សម​រង្ស៊ី​និង​មូរ​សុខហួរ​ប្រឈម​នឹង​ការ​បាត់បង់​សិទ្ធិ​ចូលរួម​ការ​បោះ​ឆ្នោត

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង និង​តំណាង​រាស្ត្រ លោក​ស្រី មូរ សុខហួរ អាច​នឹង​បាត់​សិទ្ធិ​ចូលរួម​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣ ប្រសិន​បើ​ករណី​ក្ដីក្ដាំ​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​សម្រេច​ជា​ស្ថាពរ​នៅ​ឯ​តុលាការ​កំពូល​កម្ពុជា។
ដោយ យន់ សាមៀន
2010-06-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពី​ឆ្វេង: តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក​ស្រី មូរ សុខហួរ និង​ប្រធាន​គណបក្ស​ សម រង្ស៊ី លោក សម រង្ស៊ី
ពី​ឆ្វេង: តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក​ស្រី មូរ សុខហួរ និង​ប្រធាន​គណបក្ស​ សម រង្ស៊ី លោក សម រង្ស៊ី
RFA Photo

ច្បាប់​បោះ​ឆ្នោត​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ជន​មាន​ទោស ឈរ​ជា​បេក្ខជន​ដើម្បី​ឲ្យ​គេ​បោះ​ឆ្នោត​ឲ្យ ឬ​ក៏​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត​ទេ។

គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា គឺ​គណបក្ស សម រង្ស៊ី អាច​ប្រឈម​នឹង​ការ​បាត់បង់​បេក្ខជន​មេ​ដឹកនាំ​ចំនួន ២​រូប ប្រសិន​បើ​តុលាការ​កម្ពុជា​សម្រេច​ដីកា​ស្ថាពរ​លើ​ករណី​ព្រហ្មទណ្ឌ​ចំនួន ២ របស់​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​តំណាង​រាស្ត្រ លោក​ស្រី មូរ សុខហួរ។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍​ថា អ្នក​តំណាង​រាស្ត្រ​ទាំង ២​រូប​នឹង​បាត់បង់​សិទ្ធិ​បោះ​ឆ្នោត និង​មិន​អាច​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​ក្នុង​ការ​បោះឆ្នោត​ជា​សកល​នៅ​ឆ្នាំ​២០១៣​បាន​ទេ ប្រសិន​បើ​តុលាការ​កំពូល​បាន​សម្រេច​សាលក្រម​ស្ថាពរ​ចំពោះ​ករណី​ព្រហ្មទណ្ឌ​ទាំង ២។

កាល​ពី​ថ្ងៃ​ពុធ ទី​២ ខែ​មិថុនា​កន្លង​ទៅ​នេះ តុលាការ​កំពូល​បាន​សម្រេច​តម្កល់​ទុក​ដីកា​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​កាត់​ឲ្យ​លោក​ស្រី មូរ សុខហួរ ចាញ់​ក្នុង​ករណី​បទ​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បង្គាប់​ឲ្យ​សង​សំណង ១៦​លាន ៥​សែន​រៀល។ ចំណែក​លោក លោក សម រង្ស៊ី វិញ តុលាការ​ខេត្ត​ស្វាយរៀង​បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ​លោក​ជាប់​គុក ២​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ដោយសារ​តែ​លោក​បាន​ដឹកនាំ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៩។

នាយក​អង្គការ​គណៈកម្មការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មិថុនា ថា ប្រសិន​បើ​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង ២​រូប​នេះ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ បាន​នោះ​ទេ ការ​បោះ​ឆ្នោត​នេះ​នឹង​មិន​មាន​ការ​ជឿ​ទុក​ចិត្ត និង​មិន​យុត្តិធម៌​ទេ។

លោក​បាន​ប្រៀប​ប្រដូច​ការ​រារាំង​លោក សម រង្ស៊ី នៅ​កម្ពុជា ទៅ​នឹង​ការ​រារាំង​លោក​ស្រី អង់សាន ស៊ូជី (Aung San Suu Kyi) មេ​ដឹកនាំ​បក្ស​ប្រឆាំង​នៅ​ភូមា មិន​ឲ្យ​ចូលរួម​ការ​បោះ​ឆ្នោត។ ការ​មិន​អនុញ្ញាត​ឲ្យ​លោកស្រី អង់សាន ស៊ូជី ចូលរួម​បោះ​ឆ្នោត ធ្វើ​ឲ្យ​ប្រទេស​ភូមា​អាប់​កេរ្តិ៍​ឈ្មោះ​នៅ​ក្នុង​តំបន់ និង​ពិភពលោក ថា​ជា​ប្រទេស​គ្មាន​ភាព​យុត្តិធម៌​ក្នុង​ការ​បោះ​ឆ្នោត។

សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង សង្ឃឹម​ថា មាន​តែ​ច្រក​ចេញ​មួយ​គត់​ដែល​អាច​ឲ្យ​តំណាង​រាស្ត្រ​ទាំង ២ បាន​ចូលរួម​ការ​បោះ​ឆ្នោត នោះ​គឺ​តាម​ការ​សម្រប​សម្រួល​នយោបាយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​នយោបាយ​មួយ ដែល​អាច​នឹង​ឲ្យ​លោក សម រង្ស៊ី វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត។ លោក​បន្ថែម​ថា លោក សម រង្ស៊ី កំពុង​ធ្វើ​ការងារ​ទូត​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ការ​វិល​ត្រឡប់​របស់​លោក​មក​កម្ពុជា​វិញ។

អ្នក​នាំ​ពាក្យ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មិថុនា​នេះ ថា រដ្ឋាភិបាល​នឹង​មិន​មាន​ដំណោះស្រាយ​នយោបាយ​ណា​មួយ ជាមួយ​នឹង​គណបក្ស សម រង្ស៊ី ទេ។ លោក​ថា រដ្ឋាភិបាល​នឹង​គោរព​សេចក្ដី​សម្រេច​របស់​តុលាការ។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០០៦ ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ធ្លាប់​បាន​ប្រទាន​ការ​លើកលែង​ទោស​ដល់​លោក សម រង្ស៊ី ម្ដង​រួចទៅហើយ ដែល​កាល​ណោះ​តុលាការ​បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ ១​៨​ខែ ពី​បទ​បរិហារ​កេរ្តិ៍ លោក ហ៊ុន សែន អំពី​បញ្ហា​ពុក​រលួយ។ សាលា​ឧទ្ធរណ៍​កម្ពុជា​នឹង​លើក​យក​សំណុំរឿង​លោក សម រង្ស៊ី ដែល​តុលាការ​ខេត្ត​ស្វាយរៀង​កាត់​ទោស​កំបាំង​មុខ​ឲ្យ​លោក​ជាប់​គុក ២​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ មក​ជម្រះ​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា​នេះ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

We knew devil want to get you out because
he want to hold power forever.

Jun 12, 2010 08:24 AM

គេហទំព័រ​ទាំងមូល