លោក សម រង្ស៊ី សង្ឃឹម​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ប្រទេស​កូឌីវ័រ ចូល​រួម​សន្និសីទ​អន្តរជាតិ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រោយ​ពី​ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) លោក​មាន​ក្ដី​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​នយោបាយ​មួយ​អនុញ្ញាត​ឲ្យ​លោក​ចូល​រួម​ការ​បោះ​ឆ្នោត​មួយ​បាន។
ដោយ យន់ សាមៀន
2012.11.29
សម រង្ស៊ី​ ៣០៥ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នកកាសែត​និង​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​នៅ​ឯ​ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ីក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៣០ កក្កដា ២០០៨។
RFA File

លោក​បន្ថែម​ទៀត​ថា ទោះ​បី​ជា​ការ​បោះ​ឆ្នោត​នឹង​ឈាន​មក​ដល់​ក្នុង​រយៈពេល ៨ ខែ​ខាង​មុន​នេះ​ក៏​ដោយ ប៉ុន្តែ​លោក​នឹង​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត ប្រសិន​បើ​មាន​ដំណោះស្រាយ​នយោបាយ​ណា​មួយ អនុញ្ញាត​ឲ្យ​លោក​ចូល​រួម​ការ​បោះ​ឆ្នោត។

លោក សម រង្ស៊ី៖ «យើង​គួរ​តែ​យល់​ច្បាស់​ហើយ គេ​មិន​ចាំបាច់​ខោក​ក្បាល​យើង​ទេ គេ​ថា​ប៉ុណ្ណឹង គេ​មិន​ឲ្យ​តម្លៃ​ទេ​ការ​បោះ​ឆ្នោត​ណា​ដែល​គ្មាន​ការ​ចូលរួម​ពី​សំណាក់​ទាំង​អស់។ និយាយ​ឲ្យ​ចំ​ប្រកួត​មាន​តែ​២ មាន​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន ហើយ​មាន​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​រូប​ខ្ញុំ សម រង្ស៊ី។ ដូច្នេះ​ការ​បោះ​ឆ្នោត​ត្រូវ​មាន​គូ​ប្រកួត​ទាំង​ពីរ...»

ក្នុង​ជំនួប​តានតឹង​មួយ​រវាង​លោក ហ៊ុន សែន និង​លោក ប៉ារាក់ អូបាម៉ា កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​និយាយ​នឹង​លោក ហ៊ុន សែន ថា បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស នឹង​ក្លាយ​ជា​ឧបសគ្គ​រារាំង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា មិន​ឲ្យ​ស៊ី​ជម្រៅ​បាន។

លោក ប៉ារាក់ អូបាម៉ា បាន​ស្នើ​សុំ​ឲ្យ​កម្ពុជា ដោះលែង​អ្នក​ទោស​នយោបាយ និង​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​លក្ខណៈ​សេរី និង​យុត្តិធម៌។

ទាក់ទង​នឹង​បញ្ហា​លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា បច្ចុប្បន្ន​ថា មាន​ស្តង់​ដារ​ពីរ។

ក្រុមប្រឹក្សា​ធម្មនុញ្ញ កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា បាន​ច្រាន​ចោល​បណ្ដឹង​របស់​មេធាវី​លោក សម រង្ស៊ី ប្រឆាំង​នឹង​ការ​លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ លោក សម រង្ស៊ី ចាត់​ទុក​ថា ការ​លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ជា​លេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រារាំង​លោក​មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ពីព្រោះ​លោក​អាច​ក្លាយ​ជា​ដៃគូ​ប្រកួត​ប្រជែង​អំណាច​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សេចក្ដី​ថ្លែងការណ៍​លោក សម រង្ស៊ី ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី​២៨ វិច្ឆិកា សរសេរ​ថា ច្បាប់​បោះ​ឆ្នោត​មាត្រា ៥០ ចែង​ថា អ្នក​ទោស​ជាប់​ពន្ធនាគារ​មិន​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន ប៉ុន្តែ​គ្មាន​ជំពូក​ណា​បន្ថែម​ទៀត ដែល​បាន​ចែង​ថា អ្នក​ទោស​ដែល​បាន​កាត់​ទោស​រួច នឹង​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​នោះ​ឡើយ។

លោក សម រង្ស៊ី បាន​លើក​ឧទាហរណ៍​ថា ករណី​របស់​អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ហេង ពៅ និង​អ្នកស្រី ផេង គន្ធាបុរី អតីត​ប្រធាន​ពិធីការ​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា និង​ទណ្ឌិត​មួយ​ចំនួន​ទៀត​នៅ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នៅ​ឡើយ។

លោក សម រង្ស៊ី ចាត់​ទុក​ថា ការ​លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ប៉ុន្តែ​រក្សា​ឈ្មោះ​ពិរុទ្ធជន​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មាន​ស្តង់ដារ​ពីរ​ផ្សេង​គ្នា ដែល​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ប្រៀប​ទៅ​នឹង​ការ​ប្រដាល់​កីឡា​ដែល​មាន​កីឡាករ​តែ​ម្នាក់​ក្នុង​ការ​ប្រកួត ដោយសារ​លោក ហ៊ុន សែន ខ្លាច​ការ​ប្រកួត​ដោយ​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។