សមរង្ស៊ី​មិន​ខ្វល់​នឹង​ដីកា​កោះហៅ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ហោ​ណាំហុង​ទេ

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​នេះ បាន​កំណត់​ថ្ងៃ​តម្រូវ​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​ទៅ​បំភ្លឺ​បណ្ដឹង​មួយ​ទៀត​របស់​លោក​ឧប​នាយក​រដ្ឋមន្រ្តី ហោ ណាំហុង ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី មិន​បាន​ចាប់​អារម្មណ៍​នឹង​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី នេះ​ទេ។
ដោយ ទីន ហ្សាការីយ៉ា
2010-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស សម សង្ស៊ី​។
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស សម សង្ស៊ី​។
RFA

លោក សម រង្ស៊ី និង​មេធាវី​របស់​លោក​មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ការ​កោះ​ហៅ​នោះ​ទេ កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ដោយ​ពួកគេ​ចោទ​ប្រកាន់​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា​មិន​ឯករាជ្យ និង​ជា​រឿង​នយោបាយ។

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សម រង្ស៊ី មិន​បាន​ធ្វើ​អធិប្បាយ​អំពី​ករណី​នេះ​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា លោក​មិន​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ដីកា​កោះ​ហៅ​របស់​ចៅក្រម​ស៊ើប​សួរ​នោះ ព្រោះ​កូន​ក្ដី​របស់​លោក​មិន​បាន​ចាប់​អារម្មណ៍​អំពី​ករណី​នេះ ៖ «ពាក់ព័ន្ធ​ទៅ​នឹង​ថា ធ្វើ​យ៉ាង​ម៉េចៗ ដូច​ជា​គណបក្ស​អត់​មាន​ការ​ចាប់​អារម្មណ៍ អ៊ីចឹង​ខ្ញុំ​ក៏​មិន​មាន​ការ​ចាប់​អារម្មណ៍​អី​ដែរ»

ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឌុច គឹមសន បាន​ចេញ​ដីកា​លេខ ៦៩៣ កោះ​ហៅ​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា តាម​បណ្ដឹង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​បរិហារ​កេរ្តិ៍ និង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨ កន្លង​ទៅ នៅ​វាល​ពិឃាត​បឹង​ជើង​ឯក ដោយ​ចោទ​ប្រកាន់​មិន​ចំ​ឈ្មោះ​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បច្ចុប្បន្ន គឺ​ជា​អតីត​មេ​គុក​បឹង​ត្របែក​ក្នុង​សម័យ​ខ្មែរ​ក្រហម។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​នៃ​គណបក្ស សម រង្ស៊ី បាន​ពន្យល់​ថា សមាជិក​គណបក្ស សម រង្ស៊ី ក៏​ដូច​ជា​លោក សម រង្ស៊ី មិន​ចាប់​អារម្មណ៍​ចំពោះ​ពាក្យ​បណ្ដឹង​នេះ​ទេ ដោយ​លោក​បញ្ជាក់​ថា លោក​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ទេ ៖ «ការ​វាយ​តម្លៃ​របស់​សហគមន៍​អន្តរជាតិ ការ​វាយ​តម្លៃ​របស់​អ្នក​ផ្តល់​ជំនួយ ការ​វាយ​តម្លៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា គេ​យល់​ឃើញ​ថា ប្រព័ន្ធ​តុលាការ​នេះ ជា​ប្រព័ន្ធ​តុលាការ ជា​ឧបករណ៍​ដែល​គណបក្ស​កាន់​អំណាច​ប្រើប្រាស់​ក្នុង​គោល​បំណង​នយោបាយ»

ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឌុច គឹមសន មិន​បាន​ធ្វើ​អធិប្បាយ​អំពី​ករណី​នេះ​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។

ទោះ​ជា​យ៉ាង​ណា លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​អះអាង​ថា រឿង​តុលាការ​កម្ពុជា គឺ​ជា​រឿង​បច្ចេកទេស​របស់​តុលាការ​មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១០ កន្លង​ទៅ សាលាឧទ្ធរណ៍​ប្រទេស​បារាំង បាន​កាត់​សេចក្ដី​ឲ្យ​លោក ហោ ណាំហុង ឈ្នះ​ក្ដី​លើ​លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស សម រង្ស៊ី ក្រោម​បទ​បរិហារ​កេរ្តិ៍ ដោយ​បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​លោក​ចំនួន ១​អឺរ៉ូ​ផង​ដែ។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​កំបាំង​មុខ ផ្តន្ទា​ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​គុក​ចំនួន ១០​ឆ្នាំ ដោយ​ចោទ​ប្រកាន់​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ដែល​បាន​ចោទ​ថា ប្រទេស​កម្ពុជា បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម ប្រមាណ​ពី ២០០​ម៉ែត្រ ទៅ​ជាង ៥០០​ម៉ែត្រ តាម​រយៈ​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កន្លង​មក។

ប៉ុន្តែ​ការ​សម្រេច​សេចក្ដី​នេះ ត្រូវ​បាន​នាយិកា​ស្ដីទី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អាស៊ី លោកស្រី សូភី រីឆាដសុន (Sophie Richardson) បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​ថា តុលាការ​កម្ពុជា បាន​កាត់​ទោស​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​នៃ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិន​ចាប់​អារម្មណ៍​ពី​រឿង​លទ្ធិប្រជាធិបតេយ្យ​ទេ ហើយ​ថា រដ្ឋាភិបាល​កំពុង​ដឹក​នាំ​ប្រទេស​បែប​ជិះ​សេះ​លែង​ដៃ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល