តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​នាំ​ខ្លួន​សម​រង្ស៊ី

ថ្មី​ៗ​នេះ​មាន​សេចក្ដី​រាយ​ការណ៍​ថា តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​នាំ​ខ្លួន លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ខណៈ​ដែល​លោក​មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ដោយ សុខ សេរី
2010-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស សម សង្ស៊ី​។
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស សម សង្ស៊ី​។
RFA

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​៣១ ឧសភា បាន​អះអាង​ថា លោក សម រង្ស៊ី ពុំ​មាន​គម្រោងការ​ណា​មួយ​វិល​មក​ប្រទេស​កម្ពុជា​វិញ​ទេ នៅ​គ្រា​ដែល​មាន​សេចក្ដី​រាយ​ការណ៍​នានា ឲ្យ​ដឹង​ថា តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​នាំ​ខ្លួន លោក សម រង្ស៊ី បន្ទាប់​ពី​តុលាការ​នេះ​បាន​ចេញ​ដីកា​កោះ​ហៅ​ជា​ច្រើន​លើក​កន្លង​មក ដើម្បី​សាកសួរ​ចម្លើយ​នានា​ជុំវិញ​បណ្ដឹង​របស់​រដ្ឋាភិបាល។

មេធាវី​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​កន្លង​ទៅ ក្រោម​បទ​ក្លែង​បន្លំ​ឯកសារ​ផែនទី និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្រោយ​ពី​លោក​បាន​ធ្វើ​សន្និសីទ​កាសែត​តាម​រយៈ Video Conference ពី​ប្រទេស​បារាំង​កន្លង​មក ចោទ​ប្រកាន់​ថា ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ក្នុង​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង លេខ​១៨៤, លេខ​១៨៥, លេខ​១៨៦ និង​លេខ​១៨៧​នោះ គឺ​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹក​ដី​រវាង​ពី ២០០​ម៉ែត្រ ទៅ ជាង ៥០០​ម៉ែត្រ ដោយ​ផ្អែក​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្ដឹង​លោក សម រង្ស៊ី តាម​មាត្រា​ទី​៤៩ នៃ​ច្បាប់​អន្តរកាល​សម័យ​អ៊ុនតាក់ ក្រោម​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​មាត្រា​ទី​៦២ នៃ​ច្បាប់​ដដែល​នេះ ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​មន្ត្រី​អ្នក​នាំ​ពាក្យ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ដីកា​នាំ​ខ្លួន​លោក សម រង្ស៊ី នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​ដឹង​រឿង​នេះ​ហើយ វា​ជា​រឿង​នយោបាយ។

លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា ៖ «ទុក​ឲ្យ​ខាង​តុលាការ​ធ្វើ​យ៉ាង​ម៉េច ធ្វើ​ទៅ! ទៅ​តាម​សិទ្ធិ​អំណាច​របស់​គាត់ ប៉ុន្តែ​ខ្ញុំ​ចាត់​ទុក​ថា វា​ជា​រឿង​ឆាក​ល្ខោន​ទាំង​អស់ វា​អត់​មាន​ការ​ពិត ហើយ​មិន​មែន​ជា​ការ​ផ្ដល់​យុត្តិធម៌​ជូន​ទៅ​ឯកឧត្ដម​ប្រធាន​ពិត​ប្រាកដ»

មេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា លោក គី តិច ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ បាន​មាន​ប្រសាសន៍​ថា លោក​សាទរ​ចំណាត់ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ ៖ «អ៊ីចឹង​នីតិ​វិធី​តម្រូវ​ឲ្យ​តុលាការ​ត្រូវតែ​ចេញ​ដីកា​នាំ​ខ្លួន»

សុខ សេរី ៖ តើ​លោក​ចង់​ឃើញ​ឲ្យ​មាន​ការ​បើក​សវនា​ឆាប់​ៗ​ទេ លើ​សំណុំរឿង​នេះ? គី តិច ៖ ចំពោះ​ខ្ញុំ គឺ​ខ្ញុំ​យល់​ថា ការ​បើក​សវនាការ​គួរតែ​ធ្វើ​ឲ្យ​បាន​ឆាប់ ដើម្បី​កុំ​ឲ្យ​ស្ទះ​ដំណើរការ​របស់​គណៈកម្មការ​កិច្ចការ​ព្រំដែន ដែល​គេ​កំពុង​តែ​ធ្វើការ​នោះ។

លោក ជូង ជូងី មេធាវី​របស់​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា លោក​ត្រៀម​ខ្លួន​ការពារ​ក្តី​នេះ ៖ «ពេល​ដែល​បាន​ទទួល​ជា​ផ្លូវការ ទើប​ខ្ញុំ​ពិចារណា​ត្រូវ​ធ្វើ​ម៉េច​ទៀត»

បណ្ដឹ្តង​ព្រហ្មទណ្ឌ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹង​លោក សម រង្ស៊ី នៅ​តុលាការ​ក្រុង​ភ្នំពេញ​នោះ គឺ​ជា​សំណុំរឿង​ទី​២ ហើយ​ក្រោយ​ពី​តុលាការ​ខេត្ត​ស្វាយរៀង បាន​កាត់​ទោស​កំបាំង​មុខ ឲ្យ​លោក សម រង្ស៊ី ជាប់​គុក​រយៈ​ពេល ២​ឆ្នាំ និង​ផាក​ពិន័យ​ជា​ប្រាក់​ជា​ច្រើន​លាន​រៀល កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា​កន្លង​ទៅ​នេះ ក្រោម​បទ​ចោទ​ថា លោក​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍ នៅ​គ្រា​ដែល​លោក​បាន​នាំ​ប្រជា​ពលរដ្ឋ ២​នាក់ គឺ​លោក ព្រំ ជា និង​លោក​ស្រី មាស ស្រី ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ នៅ​ក្នុង​ភូមិ​កោះក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាល​ពី​ថៃ្ង​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៩​កន្លង​ទៅ។

ការ​ដក​នោះ ដោយសារ​តែ​ប្រជា​ពលរដ្ឋ​បាន​អះអាង​ថា តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​នោះ បាន​បោះ​នៅ​លើ​ដី​ស្រែ​របស់​ប្រជា​ពលរដ្ឋ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល