លោក សម រង្ស៊ី ព្រមាន​ថា​នឹង​អាច​​មាន​បដិវត្តន៍​ថ្មី​មួយ​នៅ​កម្ពុជា

លោក សម រង្ស៊ី ក្នុង​ឱកាស​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ខ្មែរ​អាមេរិក នៅ​សហរដ្ឋអាមេរិក បាន​ប្រដូច​ស្ថានការណ៍​បះបោរ​នៅ​ប្រទេស​ក្នុង​ពិភព​អារ៉ាប់​ថា អាច​នឹង​កើត​មាន​ឡើង​នៅ​កម្ពុជា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិន​អាច​ដោះស្រាយ​វិបត្តិ​គ្មាន​ការងារ​ធ្វើ អំពើ​ពុករលួយ និង​វិបត្តិ​ដីធ្លី។
ដោយ យន់ សាមៀន
2011-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ក្នុង​ពិធី​ជួបជុំ​សហគមន៍​ខ្មែរ​អាមេរិក នៅ​ទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១។
លោក សម រង្ស៊ី ក្នុង​ពិធី​ជួបជុំ​សហគមន៍​ខ្មែរ​អាមេរិក នៅ​ទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១។
RFA/Yun Samean

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង សម រង្ស៊ី កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កុម្ភៈ បាន​ព្រមាន​មេដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​ថា កម្ពុជា​នឹង​អាច​ផ្ទុះ​ឡើង​នូវ​បដិវត្តន៍​មួយ​ប្រឆាំង​នឹង​ការ​កាន់កាប់​អំណាច​ផ្តាច់ការ ប្រសិន​បើ​មេដឹកនាំ​ខ្មែរ​ដែល​បាន​កាន់កាប់​អំណាច​អស់​រយៈពេល​ជិត ៣០​ឆ្នាំ នៅ​បន្ត​កាន់​អំណាច​​ទៅ​មុន​ទៀត។

ការ​ទាយ​ទុក​របស់​ជោគវាសនា​កម្ពុជា របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ក្នុង​វេទិកា​ពិភាក្សា​មួយ​ជាមួយ​ខ្មែរ​អាមេរិក​នៅ​ទីក្រុង​ហ្វលស៍ ឈជ (Falls Church) រដ្ឋ​វីជីនៀ (Virginia) ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ ៥០​នាក់។

លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង បន្ត​ថា បដិវត្តន៍​ដែល​កម្ពុជា​នឹង​ជួប​ប្រទះ គឺ​បដិវត្តន៍​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​អត់​ការងារ​ធ្វើ ការ​រឹប​អូស​ដីធ្លី ភាព​ក្រីក្រ និង​អំពើ​ពុករលួយ។

លោក​បន្ត​ទៀត​ថា បដិវត្តន៍​ផ្កា​ម្លិះ​នៅ​ប្រទេស​ទុយណេស៊ី (Tunisia) អេហ្សីប (Egypt) និង​ព្រឹត្តិការណ៍​ចុង​ក្រោយ​កំពុង​កើត​ឡើង​នៅ​ប្រទេស​លីប៊ី (Libya) បាន​ញ៉ាំង​ឲ្យ​ប្រជាជន​ក្នុង​ពិភពលោក​មើល​ឃើញ​ថា បដិវត្តន៍​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ​គឺ​មាន​ភាព​ចាំបាច់។

ប្រជាពលរដ្ឋ​នៅ​ទុយណេស៊ី និង​អេហ្សីប បាន​ទទួល​ជោគជ័យ​ក្នុង​បដិវត្តន៍​របស់​ពួកគេ ដោយ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​លាលែង​ចេញ​ពី​តំណែង។

លោក សម រង្ស៊ី មាន​ប្រសាសន៍​បន្ថែម ៖ «ប្រជាពលរដ្ឋ​ដែល​បះបោរ​នៅ​ប្រទេស​ទាំង​ប៉ុន្មាន​នេះ គឺ​បះបោរ​ដើម្បី​អ្វី? ចង់​បាន​អ្វី? តើ​ប្រជាពលរដ្ឋ​ឥឡូវ​នេះ​ឈឺ​ចាប់​ដោយសារ​រឿង​អ្វី? ដូចគ្នា គឺ​ទី​១ ភាព​ក្រីក្រ។ ដរាប​ណា​គេ​ថា ស្រុក​អភិវឌ្ឍន៍ ប៉ុន្តែ​អភិវឌ្ឍន៍​សម្រាប់​នរណា? សម្រាប់​អ្នក​មាន​អំណាច? សម្រាប់​មហា​សេដ្ឋី​ឲ្យ​កាន់តែ​មាន​ឡើង? ហ្នឹង​ប្រជារាស្ត្រ​អត់​ចង់​បាន​ទេ គឺ​ចង់​មាន​ការ​អភិវឌ្ឍ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​ឲ្យ​អ្នក​ក្រ​បាន​ទទួល​ផល​ពី​ការ​អភិវឌ្ឍ​ផង បើ​អ្នក​ក្រ​នៅ​តែ​ក្រ​ដដែល​អា​ហ្នឹង​ច្បាស់​ជា​មាន​ការ​តវ៉ា​ហើយ...»

លោក សម រង្ស៊ី ក៏​បាន​ប្រាប់​ខ្មែរ​អាមេរិក​ទៀត​ថា គណបក្ស សម រង្ស៊ី គាំទ្រ​ការ​ដោះស្រាយ​វិបត្តិ​ព្រំដែន​កម្ពុជា និង​ថៃ ជា​លក្ខណៈ​អន្តរជាតិ ប៉ុន្តែ​មិន​មែន​យន្តការ​អាស៊ាន ដោយសារ​តែ​ប្រទេស​ថៃ ជា​ប្រទេស​មាន​អំណាច​មួយ​ក្នុង​តំបន់ ដូច្នោះ​កម្ពុជា នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ទេ។ លោក សម រង្ស៊ី បាន​ស្នើ​ឲ្យ​កម្ពុជា ដាក់​ពាក្យ​បណ្ដឹង​សា​ជា​ថ្មី​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ និង​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​កម្ពុជា។

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​រដ្ឋាភិបាល​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ​ក្លែង​បន្លំ​ឯកសារ និង​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ឆ្នាំ​២០០៩។ តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ បាន​បើក​សវនាការ​ដោះស្រាយ​​បណ្តឹង​លោក សម រង្ស៊ី ប៉ុន្តែ​បាន​ពន្យារ​ពេល​ប្រកាស​សាលក្រម​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មីនា ខាង​មុខ​នេះ។

លោក សម រង្ស៊ី បន្ត​ទៀត​ថា លោក​មិន​បាន​សោកស្ដាយ​ចំពោះ​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​នោះ​ទេ ពីព្រោះ​កម្ពុជា ពិត​ជា​បាន​បាត់បង់​ដី​ទៅ​ឲ្យ​ប្រទេស​វៀតណាម​មែន។ លោក​បន្ត​ថា ការ​ដែល​តុលាការ​កាត់​ទោស​លោក គឺ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា មិន​ចង់​ឲ្យ​មាន​វត្តមាន​របស់​លោក​ក្នុង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

លោក​បន្ត​ទៀត​ថា ៖ «អ្នក​បម្រើ​បរទេស អ្នក​ធ្វើ​បាប​ប្រជារាស្ត្រ គេ​រក​រឿង​យើង មាន​ន័យ​ថា យើង​ធ្វើ​ត្រូវ​ហើយ។ បើ​ពួក​មនុស្ស​អាក្រក់​គាំទ្រ​យើង ជួយ​យើង និយាយ​ល្អ​ពី​យើង មាន​ន័យ​ថា យើង​ធ្វើ​អាក្រក់​ហើយ បើ​មនុស្ស​អាក្រក់​ថា យើង​អាក្រក់ ធ្វើ​បាប​យើង មាន​ន័យ​ថា យើង​ធ្វើ​ត្រូវ​ហើយ ដូច្នេះ​ធ្វើ​ទៀត អត់​មាន​ខ្លាច​អី​ទេ ការ​ជួយ​ប្រជារាស្ត្រ​រហូត​ដល់​ចប់»

លោក ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​នឹង​ប្រើប្រាស់​កម្លាំង​យោធា ដើម្បី​បំបាត់​ការ​បះបោរ​ណា​មួយ​នៅ​កម្ពុជា ៖ «ផ្ដាំ​ឲ្យ​ហើយ បើ​អ្នក​ឯង​ប្រមូល​គ្នា​បាន​សូម​អញ្ជើញ​មក! បើ​នាយករដ្ឋមន្ត្រី​មិន​ដឹក​នាំ​ការពារ​រដ្ឋធម្មនុញ្ញ ទុក​ឲ្យ​គេ​ធ្វើ​អនាធិបតេយ្យ​ពេញ​ផ្ទៃ​ប្រទេស​យ៉ាង​ម៉េច?»

លោក ហ៊ុន សែន បច្ចុប្បន្ន​មាន​វ័យ ៥៩​ឆ្នាំ បាន​កាន់កាប់​អំណាច​នៅ​កម្ពុជា អស់​រយៈ​ពេល ២៦​ឆ្នាំ។ លោក​ធ្លាប់​បាន​ប្រកាស​កាន់​តំណែង​រហូត​ដល់​អាយុ ៩០​ឆ្នាំ។

អ្នកនាំ​ពាក្យ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ ខែ​កុម្ភៈ បាន​ច្រាន​ចោល​ការ​វិភាគ​របស់​លោក សម រង្ស៊ី។

លោក​បន្ត​ថា ការ​បន្ត​តំណែង​របស់​មេដឹកនាំ​កម្ពុជា ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត និង​មិន​មែន​ជា​ការ​បង្ខិតបង្ខំ ៖ «ខ្ញុំ​អត់​យល់​ដូច​គាត់ គាត់​គ្រាន់តែ​ប្រាប់​រឿង​មួយ​ដែល​ជា​ការ​បញ្ចេញ​យោបល់​របស់​គេ​ទេ ប៉ុន្តែ​កម្ពុជា​មិន​មែន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​អ្វី​ដែល​ឯកឧត្ដម សម រង្ស៊ី លោក​មាន​ប្រសាសន៍»

លោក ផៃ ស៊ីផាន ក៏​បាន​ប្រកាស​ថា លោក សម រង្ស៊ី នឹង​អាច​ប្រឈម​មុខ​នឹង​ទោស​នៅ​ពន្ធនាគារ​ដោយ​គ្មាន​ដំណោះស្រាយ​នយោបាយ​ណា​មួយ ដើម្បី​ឲ្យ​លោក សម រង្ស៊ី រួច​ទោស​នោះ​ទេ។

ពលរដ្ឋ​ខ្មែរ​អាមេរិក ដែល​បាន​មក​ស្ដាប់​ការ​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី បាន​សម្ដែង​ក្តី​បារម្ភ​អំពី​ស្ថានភាព​ព្រំដែន និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក យ័ប គឹមទឹង ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ មាន​ប្រសាសន៍​ថា ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិក បាន​រៀបចំ​ការ​ពិភាក្សា​នេះ​ដើម្បី​ស្វែង​យល់​ការ​ពិត​នៅ​កម្ពុជា អំពី​ស្ថានភាព​ព្រំដែន បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​យុត្តិធម៌។

លោក​បន្ត​ថា ៖ «ខ្ញុំ​ចង់​ឃើញ​ស្រុក​ខ្មែរ​យើង​គោរព​ច្បាប់​ឲ្យ​ត្រឹមត្រូវ កុំ​ឲ្យ​ថា អ្នក​មាន​អំណាច​ធ្វើ​អ្វី​តាម​ចិត្ត ហើយ​យើង​មាន​តែ​ច្បាប់​សម្រាប់​ពួក​ក្រីក្រ​គោរព»

ក្ដី​បារម្ភ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិក គឺ​ស្រដៀង​នឹង​ក្ដី​បារម្ភ​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

អ្នករាយការណ៍​អង្គការ​សហប្រជាជាតិ​ក្នុង​សន្និសីទ​សារព័ត៌មាន បាន​សម្ដែង​កង្វល់​ពី​ស្ថានភាព​នៃ​បញ្ហា​សិទ្ធិ​មនុស្ស សិទ្ធិ​ដីធ្លី និង​ការ​ប្រើប្រាស់​ច្បាប់​ព្រហ្មទណ្ឌ កាត់​ទោស​បទ​បរិហារ​កេរ្តិ៍ និង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

La résolution pacifique au Cambodge se faisait bouche à bouche contre les pseudocommunistes MR.SAM Rainsy doit et devra montrer à l'opinion francophone les stratégie des communistes nordvietnamiens

Feb 27, 2011 04:26 AM

គេហទំព័រ​ទាំងមូល