ប្រជាពលរដ្ឋ៣៥គ្រួសារនៅខណ្ឌឫស្សីកែវបារម្ភបាត់បង់លំនៅឋាន
2010.05.19
ប្រជាពលរដ្ឋឈ្មោះ ហិន សំអាត បាននិយាយថា ពួកគាត់បាននាំគ្នាទៅជួបអភិបាលខណ្ឌឫស្សីកែវ គឺក្នុងគោលបំណងដើម្បីសុំការរស់នៅលើដីលំនៅឋានបច្ចុប្បន្ន និងនាំយកឯកសារដែលពាក់ព័ន្ធទាំងឡាយប្រគល់ឲ្យអាជ្ញាធរខណ្ឌ ដើម្បីបង្ហាញថា ពួកគាត់រស់លើលំនៅឋានរបស់ខ្លួនស្របច្បាប់ ពុំមានបញ្ហាអ្វីទេ នាពេលកន្លងមក ប៉ុន្តែត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ អាជ្ញាធរសង្កាត់ ពួកគេមិនបានដោះស្រាយជួននោះទេ ហើយរុញពីមួយទៅមួយ។
លោកមានប្រសាសន៍បន្តថា ៖ «ទទួលស្គាល់ពីអាជ្ញាធរសង្កាត់ ភូមិ ហើយនិងខណ្ឌដែរ ព្រោះយើងធ្វើសៀវភៅស្នាក់នៅអី សៀវភៅទង់ជាតិធ្វើដល់ក្រុងទៀត ទូច ណារ៉ុថ វាយត្រាទទួលស្គាល់ទៀត»។
ការយកឯកសារស្នាក់នៅ និងលិខិតកាន់កាប់ដីធ្លី ទៅឲ្យអភិបាលខណ្ឌនេះ បន្ទាប់ពីអភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត បានចេញសេចក្ដីជួនដំណឹង ហើយអាជ្ញាធរសង្កាត់ទួលសង្កែយកទៅបិទប្រកាសដល់ប្រជាពលរដ្ឋ ដោយតម្រូវឲ្យរុះរើចេញពីលំនៅឋានក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ឧសភាតទៅ ពុំនោះទេ គេនឹងអនុវត្តផែនការរដ្ឋបាលចុះរុះរើ ដោយពុំមានការទទួលខុសត្រូវអ្វីឡើយ។
ខ្លឹមសារក្នុងលិខិតនោះ បានបញ្ជាក់ថា ប្រជាពលរដ្ឋកំពុងរស់នៅសំណង់បណ្ដោះអាសន្នលើដីមានម្ចាស់ឈ្មោះ ឡៅ តុងងី។ រីឯលិខិតមួយច្បាប់ផ្សេងទៀត របស់អភិបាលរងរាជធានីភ្នំពេញ លោកស្រី ទួច សារ៉ុម ក៏បានឯកភាពចំពោះវិធានឲ្យរុះរើជាបន្ទាន់នេះដែរ។
ស្ត្រីវ័យចំណាស់ អាយុជាង ៧០ឆ្នាំ ឈ្មោះ យិន យ៉ាន់ បាននិយាយថា អ្នកស្រីទីទ័លក្រ មានកូន ៤នាក់ធ្វើទាហាន ហើយអ្នកស្រីរស់នៅលើផ្ទះចាស់ទ្រុឌទ្រោម តែឥឡូវអាជ្ញាធរខណ្ឌចង់បណ្ដេញចេញពីលំនៅឋានទៀត អ្នកស្រីគ្មានទីលំនៅណាផ្សេងនៅទេ។
អ្នកស្រីមានប្រសាសន៍បន្តថា ៖ «ហើយបើអ្នកធំៗ អ្នកមានអំណាចចេះតែមានឫទ្ធិអ៊ីចឹង បើមានម្ចាស់ច្បាស់លាស់ ម៉េចក៏លួចវាស់ ម៉េចក៏លួចថត។ ប្រជាជនទាំងអស់គ្នាសុទ្ធតែម្ចាស់ផ្ទះ។ ខ្ញុំទៅដល់លោក ហ៊ុន សែន ខ្ញុំថា ខ្ញុំខ្លាចណាស់លោកចៅ ខ្ញុំខ្លាចតែអាពតទី២ទេ។ ព្រោះអាពតទី១ វាអត់មានរុះរើចានឆ្នាំងអីទៅទេ អានេះរុះរើយកចានឆ្នាំងខោអាវម្ចាស់គេអត់នៅ ដូចប្លន់អ៊ីចឹង ខ្ញុំខ្លាចណាស់»។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងជាមួយអភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត ជាច្រើនលើក ប៉ុន្តែអ្នកទទួលទូរស័ព្ទចំនួនពីរខ្សែ ប្រាប់ថា លេខទូរស័ព្ទនោះមិនមែនជាលេខទូរស័ព្ទរបស់លោក ឃ្លាំង ហួត ទេ។ រីឯអភិបាលរងខណ្ឌឫស្សីកែវ លោក នុត ពុតតារា មិនធ្វើអត្ថាធិប្បាយអំពីបញ្ហានេះទេ។
អភិបាលរងរាជធានីភ្នំពេញ លោកស្រី ទួច សារ៉ុម ត្រូវបានអ្នកទទួលទូរស័ព្ទប្រាប់ថា លោកស្រីជាប់ប្រជុំ។
ចៅសង្កាត់គីឡូម៉ែត្រលេខ៦ លោក សុខ ឃីម បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅក្រុមទី៣ ភូមិបឹងឈូក គឺស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ តាំងពីដើមមក មិនដែលមានបញ្ហាអ្វីទេ ហើយអភិបាលខណ្ឌបានចេញសេចក្ដីជួនដំណឹង ឲ្យប្រជាពលរដ្ឋរុះរើចេញពីលំនៅឋាននេះ លោកមិនដឹងទេ។ លោក សុខ ឃីម បានបញ្ជាក់ថា កន្លងមក លោកក៏មិនដឹងថា ដីនៅតំបន់បឹងឈូកជាដីរបស់អ្នកណាដែរ តែលោកដឹងថា ដីនោះប្រជាពលរដ្ឋរស់នៅអស់រយៈពេលជាង ១០ឆ្នាំមក។
លោក សុខ ឃីម បានសំដែងនូវការព្រួយបារម្ភចំពោះប្រជាពលរដ្ឋរបស់លោក ដែលប្រឈមនឹងការបណ្ដេញដូច្នេះ ដោយលោកបានបញ្ជាក់ថា លោកចង់ជួយប្រជាពលរដ្ឋនៅភូមិបឹងឈូក តែវាហួសពីសមត្ថភាពរបស់លោក។ លោកទទូចសុំទៅរដ្ឋាភិបាល ឲ្យជួយដោះស្រាយបញ្ហានេះជួនប្រជាពលរដ្ឋ ឲ្យបានសមស្របផងដែរ៕