ប្រជា​ពលរដ្ឋ​៣៥​គ្រួសារ​នៅ​ខណ្ឌ​ឫស្សីកែវ​បារម្ភ​បាត់​បង់​លំនៅឋាន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នៅ​ថ្ងៃ​ទី​១៩ ឧសភា មិន​ព្រម​ដោះ​ស្រាយ និង​ទទួល​យក​លិខិត​កាន់​កាប់​ដីធ្លី និង​ប័ណ្ណ​ស្នាក់​នៅ ពី​ប្រជា​ពលរដ្ឋ​នៅ​​ភូមិ​បឹង​ឈូក ក្រុម​ទី​៣ ទេ ដោយ​រុញ​ឲ្យ​ទៅ​ជួប​ចៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ក្នុង​ការ​ប្រគល់​ឲ្យ​លិខិត​ទាំង​នោះ។
ដោយ ទីន ហ្សាការីយ៉ា
2010-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី យិន យ៉ាន់ ផ្ដល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១០។
អ្នកស្រី យិន យ៉ាន់ ផ្ដល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១០។
RFA/Tin Zakariya

ប្រជា​ពលរដ្ឋ​ឈ្មោះ ហិន សំអាត បាន​និយាយ​ថា ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ជួប​អភិបាល​ខណ្ឌ​ឫស្សីកែវ គឺ​ក្នុង​គោល​បំណង​ដើម្បី​សុំ​ការ​រស់​នៅ​លើ​ដី​លំនៅឋាន​បច្ចុប្បន្ន និង​នាំ​យក​ឯកសារ​ដែល​ពាក់ព័ន្ធ​ទាំង​ឡាយ​ប្រគល់​ឲ្យ​អាជ្ញាធរ​ខណ្ឌ ដើម្បី​បង្ហាញ​ថា ពួក​គាត់​រស់​លើ​លំនៅឋាន​របស់​ខ្លួន​ស្រប​ច្បាប់ ពុំ​មាន​បញ្ហា​អ្វី​ទេ នា​ពេល​កន្លង​មក ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ អាជ្ញាធរ​សង្កាត់ ពួក​គេ​មិន​បាន​ដោះ​ស្រាយ​ជួន​នោះ​ទេ ហើយ​រុញ​ពី​មួយ​ទៅ​មួយ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ទទួល​ស្គាល់​ពី​អាជ្ញាធរ​សង្កាត់ ភូមិ ហើយ​និង​ខណ្ឌ​ដែរ ព្រោះ​យើង​ធ្វើ​សៀវភៅ​ស្នាក់​នៅ​អី សៀវភៅ​ទង់​ជាតិ​ធ្វើ​ដល់​ក្រុង​ទៀត ទូច ណារ៉ុថ វាយ​ត្រា​ទទួល​ស្គាល់​ទៀត»

ការ​យក​ឯកសារ​ស្នាក់​នៅ និង​លិខិត​កាន់​កាប់​ដីធ្លី ទៅ​ឲ្យ​អភិបាល​ខណ្ឌ​នេះ បន្ទាប់​ពី​អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ឃ្លាំង ហួត បាន​ចេញ​សេចក្ដី​ជួន​ដំណឹង ហើយ​អាជ្ញាធរ​សង្កាត់​ទួល​សង្កែ​យក​ទៅ​បិទ​ប្រកាស​ដល់​ប្រជា​ពលរដ្ឋ ដោយ​តម្រូវ​ឲ្យ​រុះ​រើ​ចេញ​ពី​លំនៅឋាន​ក្នុង​រយៈ​ពេល ១៤​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​១២ ឧសភា​ត​ទៅ ពុំ​នោះ​ទេ គេ​នឹង​អនុវត្ត​ផែនការ​រដ្ឋបាល​ចុះ​រុះ​រើ ដោយ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​អ្វី​ឡើយ។

ខ្លឹម​សារ​ក្នុង​លិខិត​នោះ បាន​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​កំពុង​រស់​នៅ​សំណង់​បណ្ដោះ​អាសន្ន​លើ​ដី​មាន​ម្ចាស់​ឈ្មោះ ឡៅ តុង​ងី។ រី​ឯ​លិខិត​មួយ​ច្បាប់​ផ្សេង​ទៀត របស់​អភិបាល​រង​រាជ​ធានី​ភ្នំពេញ លោក​ស្រី ទួច សារ៉ុម ក៏​បាន​ឯកភាព​ចំពោះ​វិធាន​ឲ្យ​រុះ​រើ​ជា​បន្ទាន់​នេះ​ដែរ។

ស្ត្រី​វ័យ​ចំណាស់ អាយុ​ជាង ៧០​ឆ្នាំ ឈ្មោះ យិន យ៉ាន់ បាន​និយាយ​ថា អ្នក​ស្រី​ទី​ទ័ល​ក្រ មាន​កូន ៤​នាក់​ធ្វើ​ទាហាន ហើយ​អ្នក​ស្រី​រស់​នៅ​លើ​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម តែ​ឥឡូវ​អាជ្ញាធរ​ខណ្ឌ​ចង់​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទៀត អ្នក​ស្រី​គ្មាន​ទី​លំនៅ​ណា​ផ្សេង​នៅ​ទេ។

អ្នកស្រី​មាន​ប្រសាសន៍​បន្ត​ថា ៖ «ហើយ​បើ​អ្នក​ធំៗ អ្នក​មាន​អំណាច​ចេះ​តែ​មាន​ឫទ្ធិ​អ៊ីចឹង បើ​មាន​ម្ចាស់​ច្បាស់​លាស់ ម៉េច​ក៏​លួច​វាស់ ម៉េច​ក៏​លួច​ថត។ ប្រជា​ជន​ទាំង​អស់​គ្នា​សុទ្ធ​តែ​ម្ចាស់​ផ្ទះ។ ខ្ញុំ​ទៅ​ដល់​លោក ហ៊ុន សែន ខ្ញុំ​ថា ខ្ញុំ​ខ្លាច​ណាស់​លោក​ចៅ ខ្ញុំ​ខ្លាច​តែ​អា​ពត​ទី​២​ទេ។ ព្រោះ​អា​ពត​ទី​១ វា​អត់​មាន​រុះរើ​ចាន​ឆ្នាំង​អី​ទៅ​ទេ អា​នេះ​រុះរើ​យក​ចាន​ឆ្នាំង​ខោ​អាវ​ម្ចាស់​គេ​អត់​នៅ ដូច​ប្លន់​អ៊ីចឹង ខ្ញុំ​ខ្លាច​ណាស់»

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់​ទង​ជា​មួយ​អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ឃ្លាំង ហួត ជា​ច្រើន​លើក ប៉ុន្តែ​អ្នក​ទទួល​ទូរស័ព្ទ​ចំនួន​ពីរ​ខ្សែ ប្រាប់​ថា លេខ​ទូរស័ព្ទ​នោះ​មិន​មែន​ជា​លេខ​ទូរស័ព្ទ​របស់​លោក ឃ្លាំង ហួត ទេ។ រី​ឯ​អភិបាល​រង​ខណ្ឌ​ឫស្សីកែវ លោក នុត ពុត​តារា មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ។

អភិបាល​រង​រាជ​ធានី​ភ្នំពេញ លោក​ស្រី ទួច សារ៉ុម ត្រូវ​បាន​អ្នក​ទទួល​ទូរស័ព្ទ​ប្រាប់​ថា លោក​ស្រី​ជាប់​ប្រជុំ។

ចៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ លោក សុខ ឃីម បាន​មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​នៅ​ក្រុម​ទី​៣ ភូមិ​បឹង​ឈូក គឺ​ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ តាំង​ពី​ដើម​មក មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ហើយ​អភិបាល​ខណ្ឌ​បាន​ចេញ​សេចក្ដី​ជួន​ដំណឹង ឲ្យ​ប្រជា​ពលរដ្ឋ​រុះរើ​ចេញ​ពី​លំនៅឋាន​នេះ លោក​មិន​ដឹង​ទេ។ លោក សុខ ឃីម បាន​បញ្ជាក់​ថា កន្លង​មក លោក​ក៏​មិន​ដឹង​ថា ដី​នៅ​តំបន់​បឹង​ឈូក​ជា​ដី​របស់​អ្នក​ណា​ដែរ តែ​លោក​ដឹង​ថា ដី​នោះ​ប្រជា​ពលរដ្ឋ​រស់​នៅ​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​មក។

លោក សុខ ឃីម បាន​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្រជា​ពលរដ្ឋ​របស់​លោក ដែល​ប្រឈម​នឹង​ការ​បណ្ដេញ​ដូច្នេះ ដោយ​លោក​បាន​បញ្ជាក់​ថា លោក​ចង់​ជួយ​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​បឹងឈូក តែ​វា​ហួស​ពី​សមត្ថភាព​របស់​លោក។ លោក​ទទូច​សុំ​ទៅ​រដ្ឋាភិបាល ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ជួន​ប្រជា​ពលរដ្ឋ ឲ្យ​បាន​សម​ស្រប​ផង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល