អាជ្ញាធរ​ស្រុក​បាកាន​បង្កើត​បណ្តាញ​ការពារ​សន្តិសុខ​ក្នុង​មូលដ្ឋាន

បណ្តាញ​ការពារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឯ​ស្រុក​បាកាន​នៃ​ខេត្ត​ពោធិ៍សាត់ ដែល​ជា​ស្រុក​មួយ​មាន​កើត​អំពើ​ចោរ​ប្លន់​ប្រដាប់​អាវុធ​ជាប់ៗ​គ្នា​ចំនួន ៧​ករណី​មក​ហើយ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ។
ដោយ មណ្ឌលកែវ
2010-01-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អធិការ​នគរបាល​ស្រុក​បាកាន លោក ប៉ែន ទុង មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មករា ថា បន្ទាប់​ពី​មាន​អំពើ​ប្លន់​ជា​ច្រើន​ករណី​ក្នុង​ស្រុក​បាកាន ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​មក​ផ្ទាល់​ជួយ​ពង្រឹង​បណ្តាញ​ការពារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​ស្រុក​បាកាន ដែល​ជា​ស្រុក​មួយ​មាន​ភូមិសាស្ត្រ​ធំ​ទូលាយ​ជាង​ស្រុក​នានា​ក្នុង​ខេត្ត។

លោក ប៉ែន ទុង បន្ត​ថា បណ្តាញ​សន្តិសុខ​នេះ​គឺ​ប្រជាពលរដ្ឋ​នឹង​រាយការណ៍​រាល់​មនុស្ស​ចម្លែក​ដែល​គួរ​ឲ្យ​សង្ស័យ​ចេញ​ចូល​ក្នុង​មូលដ្ឋាន​ឲ្យ​មេ​ភូមិ មេ​ឃុំ ឬ​សមត្ថកិច្ច​ដឹង​ជា​បន្ទាន់។

លោក ប៉ែន ទុង បាន​បញ្ជាក់​ថា ៖ «ឥឡូវ​ហ្នឹង​ខ្ញុំ​កំពុង​តែ​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព ដើម្បី​ចាត់​វិធានការ​ប្រើ​កម្លាំង​ចម្រុះ កម្លាំង​សរុប​ឃុំ ភូមិ និង​ប្រជា​ការពារ ធ្វើ​ម៉េច​ទប់​ស្កាត់​អំពើ​នេះ​កុំ​ឲ្យ​កើត​មាន​ត​ទៅ​ទៀត»

មេ​ឃុំ​រំលេច​នៃ​ស្រុក​បាកាន គឺ​លោក អ៊ុក មួន មាន​ប្រសាសន៍​ថា បណ្តាញ​ការពារ​សន្តិសុខ​នេះ​រួម​មាន​កម្លាំង​ប្រជា​ការពារ​សហការ​ជាមួយ​សមត្ថកិច្ច​ដែល​ជា​កម្លាំង​ប្រដាប់​អាវុធ​ផងដែរ។

លោក អ៊ុក មួន បាន​ឲ្យ​ដឹង​ថា ៖ «យើង​រៀបចំ បើ​សិន​ជា​គ្រួសារ​ណា​ឬ​នៅ​កន្លែង​ណា​ដែល​កើត​មាន​សកម្មភាព​ដូច​ជា​ចោរ​ចូល​ពេល​យប់​ព្រលប់​អី​អ៊ីចឹង​ទៅ ឲ្យ​គោះ​ត្រដោក ឬ​ក៏​វ៉ៃ​ស្អី​ជា​សញ្ញា​សម្គាល់​ថា សភាពការណ៍​មិន​ល្អ​ហើយ​កន្លែង​ហ្នឹង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​គាត់​ចាប់​អារម្មណ៍។ យើង​បាន​រៀបចំ​សហការ​រដ្ឋ​អំណាច​និង​រដ្ឋ​អំណាច ហើយ​ប៉ុស្តិ៍​រដ្ឋបាល​និង​ប៉ុស្តិ៍​រដ្ឋបាល​សហការ​គ្នា គឺ​ប្រជាពលរដ្ឋ​យើង​មាន​សតិ​អារម្មណ៍​ហ្នឹងនរ​ល្អ​ប្រសើរ​ថា នឹង​សង្ឃឹម​នៅ​លើ​រដ្ឋ​អំណាច​មូលដ្ឋាន​របស់​យើង»

ទោះ​បី​ជា​មាន​ការ​ចុះ​ពង្រឹង​ពី​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​និង​បង្កើត​បណ្តាញ​ការពារ​សន្តិសុខ​យ៉ាង​នេះ​ក្តី ការ​ព្រួយ​បារម្ភ​មិន​ទាន់​រសាយ​ពី​អារម្មណ៍​ប្រជាពលរដ្ឋ​នៅ​ឡើយ។

អ្នកស្រី ហួត ឈាង ប្រជាពលរដ្ឋ​ភូមិ​រហាលទិល ដែល​ជា​ភូមិ​ដាច់​ស្រយាល​មួយ​ក្នុង​ឃុំ​តាលោ នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ដដែល ដោយ​អ្នកស្រី​មាន​ប្រសាសន៍​ថា ៖ «ព្រួយ​ខ្លាច​មែនទែន ដូច​ផ្ទះ​ម៉ែ​ខ្ញុំ​អី​គាត់​សម្រាន្ត​មិន​សូវ​លក់​ទេ មួយ​យប់ៗ​គាត់​ខ្លាច ហើយ​ផ្ទះ​ខ្ញុំ​អី​ហ្នឹង​ដូច​វា​ខ្លាច​មែនទែន! ខ្លាច​ណាស់​នៅ​ផ្ទះ​ដាច់​ស្រយាល នៅ​ឃុំ​ដាច់​ស្រយាល...»

បណ្តាញ​ការពារ​សន្តិសុខ​ស្រុក​បាកាន​ក៏​មាន​ការ​សហការ​ផងដែរ​ជាមួយ​ស្រុក​មោងឫស្សី និង​ស្រុក​រុក្ខគិរី ដែល​ជា​ស្រុក​ទើប​បង្កើត​ថ្មី​ក្នុង​ខេត្ត​បាត់ដំបង​ផងដែរ ដោយ​ស្រុក​ទាំង​ពីរ​នេះ​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ស្រុក​បាកាន និង​ជា​ស្រុក​ដែល​សំបូរ​ដោយ​ព្រៃ​ស្តុក​ងាយ​ឲ្យ​ជន​ខិលខូច​លាក់​ខ្លួន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល