ​អ្វី​ដែល​យើង​ធ្វើ​ដើម្បី​កម្មករ ការពារ​កម្មករ»

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១២ កម្មករ​រោងចក្រ​កាត់ដេរ តៃយ៉ាង អតីត​រោងចក្រ តៃយៀន​ទី​១ តៃយៀន​ទី​២ និង​រោងចក្រ ខាំវែល រាប់​រយ​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​មិន​ចូល​ធ្វើ​ការ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​​ចំនួន ៥​ចំណុច ក្នុង​ករណី​ថៅកែ​រោងចក្រ​ប្តូរ​ឈ្មោះ​ក្រុមហ៊ុន។

ទោះ​យ៉ាង​ណា លោក អ៊ូ ម៉េងហ៊ួរ តំណាង​ក្រុមហ៊ុន​តៃណាន ឬ​តៃយ៉ាង បាន​ថ្លែង​ថា ការ​ដែល​លោក រ៉ុង ឈុន ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ ​នាំ​ឲ្យ​ក្រុមហ៊ុន​លោក​គ្មាន​អ្នក​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​ក្រុមហ៊ុន​​លោក​​​ទៀត​ទេ និង​នាំ​ឲ្យ​ក្រុមហ៊ុន​លោក​ខាតបង់​ប្រាក់​រាប់​លាន​ដុល្លារ។ ដូច្នេះ​លោក​ថា នឹង​ប្ដឹង​លោក រ៉ុង ឈុន និង​អ្នក​ពាក់ព័ន្ធ​ទៅ​តុលាការ​ឲ្យ​ដឹង​ស​ខ្មៅ។

លោក អ៊ូ ម៉េងហ៊ួរ៖ «អ្នក​ដែល​យក​លុយ​ហើយ​អត់​មាន​ពាក់ព័ន្ធ​រោងចក្រៗ​ក៏​មិន​ចង់​ប្តឹង​ផ្ដល់​អី​ដែរ ដើម្បី​កុំ​ឲ្យ​វែង​ឆ្ងាយ។ តែ​ចំពោះ​លោកគ្រូ រ៉ុង ឈុន ជាមួយ​លោកស្រី យ៉ាង សុភ័ណ្ឌ ខាង​ខ្ញុំ​ដាច់​ខាត់​ត្រូវ​តែ​ប្ដឹង ព្រោះ​ខាង​ក្រុមហ៊ុន​ខ្ញុំ​បាន​ខាត​បង់​ប្រាក់​អស់​ពី ៥ ទៅ ៦​លាន​ដុល្លារ»

យ៉ាង​នេះ​ក្ដី លោក រ៉ុង ឈុន បាន​ស្វាគមន៍​នូវ​រាល់​ពាក្យ​បណ្ដឹង​ប្រឆាំង​រូប​លោក ហើយ​ថា លោក​ហ៊ាន​ទទួល​ខុស​​ត្រូវ​ចំពោះ​ការដឹកនាំ​កម្មករ​រោងចក្រ​តៃណាន ឬ​តៃយ៉ាង ធ្វើ​កូដកម្ម ព្រោះ​លោក​យល់​ថា ការ​ធ្វើ​កូដកម្ម​របស់​​កម្មករ​រោងចក្រ​តៃយ៉ាង មិន​ខុស​ច្បាប់​ទេ គឺ​បាន​ជូន​ដំណឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ​រួម​មាន អាជ្ញាធរ​ក្រសួង​ការងារ ក្រសួង​សង្គមកិច្ច និង​ក្រុមហ៊ុន មុន​នឹង​ធ្វើ​កូដកម្ម។

កម្មករ​កម្មការិនី​រោងចក្រ​តៃណាន ឬ​តៃយ៉ាង​ទី​១ ទី​២ និង​ខាំវែល បាន​ធ្វើ​កូដកម្ម​ទារ​ឲ្យ​ភាគី​និយោជក ឬ​ថៅកែ​ក្រុមហ៊ុន ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​តាម​​ច្បាប់​ស្ដីពី​ការងារ​លើ ៥​ចំណុច ឬ​ស្នើ ១៧០​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​១​ឆ្នាំ សំរាប់​កម្មករ​ម្នាក់ និង​សុំ​ឲ្យ​និយោជក​​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​យ៉ាង​​តិច​ចំនួន ១៣៥​ដុល្លារ ក្នុង​១​ឆ្នាំ​សំរាប់​​​កម្មករ​ម្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។