តុលាការ​កំពូល​ប្រកាស​ឲ្យ​ស្រាវជ្រាវ​សំណុំ​រឿង​សេដ្ឋី​រុស្ស៊ី​ឡើង​វិញ

តុលាការ​កំពូល​នៅ​ថៃ្ង​ទី​២៧ មករា​នេះ បាន​ប្រកាស​សាល​ដីកា​បង្គាប់​ឲ្យ​តុលាការ​សាលា​ឧទ្ធរណ៍​បើក​ការ​ស្រាវជ្រាវ​ដើម្បី​ជម្រះ​ក្តី​ជា​ថ្មី​ម្ដង​ទៀត​លើ​សំណុំ​រឿង​ដែល​បាន​ចោទ​ប្រកាន់​ថា មហា​សេដ្ឋី​ជនជាតិ​រុស្ស៊ី​ម្នាក់​គឺ​លោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ បាន​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​និង​អំពើ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៧។
ដោយ សុខ សេរី
2010-01-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​កំពូល
តុលាការ​កំពូល
Photo: RFA

លោក​ចៅក្រម​ជម្រះ​ក្តី​នៃ​តុលាការ​កំពូល លោក ឃឹម ប៉ុន នៅ​ក្នុង​ចំណោម​ចៅក្រម​ប្រឹក្សា​ចំនួន ៤​រូប​ទៀត​បាន​អាន​សាល​ដីកា​កំបាំង​មុខ​ជន​ជាប់​ចោទ​នោះ​ថា តុលាការ​កំពូល​សម្រេច​បង្វិល​សំណុំរឿង​នេះ​ឲ្យ​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍​សា្រវជ្រាវ​និង​ជម្រះ​ក្តី​នេះ​ជា​ថ្មី ដោយសារ​តែ​តុលាការ​សាលា​ឧទ្ធរណ៍​កន្លង​មក​បាន​ផ្តន្ទា​ទោស លោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ (Alexander Trofimov) ក្រោម​មាត្រា​ទី​៤២ នៃ​ច្បាប់​បង្រ្កាប​អំពើ​ជួញដូរ​មនុស្ស​និង​អាជីវកម្ម​ផ្លូវ​ភេទ​នោះ​មិន​បាន​ត្រឹមត្រូវ​ទេ។

លោក ជា ហៃ មេធាវី​ការពារ​ក្តី​ឲ្យ​លោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ ជា​ជនជាតិ​រុស្ស៊ី​នោះ បាន​មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​តុលាការ​កំពូល​ថា លោក​សាទរ​ចំពោះ​ការ​សម្រេច​បែប​នេះ។

លោក ជា ហៃ បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​យល់​ឃើញ​ថា ការ​សម្រេច​សេចក្ដី​របស់​តុលាការ​គឺ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។ ការ​បង្វិល​សំណុំ​រឿង​នេះ​ទៅ​សាលា​ឧទ្ធរណ៍ មិន​មែន​ឲ្យ​កូន​ក្ដី​ខ្ញុំ​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ឡើយ។ ឥឡូវ​ឃើញ​ថា កូន​ក្ដី​ខ្ញុំ សុខភាព​គាត់​មិន​សូវ​មាំ​មួន​ទេ ដូច្នេះ​ហើយ​បាន​ជា​គាត់​អវត្តមាន»

សុខ សេរី ៖ គាត់​កំពុង​ជាប់​ឃុំ​នៅ​កន្លែង​ណា? ជា ហៃ ៖ ពន្ធនាគារ​ខេត្ត​កំពង់សោម។

ជាមួយ​គ្នា​នេះ​ដែរ លោក នួន ផានិត មេធាវី​របស់​អង្គការ​សកម្មភាព​ដើម្បី​កុមារ និង​ជា​មេធាវី​របស់​កុមារី​រង​គ្រោះ​ម្នាក់​នៅ​ក្នុង​ចំណោម​កុមារី​រង​គ្រោះ​ចំនួន ១៩​នាក់​ផ្សេង​ទៀត បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​នីតិ​វិធី​របស់​តុលាការ​កំពូល នៅ​ពេល​ដែល​គាត់​យល់​ឃើញ​ពី​ចំណុច​មិន​ប្រក្រតី​លើ​ចំណុច​ណា​មួយ គាត់​បង្វិល​សំណុំ​រឿង​ទៅ​តុលាការ​ឧទ្ធរណ៍ ដើម្បី​ឲ្យ​ស៊ើប​អង្កេត​ទៅ​លើ​ចំណុច​ដែល​មាន​ភាព​មិន​ប្រក្រតី​ហ្នឹង»

តុលាការ​សាលា​ឧទ្ធរណ៍​កាល​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ​បាន​ផ្តន្ទា​ទោស លោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ ឲ្យ​ជាប់​គុក​រយៈពេល ៦​ឆ្នាំ ក្រោម​មាត្រា​ទី​៤២ នៃ​ច្បាប់​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ​ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​២០០៨។

លោក ផល វណ្ណារ៉ា ជា​ជនជាតិ​ខែ្មរ ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក ៦​ឆ្នាំ​ផងដែរ ក្រោម​មាត្រា​ដដែល​នោះ ដោយសារ​តែ​លោក​បាន​ស្វែងរក​កុមារី​រង​គ្រោះ​ឲ្យ​ទៅ​លោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ ដើម្បី​រួម​ភេទ។

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៧​កន្លង​ទៅ បាន​ផ្តន្តា​ទោស លោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ ឲ្យ​ជាប់​គុក​រយៈពេល ១៣​ឆ្នាំ ក្រោម​មាត្រា​ទី​៨ នៃ​ច្បាប់​ស្តីពី​អនាចារ និង​លោក ផល វណ្ណារ៉ា ឲ្យ​ជាប់​គុក​រយៈពេល ១១​ឆ្នាំ ក្រោម​បទ​ផ្សំ​គំនិត និង​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​រួម​គ្នា​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក​សង​ទៅ​ជន​រង​គ្រោះ។

ប្រភព​ពី​មេធាវី​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​រុស្ស៊ី​កន្លង​មក​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើ​បត្យាប័ន ឬ​បញ្ជូន​ខ្លួន លោក អាទ្បិចសិនឌឺ  ត្រូហ្វីម៉ូវ នោះ ទៅ​កាន់​ប្រទេស​រុស្ស៊ី​វិញ ដោយសារ​តែ​គាត់​បាន​ប្រព្រឹត្ត​អំពើ​អនាចារ​នៅ​ក្នុង​ប្រទេស​របស់​គាត់ ហើយ​ពេល​មក​ដល់​ប្រទេស​កម្ពុជា​គាត់​បាន​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​កុមារ​ខ្មែរ​ចំនួន ១៩​នាក់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល