បក្ស​ប្រឆាំង​ស្នើ​អាមេរិក​ជួយ​ឲ្យ​លោក​សម​រង្ស៊ី​បាន​ចូល​ស្រុក

មន្ត្រី​គណបក្ស​ជំទាស់​កំពុង​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សហ​រដ្ឋ​ អាមេរិក ជួយ​ឲ្យ​លោក សម រង្ស៊ី បាន​ចូល​ស្រុក ដើម្បី​ចូល​រួម​បោះ​ឆ្នោត។
ដោយ ដែន អយុធ្យា
2010-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស សម សង្ស៊ី​។
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស សម សង្ស៊ី​។
RFA

លោក គង់ គាំ ប្រធាន​ស្ដីទី​គណ​បក្ស​សម​រង្ស៊ី បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ឲ្យ​ជួយ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ និង​ជួយ​រក​មធ្យោបាយ​ឲ្យ​មេ​ដឹក​នាំ​របស់​ខ្លួន គឺ​លោក សម រង្ស៊ី បាន​វិល​ចូល​ស្រុក បន្ទាប់​ពី​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស គេច​ពី​ការ​ចាប់​ខ្លួន​រួច​មក។

មន្ត្រី​បក្ស​ប្រឆាំង​អំពាវនាវ​ដូច្នេះ​កើត​ឡើង នៅ​ក្រោយ​ពិធី​រំលឹក​ខួប​ទី​៦០​ឆ្នាំ នៃ​ទំនាក់​ទំនង​ការ​ទូត រវាង​សហ​រដ្ឋ​អាមេរិក និង​កម្ពុជា ដែល​ទើប​បញ្ចប់​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា នា​ទីក្រុង​ភ្នំពេញ។

លោក គង់ គាំ ៖ «ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ ហើយ​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នក​មាន​អំណាច។ ដូច្នេះ​ត្រូវ​តែ​ជួយ​មើល​ខាង​ប្រព័ន្ធ​តុលាការ តម្រែតម្រង់​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​ហ្នឹង។ សូម​ឲ្យ​មាន​គណ​បក្ស​ប្រជែង​ពិត​ប្រាកដ។ ឲ្យ​លោក​ប្រធាន សម រង្ស៊ី លោក​ជា​សមាជិក​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រឆាំង ដែល​រង​អយុត្តិធម៌​ពី​តុលាការ មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ ក៏​គួរ​គិត​អំពី​ប្រជាធិបតេយ្យ ហើយ​នឹង​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​ឲ្យ​បាន​ប្រសើរ​ឡើង»

លោក សម រង្ស៊ី មេ​ដឹក​នាំ​បក្ស​ជំទាស់ ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយ​រៀង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១០ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ ចោទ​ពី​បទ​បំផ្លាញ​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា-វៀតណាម លេខ​១៨៥ នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ​រៀង។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ ជុំវិញ​ករណី​លោក សម រង្ស៊ី នោះ​ទេ។ ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា សង្គម​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ គឺ​ចាំ​បាច់​ត្រូវ​មាន​គណ​បក្ស​ប្រឆាំង​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត។ ដូច្នេះ​មាន​ន័យ​ថា ប្រសិន​បើ​លោក សម រង្ស៊ី មាន​វត្តមាន​នៅ​មុន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា គឺ​ជំហាន​ល្អ​មួយ ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក អ៊ូ វីរៈ មាន​ប្រសាសន៍ ៖ «សុំ​ឲ្យ​លោក សម រង្ស៊ី ចូល​ប្រទេស ខ្ញុំ​ថា វា​ជា​រឿង​ចាំ​បាច់​ហើយ ដែល​គណ​បក្ស​ប្រឆាំង ត្រូវ​តែ​មាន​តួនាទី​ក្នុង​ការ​បោះ​ឆ្នោត។ លោក សម រង្ស៊ី ក៏​ជា​តំណាង​រាស្ត្រ​មួយ​ដែរ បើ​លោក​មិន​អាច​ចូល​ក្នុង​ប្រទេស​បាន​ទាក់​ទង​ទៅ​លើ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ទាំង​មូល ព្រោះ​អី​យើង​យល់​ថា ការ​កាត់​ក្តី​តុលាការ​ខេត្ត​ស្វាយ​រៀង គឺ​ជា​រឿង​នយោបាយ»

លោក John Jonhson មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ស្នើ​សុំ​របស់​មន្ត្រី​បក្ស​សម​រង្ស៊ី ទៅ​លើ​ករណី​លោក សម រង្ស៊ី នោះ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​កក្កដា​នេះ។

ប៉ុន្តែ​លោក​ស្រី ខារ៉ូល រ៉ូដលី ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា បាន​អះអាង​នៅ​ក្នុង​ពិធី​រំលឹក​ខួប​៦០​ឆ្នាំ នៃ​ទំនាក់​ទំនង​ការ​ទូត រវាង​កម្ពុជា និង​អាមេរិក កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា​ថា ក្នុង​រយៈ​៦០​ឆ្នាំ​ទៅ​មុខ​ទៀត សហ​រដ្ឋ​អាមេរិក និង​បន្ត​ជួយ​ឲ្យ​កម្ពុជា មាន​ការ​គោរព​សិទ្ធិ​មនុស្ស មាន​លទ្ធិ​ប្រជាធិបតេយ្យ និង​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល