ប្រជា​ពល​រដ្ឋ​តវ៉ា​នឹង​គម្រោង​ធ្វើ​សួន​ច្បារ​នៅ​ច្រាំង​ទន្លេសាប

ប្រជា​ពល​រដ្ឋ​ចំនួន​៣​ភូមិ ក្នុង​សង្កាត់​ចំនួន​២ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ បាន​នាំ​គ្នា​ផ្តិត​ស្នាម​មេដៃ ដើម្បី​ដាក់​ញត្តិ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា ឲ្យ​ជួយ​អន្តរាគមន៍​ពី បញ្ហា​ផ្ទះ​សម្បែង​របស់​ពួក​គាត់។
ដោយ ខែ សុណង
2010.08.29

ក្រុម​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជា​ជិត​២០០០​គ្រួសារ រស់​នៅ​សង្កាត់​ទួល​សង្កែ និង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​សីហា បាន​នាំ​គ្នា​ប្រមូល​ស្នាម​ដៃ ដើម្បី​ដាក់​ញត្តិ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​សុំ​កម្មសិទ្ធិ​រស់​នៅ​ស្រប​ច្បាប់​កាន់​កាប់​ដីធ្លី និង​ផ្ទះ​សម្បែង​ពួក​គាត់ បន្ទាប់​ពី​ពួក​គាត់​បាន​ទទួល​សេចក្ដី​ជូន​ដំណឹង​ពី​សាលា​ខណ្ឌ​ឫស្សីកែវ ដែល​បាន​ដាក់​ឱសានវាទ​ឲ្យ​រុះ​រើ​លំនៅឋាន​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​នោះ។

ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​ឃ្លាំង​សាំង និង​សង្កាត់​ឫស្សីកែវ លោក ហួត បានីន បាន​ថ្លែង​ថា ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​របស់​លោក​បាន​នាំ​គ្នា​ផ្ដិត​ស្នាម​មេ​ដៃ ដើម្បី​ដាក់​ញត្តិ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​មួយ​ចំនួន​ទៀត ពី​បញ្ហា​ផ្ទះ​សម្បែង ដែល​សាលា​ខណ្ឌ​ឫស្សីកែវ​តម្រូវ​ឲ្យ​រុះរើ ដើម្បី​ស្ថាបនា​សួន​ច្បារ​សាធារណៈ​នៅ​តាម​បណ្ដោយ​ច្រាំង​ទន្លេ​សាប។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​ខណ្ឌ​ឫស្សីកែវ ស្ដីពី​គម្រោង​ស្ថាបនា​សួន​ច្បារ​សាធារណៈ​នៅ​តាម​បណ្ដោយ​ច្រាំង​ទន្លេ​សាប ពី​គល់​ស្ពាន​ជ្រោយ​ចង្វា​ដល់​មុខ​ឃ្លាំង​ប្រេង​ឥន្ធនៈ​សូគីម៉ិច​ឫស្សីកែវ ចុះ​ថ្ងៃ​ទី​២៣ ខែ​សីហា បាន​ជូន​ដំណឹង​ដល់​ម្ចាស់​រោង​ចក្រ សហ​គ្រាស សិប្បកម្ម អាជីវកម្ម​ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ភូមិ​សាមគ្គី ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ សាលា​រាជ​ធានី​បាន​តំរូវ​ឲ្យ​ធ្វើ​ការ​រុះរើ​ចេញ​រយៈ​ពេល​១០​ថ្ងៃ។

ប្រជា​ពល​រដ្ឋ​ម្នាក់ ឈ្មោះ វុទ្ធី ដែល​ផ្ទះ​របស់​គាត់​ប៉ះ​ពាល់​ដែរ​នោះ បាន​បន្ទោស​ថា អាជ្ញាធរ​ខណ្ឌ និង​រាជ​ធានី​មិន​ដែល​បាន​ពិគ្រោះ​ជា​មួយ​ប្រជា​ពល​រដ្ឋ​ឡើយ​ពី​បញ្ហា​នេះ ហើយ​បែរ​ជា​មាន​សេចក្ដី​ជូន​ដំណឹង​ឲ្យ​ប្រជា​ពល​រដ្ឋ​រុះរើ​សំណង់​យ៉ាង​តក់​ក្រហល់​យ៉ាង​នេះ​ទៅ​វិញ។

ទាក់​ទង​ទៅ​នឹង​សេចក្ដី​ជូន​ដំណឹង​នេះ អភិបាល​រង​ខណ្ឌ​ឫស្សីកែវ លោក កូប ស្លេះ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ហើយ​លោក​បាន​បង្វែរ​សំណួរ​នេះ​ទៅ​ឲ្យ​ខាង​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​វិញ។

មន្ត្រី​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ម្នាក់ បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​ជា​សមត្ថកិច្ច​របស់​សាលា​រាជ​ធានី​ភ្នំពេញ ដែល​យោង​​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី ឆ្នាំ​២០០៨ ដែល​ថា ​តំបន់​ប្រជា​ពល​រដ្ឋ​រស់​នៅ​នោះ ជា​តំបន់​គ្រោះ​ថ្នាក់ ដោយ​សារ​បាក់​ច្រាំង​ទន្លេ​ជា​រៀង​រាល់​ឆ្នាំ។

នាយ​ខុទ្ទកាល័យ​សាលា​រាជ​ធានី​ភ្នំពេញ លោក នួន សុមេធ ដែល​ទទួល​បន្ទុក​កិច្ច​ការ​នេះ បាន​បដិសេធ​មិន​ផ្ដល់​សម្ភាសន៍​ឡើយ។

ប្រភព​ពី​ប្រជា​ពល​រដ្ឋ​ឲ្យ​ដឹង​ថា ពួក​គេ​គ្រោង​យក​ញត្តិ និង​ស្នាម​មេ​ដៃ​នៅ​ក្នុង​សប្ដាហ៍​នេះ ដាក់​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត សុំ​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។