ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជំរុញ​ឲ្យ​កម្ពុជា​បង្កើន​ចំណេះ​ដឹង​ផ្នែក​គីមី​ក្នុង​វិស័យ​ឧស្សាហកម្ម

បណ្ដា​ប្រទេស​ជាច្រើន​នៅ​ក្នុង​ពិភពលោក សុទ្ធ​តែ​ទទួល​ស្គាល់​ថា ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ រួម​ទាំង​ភាព​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម គឺ​ពឹង​ផ្អែក​ទៅ​លើ​ការ​យល់​ដឹង​ច្បាស់​លាស់​ផ្នែក​គីមីវិទ្យា និង​វិទ្យាសាស្ត្រ។
ដោយ ហង្ស សាវយុត
2012.10.20
នេត បារ៉ុម ៣០៥ លោក នេត បារ៉ុម ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សង្គម​វិទ្យា​គីមី​កម្ពុជា ថ្លែង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ ស្ដីពី​គីមីវិទ្យា នា​សណ្ឋាគារ​អង្គរ​សិនឆើរី (Angkor Century Resort & Spa) ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០១២។
RFA/Hang Savyouth

ក៏ប៉ុន្តែ បច្ចុប្បន្ន​ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក ដែល​កំពុង​ក្លាយ​ជា​ដៃគូ​នៃ​កិច្ច​សហការ​លើ​ការងារ​ជាច្រើន​នោះ គឺ​នៅ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​នៃ​ការ​យល់​ដឹង​ផ្នែក​គីមី ដើម្បី​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​នៅ​ឡើយ។

តើ​ក្រុម​ប្រទេស​ទាំង​នោះ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​គ្នា​យ៉ាង​ណា​លើ​ធនធាន​នេះ?

អ្នក​ជំនាញ​ផ្នែក​គីមីវិទ្យា មក​ពី​បណ្ដា​ប្រទេស​ចំនួន​១៣ នៅ​ក្នុង​តំបន់​អាស៊ាន អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក កំពុង​ចូល​រួម​សន្និសីទ​រយៈពេល ៣ថ្ងៃ នៅ​ឯ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី១៩ រហូត​ទៅ​ដល់​ថ្ងៃ​ទី២១ ខែ​តុលា។

សន្និសីទ​អន្តរជាតិ​នេះ មាន​គោល​បំណង​ចែក​រំលែក​ចំណេះ​ដឹង​លើ​ការ​ស្រាវជ្រាវ​ផ្នែក​គីមី និង​វិទ្យាសាស្ត្រ និង​ការ​យល់​ដឹង​ជា​សកល សម្រាប់​ជា​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នៅ​ក្នុង​សម័យ​ទំនើប។

ក្រុម​ប្រទេស​ដែល​កំពុង​ចូល​រួម​សន្និសីទ​នោះ មាន​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ដែល​ជា​អ្នក​រៀបចំ សិង្ហបុរី ហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី បារាំង អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​ប្រទេស​ហ្សកដានី។

អ្នកស្រី ស៊ាង ហ៊ុយ គឺ​ជា​នាយិកា​ប្រតិបត្តិ​នៃ​សមាគម​អ្នក​គីមី​កម្ពុជា គឺ​ជា​មនុស្ស​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​ជំនាញ​កម្ពុជា ជា​ច្រើន​រូប​ទៀត​ដែល​ចូល​រួម​សន្និសីទ​នោះ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំង​អស់​ក្នុង​ពិភពលោក​ជា​យូរយារ​ណាស់​មក​ហើយ គឺ​ពឹង​ផ្អែក​ទៅ​លើ​វិទ្យាសាស្ត្រ ជាពិសេស គឺ​គីមី​សាស្ត្រ។ ភាព​រីក​ចម្រើន និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្តី សង្គម​ក្តី ដូច​ជា​ការ​ផលិត​ចំណី​អាហារ និង​វត្ថុ​ប្រើប្រាស់​ផ្សេងៗ ព្រម​ទាំង​បញ្ហា​សុខភាព​ផង គឺ​សុទ្ធ​តែ​មាន​ការ​ទាក់​ទង​ទៅ​លើ​គីមី​សាស្ត្រ និង​វិទ្យាសាស្ត្រ។

អ្នកស្រី ស៊ាង ហ៊ុយ បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា គឺ​មាន​គម្លាត​ឆ្ងាយ​ពី​គេ បើ​ប្រៀបធៀប​រវាង​ប្រទេស​នៅ​ក្នុង​តំបន់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក លើ​ធនធាន​យល់​ដឹង​ផ្នែក​គីមីវិទ្យា ដោយ​សារ​តែ​រយៈពេល​ជិត ៣០ឆ្នាំ កម្ពុជា​មាន​សង្គ្រាម​ស៊ីវិល ធ្វើ​ឱ្យ​អ្នក​ចេះ​ដឹង​ជាច្រើន​បាន​ស្លាប់។ ពេល​បច្ចុប្បន្ន បើ​ទោះ​បី​ជា​កម្ពុជា បាន​សន្តិភាព និង​កំពុង​ខិតខំ​ប្រឹងប្រែង​លើ​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ផ្នែក​គីមីវិទ្យា​ឡើង​វិញ​ក៏ដោយ ក៏​ការ​យល់​ដឹង​ផ្នែក​នេះ នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។

អ្នកស្រី ស៊ាង ហ៊ុយ៖ «នៅ​ក្នុង​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ី​យើង​នេះ វិទ្យាសាស្ត្រ​គេ​បាន​រីក​ចម្រើន​ជឿន​លឿន​ខ្លាំងក្លា​មែន​ទែន​ហើយ។ ដោយ​ឡែក​ប្រទេស​កម្ពុជា ឃើញ​ថា​ផ្នែក​វិទ្យាសាស្ត្រ​គីមី ក៏​ដូច​ជា​វិទ្យាសាស្ត្រ ឃើញ​ថា យើង​នៅ​មាន​កម្រិត​នៅ​ឡើយ។ ហេតុ​ដូច្នេះ​ហើយ ការ​ធ្វើ​សន្និសីទ​អន្តរជាតិ​នេះ គោល​បំណង​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ពី​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ី អំពី​វិទ្យាសាស្ត្រ​គីមី ថា​តើ​គេ​ដើរ​ដល់​ណា​ហើយ ហើយ​យើង​នឹង​រៀន​សូត្រ​អ្វី​ខ្លះ​អំពី​គេ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​សង្គម​របស់​យើង?»

សមាគម​អ្នក​គីមី​កម្ពុជា បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន កម្ពុជា ដែល​អន់​ខ្សោយ​ចំណេះ​ដឹង​ផ្នែក​គីមីវិទ្យា ដោយ​សារ​តែ​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​លើ​ការ​ទិញ​សម្ភារៈ​បច្ចេកទេស និង​មាន​កន្លែង​ពិសោធន៍​គ្រប់គ្រាន់។ សម្ភារៈ​បច្ចេកទេស​សម្រាប់​អភិវឌ្ឍ​ខាង​ផ្នែក​វិទ្យាសាស្ត្រ គឺ​វា​មាន​តម្លៃ​ថ្លៃ​ខ្លាំង ដែល​ប្រទេស​កម្ពុជា ជា​ប្រទេស​ក្រីក្រ​នៅ​មិន​ទាន់​មាន​លទ្ធភាព​ទិញ​សម្ភារៈ​ទាំង​នោះ​មក​ឱ្យ​អ្នក​សិក្សា​ធ្វើ​ការ​ពិសោធ​បាន​ឡើយ។

ក្រុម​អ្នក​ជំនាញ​ខាង​គីមីវិទ្យា ឱ្យ​ដឹង​ថា កាល​ពី ពីរ​បី​ឆ្នាំ​កន្លង​ទៅ រដ្ឋាភិបាល​ដែល​ទទួល​បាន​ជំនួយ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ហើយ​កំពុង​ប្រឹងប្រែង​លើ​គំរោង​សាងសង់​អគារ​ធនធាន​ពិសោធន៍​គីមី នៅ​តាម​ខេត្ត ក្រុង ចំនួន ២៤ ទូទាំង​ប្រទេស សម្រាប់​ឱ្យ​សិស្ស និង​និស្សិត បាន​អនុវត្ត​ការ​ពិសោធ​ផ្ទាល់។ ក៏ប៉ុន្តែ ទោះ​យ៉ាង​ណា គេ​បាន​មើល​ឃើញ​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺ​មាន​វិទ្យាល័យ​រាប់​ពាន់ ហើយ​អគារ​ធនធាន​ពិសោធន៍​គីមី គឺ​មាន​តែ ២៤ នៅ​ឡើយ ដូច្នេះ វា​នៅ​តែ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​លទ្ធភាព​ឱ្យ​គ្រូ និង​សិស្ស​បាន​ធ្វើ​ការ​ពិសោធ​គីមី​គ្រប់គ្រាន់​ទេ។

លោក ម៉ី សុវុឌ្ឍី គឺ​ជា​សាស្ត្រាចារ្យ​ផ្នែក​គីមី ដែល​បង្រៀន​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ក៏​ជា​អ្នក​សរសេរ​សៀវភៅ​គីមី​ផង​ដែរ លោក​បាន​មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន​នេះ តម្រូវ​ការ​សម្ភារៈ​ឧបទេស និង​មន្ទីរ​ពិសោធន៍ សម្រាប់​ផ្នែក​គីមី គឺ​កំពុង​មាន​ភាព​ចាំបាច់​សម្រាប់​និស្សិត ក្នុង​សកលវិទ្យាល័យ និង​សិស្ស​នៅ​តាម​វិទ្យាល័យ។ ក៏ប៉ុន្តែ នៅ​តាម​វិទ្យាល័យ​ភាគ​ច្រើន​ទូទាំង​ប្រទេស គឺ​សឹង​តែ​គ្មាន​មន្ទីរ​ពិសោធន៍​ទេ។

លោក ម៉ី សុវុឌ្ឍី៖ «សំណូម​ពរ​រដ្ឋាភិបាល​ជួយ​ផ្ដល់​លទ្ធភាព​ច្រើន ទាក់​ទង​ខាង​វិស័យ​គីមី ពីព្រោះ​បច្ចុប្បន្ន​នេះ ប្រទេស​យើង​ក៏​មាន​សមាគម​អ្នក​គីមី គឺ​ចែក​រំលែក​ចំណេះ​ដឹង​ទៅ​ខាង​គ្រូ បន្ទាប់​មក​គ្រូ​ផ្សព្វផ្សាយ​ទៅ​សិស្ស។ អីចឹង​សុំ​ឱ្យ​រដ្ឋាភិបាល បើ​សិន​ជា​ការ​ល្អ ជួយ​បន្ថែម​ថវិកា​ទាក់​ទង​នឹង​ការ​ពិសោធ ដើម្បី​ឱ្យ​សាលា​ទូទាំង​ប្រទេស​ហ្នឹង មាន​លទ្ធភាព​ធ្វើ​ពិសោធ»

លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់​ថា មនុស្ស​ខ្មែរ​មិន​មែន​មាន​បញ្ញា​ទន់​ខ្សោយ​ខាង​ផ្នែក​នេះ​ទេ គឺ​គ្រាន់​តែ​ខ្វះខាត​ផ្នែក​សម្ភារៈ​បច្ចេកទេស​ប៉ុណ្ណោះ។ ការ​អះអាង​បែប​នេះ ត្រូវ​គេ​បង្ហាញ​ភស្តុតាង​ថា មាន​និស្សិត​ខ្មែរ​ជាច្រើន ដែល​ធ្លាប់​បាន​រៀន​តែ​ទ្រឹស្ដី​នៅ​ក្នុង​ប្រទេស ក៏ប៉ុន្តែ នៅ​ពេល​ដែល​ពួក​គេ​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស ហើយ​មាន​មន្ទីរ​ពិសោធន៍​ផង​នោះ គឺ​រៀន​បាន​ពូកែ​រហូត​បាន​ទទួល​មេដាយ​ទៀត​ផង មិន​ចាញ់​និស្សិត​បរទេស​ឡើយ។

លោក​បណ្ឌិត ម៉ាកហ្ស៊ីមើស ចននីធី អុងគីលី (Maximus Johnity Ongkili) ជា​រដ្ឋមន្ត្រី​ផ្នែក​វិទ្យាសាស្ត្រ​របស់​ប្រទេស​ម៉ាឡេស៊ី បាន​មាន​ប្រសាសន៍​ថា កត្តា​ជាច្រើន​ដែល​ទាក់​ទង​នឹង​ការ​រស់នៅ​ប្រចាំ​របស់​សង្គម​និមួយៗ ការ​អភិវឌ្ឍ និង​ជឿន​លឿន នៅ​ក្នុង​ពិភពលោក គឺ​សុទ្ធ​តែ​ពឹង​ផ្អែក​ទៅ​លើ​ចំណេះ​ដឹង​ផ្នែក​គីមីវិទ្យា​ទាំង​អស់៖ «គីមីវិទ្យា គឺ​ជា​វិទ្យាសាស្ត្រ​មូលដ្ឋាន ដែល​បម្រើ​ឱ្យ​គ្រប់​វិស័យ​នានា ដូចជា​ការ​ផលិត​ចំណី​អាហារ វិស័យ​កសិកម្ម ការ​ផលិត​ថ្នាំ​ពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ ការ​សាង​សង់​សំណង់​នានា ការ​បង្កើត​ចេញ​ជា​សំលៀកបំពាក់​ជាដើម។ ដូច្នេះ​ហើយ ការ​ជំរុញ និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ឱ្យ​ចេះ​ដឹង​ជំនាញ​នេះ គឺ​ជា​ទេពកោសល្យ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ឱ្យ​ឆ្ពោះ​ទៅ​កាន់​ភាព​ជឿន​លឿន»

ទោះ​យ៉ាង​ណា លោក ម៉ាកហ្ស៊ីមើស ចននីធី អុងគីលី បាន​ឱ្យ​ដឹង​ថា ការ​យល់​ដឹង​ផ្នែក​វិទ្យាសាស្ត្រ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​និមួយៗ​នៅ​ក្នុង​តំបន់ មិន​ដូច​គ្នា​នៅ​ឡើយ​ទេ គឺ​ប្រទេស​ខ្លះ​បាន​នាំ​មុខ​ឆ្ងាយ ហើយ​ប្រទេស​ខ្លះ​ទៀត នៅ​កំពុង​តែ​ដើរ​តាម​ក្រោយ​គេ​នៅ​ឡើយ។

អ្នក​ជំនាញ​ផ្នែក​គីមី និង​វិទ្យាសាស្ត្រ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា នៅ​ខ្វះខាត​ធនធាន​ចំណេះ​ដឹង​គីមី​ផ្នែក​ឧស្សាហកម្ម​ជាច្រើន ពីព្រោះ​ប្រទេស​ទាំង​ឡាយ​នៅ​លើ​ពិភពលោក ដែល​ជឿនលឿន​ទៅ​បាន គឺ​ដោយ​សារ​គីមី​ឧស្សាហកម្ម​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។