សមរង្ស៊ី​,​គ្រួសារជន​រ​ងគ្រោះ​សុំ​ឲ្យ​វែក​មុខ​ជន​ដៃ​ដល់​គប់​គ្រាប់បែក​មុខ​សភា

ប្រធាន​បក្ស​សមរង្ស៊ី និង​គ្រួសារ​ជន​រងគ្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​​គប់​គ្រាប់​បែក​នៅ​មុខ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​៣០ មីនា ១៩៩៧ បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ និង FBI បន្ត​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់។
ដោយ សុខ សេរី
2010-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣០-មីនា-២០១០: ព្រះ​សង្ឃ​និង​គ្រួសារ​ជន​រងគ្រោះ​ចូល​រួមប្រារព្ធ​ពិធី​រំឭក​ខួប​ទី​១៣ នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៣០ មីនា ១៩៩៧។
៣០-មីនា-២០១០: ព្រះ​សង្ឃ​និង​គ្រួសារ​ជន​រងគ្រោះ​ចូល​រួមប្រារព្ធ​ពិធី​រំឭក​ខួប​ទី​១៣ នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៣០ មីនា ១៩៩៧។
RFA/Sok Serey

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​សមរង្ស៊ី និង​គ្រួសារ​ជន​រងគ្រោះ​ដោយ​អំពើ​គប់​គ្រាប់បែក​ដៃ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ នៅ​ថៃ្ង​អង្គារ ៣០ មីនា​នេះ បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា និង​ភ្នាក់ងារ​ស៊ើប​អង្កេត FBI របស់​អាមេរិកាំង​បន្ត​ការ​ស៊ើប​អង្កេត​ជា​ថ្មី​ទៀត​ជុំវិញ​សំណុំ​រឿង​ឃាតកម្ម​នេះ ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​ជន​ដៃដល់ និង​ជន​សម​គំនិត​មក​ផ្ដន្ទា​ទោស ពីព្រោះ​រយៈ​ពេល ១៣​ឆ្នាំ​មក​ហើយ​គ្មាន​ជន​សង្ស័យ​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ។

គេ​បាន​ទទូច​ដូច្នេះ​នៅ​ក្នុង​ពិធី​មួយ​ដែល​គណបក្ស​សមរង្ស៊ី បាន​ប្រារព្ធ​ខួប​លើក​ទី ១៣​ឆ្នាំ ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​បាតុករ​ចំនួន ១៦​នាក់​បាន​ស្លាប់​កាល​ពី ១៣​ឆ្នាំ​មុន។

មាន​ព្រះសង្ឃ​ជា​ច្រើន​អង្គ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង គ្រួសារ​ជន​រងគ្រោះ​និង​សកម្មជន​គាំទ្រ​គណបក្ស​នេះ​សរុប​ចំនួន​ប្រមាណ ២០០​នាក់ បាន​មក​ចូល​រួម​ក្នុង​ពិធី​សូត្រ​មន្ត​និង​បង្សុកូល ក្រោម​ការ​ឃ្លាំ​មើល​និង​ការពារ​សណ្ដាប់ធ្នាប់​ដោយ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ។

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង ដែល​ត្រូវ​បាន​គេ​ភ្ជាប់​នឹង​គ្រឿង​បំពង​សំឡេង​នៅ​ក្នុង​ពិធី​នោះ​ថា ជន​ដៃ​ដល់​និង​ជន​សម​គំនិត​នឹង​មិន​ត្រូវ​បាន​រួច​ខ្លួន​ទេ​ក្នុង​ការ​ផ្ដន្ទា​ទោស។

លោក សម រង្ស៊ី បាន​ថ្លែង​ដូច្នេះ ៖ «ជន​ដៃ​ដល់ ជន​សម​គំនិត​ទាំង​អស់ ដែល​បាន​ធ្វើ​ឲ្យ​ជន​រួម​ជាតិ​បាន​ស្លាប់ ជន​ឧក្រិដ្ឋ​ទាំង​នោះ​នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់»

ប្រធាន​ស្ដីទី​គណបក្ស​សមរង្ស៊ី លោក គង់ គាំ ដែល​បាន​ដឹកនាំ​ពិធី​នោះ បាន​មាន​ប្រសាសន៍​ថា ៖ «ត្រូវ​តែ​វែក​មុខ​អ្នក​ដឹកនាំ​ជាន់​ខ្ពស់ ជន​ដៃដល់​បំផុត​ឲ្យ​ខាង​តែ​បាន​ជូន​អ្នក​រង​គ្រោះ ជូន​ប្រជាពលរដ្ឋ​ដែល​ស្នេហា​យុត្តិធម៌»

តំណាង​គ្រួសារ​ជន​រងគ្រោះ លោកស្រី សំ វណ្ណី បាន​ថ្លែង​ថា ៖ «រាជ​រដ្ឋាភិបាល​កម្ពុជា មេត្តា​បើក​ការ​ស៊ើប​អង្កេត​លើ​ឧក្រិដ្ឋកម្ម​ខាង​លើ​នេះ​ឡើង​វិញ ដើម្បី​វែក​មុខ​ឃាតក​និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង ហើយ​នាំ​ពួក​នេះ​ឡើង​ទៅ​តុលាការ​ដើម្បី​រក​យុត្តិធម៌»

ឆ្លើយ​តប​ទៅ​នឹង​ការ​ទទូច​និង​ទាមទារ​ខាង​លើ​នេះ លោក​ឧត្ដមសេនីយ៍​ឯក ខៀវ សុភ័គ ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ​មិន​ទាន់​បាន​បិទ​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។

ចំពោះ​សំណួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​ត្រូវ​ចំណាយ​ពេល​វេលា​យូរ​ដល់ ១៣​ឆ្នាំ​ក្នុង​ការ​ស៊ើប​អង្កេត​នោះ? លោក​បាន​បញ្ជាក់​ថា ក្រសួង​ត្រូវការ​ប្រើប្រាស់​ពេល​វេលា​ក្នុង​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។

គេ​បាន​ឃើញ​លោក ចន ចនសុន (John Johnson) មន្ត្រី​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា បាន​មក​ឃ្លាំ​មើល​នៅ​ក្នុង​ពិធី​នេះ​ផង​ដែរ។

នៅ​ស្រប​ពេល​ដែល​គណបក្ស​ប្រឆាំង​សមរង្ស៊ី បាន​រៀបចំ​ពិធី​រំឭក​ខួប ១៣​ឆ្នាំ​នៃ​ការ​គប់​គ្រាប់​បែក​ដៃ​ខាង​លើ​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ឈ្មោះ Human Rights Watch បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថា ការិយាល័យ​សហព័ន្ធ​ស៊ើប​ការណ៍​អាមេរិក (FBI) គប្បី​សើរើ​ការ​ស៊ើប​អង្កេត​ជា​ថ្មី ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា មិន​បាន​ចាត់​វិធានការ​ស៊ើប​អង្កេត​និង​ចាប់​ជន​សង្ស័យ​មក​ផ្ដន្ទា​ទោស ទោះ​បី​ជា​មាន​ភស្តុតាង​ច្បាស់​លាស់​ថា មាន​ការ​ពាក់ព័ន្ធ​នឹង​កង​អង្គរក្ស​របស់​ប្រមុខ​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ គ្រាប់បែក​ចំនួន ៤​គ្រាប់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាន​គប់​ចូល​ក្នុង​ហ្វូង​បាតុករ​ជា​ច្រើន​រយ​នាក់​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី នៅ​ខាង​មុខ​រដ្ឋ​សភា​ក្នុង​រាជធានី​ភ្នំពេញ បាន​សម្លាប់​មនុស្ស ១៦​នាក់​និង​រង​របួស​ជាង ១០០​នាក់។

ការ​គប់​គ្រាប់បែក​ដៃ​ចំនួន ៤​គ្រាប់​ផ្ទុះ​ផ្ទួនៗ​គ្នា​នោះ គឺ​នៅ​គ្រា​ដែល​ក្រុម​បាតុករ​កំពុង​តែ​ស្រែក​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បាតុករ​មួយ​ចំនួន​បាន​ដួល​ស្លាប់​នៅ​នឹង​កន្លែង​ភ្លាមៗ និង​មួយ​ចំនួន​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ។

ក្រុម​ស៊ើប​អង្កេត​របស់ FBI អាមេរិកកាំង ធ្លាប់​បាន​ចូល​មក​បើក​ការ​ស៊ើប​អង្កេត​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​១៩៩៩ ដោយសារ​តែ​មាន​ជនជាតិ​អាមេរិកកាំង​ម្នាក់ គឺ​លោក រ៉ុន អាប់នីយ៍ (Ron Abney) តំណាង​របស់​អង្គការ IRI បាន​រង​របួស ប៉ុន្តែ​ក្រុមFBI បាន​ដក​ខ្លួន​វិញ ដោយ​បាន​បន្ទោស​ថា មន្ត្រី​សមត្ថកិច្ច​សំខាន់ៗ​មួយ​ចំនួន​ដែល​ពួកគេ​សុំ​ជួប​សម្ភាស​មិន​បាន​សហការ ឬ​ផ្ដល់​ការ​ណាត់​ជួប​ទេ​នៅ​ពេល​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល