អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត៖ ស្ថាប័ន​ព្រឹទ្ធ​សភា​គ្មាន​ប្រយោជន៍

អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា ស្ថាប័ន​ព្រឹទ្ធ​សភា​មិន​មាន​ប្រយោជន៍​សម្រាប់​ស្ថានភាព​សង្គម​កម្ពុជា បច្ចុប្បន្ន​នេះ​ឡើយ ពីព្រោះ​ថា ក្នុង​រយៈកាល​កន្លង​មក ស្ថាប័ន​កំពូល​មួយ​នេះ មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ឯករាជ្យ​នោះ​ទេ។
ដោយ ទីន ហ្សាការីយ៉ា
2012.01.31
បោះ​ឆ្នោទ ព្រឹទ្ធ​សភា ៣០៥ ២៩-មករា-២០១២៖ ទិដ្ឋភាព​នៅ​ក្នុង​បន្ទប់​បោះ​ឆ្នោត​ព្រឹទ្ធ​សភា នីតិកាល​ទី​៣ នៅ​វិទ្យាល័យ​បឹង​ត្របែក នា​រាជធានី​ភ្នំពេញ។
RFA/Sek Bandith

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ស្ថាប័ន​ព្រឹទ្ធ​សភា​មាន​តួនាទី​ចំនួន​ពីរ​សំខាន់។ ទី​១ ព្រឹទ្ធ​សភា​មាន​តួនាទី​ឲ្យ​យោបល់ និង​ពិនិត្យ​លើ​សេចក្ដី​ព្រាង​ច្បាប់​នានា​ដែល​បញ្ជូន​ពី​ស្ថាប័ន​រដ្ឋ​សភា ទី​២ មាន​តួនាទី​សម្របសម្រួល​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋ​សភា ដូចជា​ករណី​ប្ដឹង​ផ្ដល់​អ្នក​តំណាងរាស្ត្រ​កន្លង​មក​ជា​ដើម។ ផ្ទុយ​ទៅ​វិញ ស្ថាប័ន​ព្រឹទ្ធ​សភា​មិន​មាន​ឥទ្ធិពល​ក្នុង​ការ​សម្រេច​លើ​ករណី​ទាំង​នេះ​ឡើយ។

លោក គល់ បញ្ហា៖ «ជួនកាល​ដូរ​ពាក្យ​ហ្នឹង ដូរ​ពាក្យ​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់ ដូរ​មិន​សឹង​ថា​បាន​ផង ហើយ​តួនាទី​សម្របសម្រួល​ហ្នឹង​ក៏​មិន​អាច​អី​បញ្ជាក់​ច្បាស់លាស់​ដែរ គេ​ត្រូវ​ឲ្យ​តួនាទី​ច្បាស់លាស់ នៅ​ថៃ​ព្រឹទ្ធ​សភា​ហ្នឹង គេ​ឲ្យ​តួនាទី​ការ​សម្រេច​ទៅ​លើ​ការ​បង្កើត​ស្ថាប័ន​ជាតិ​ធំៗ ដូចជា​ស្ថាប័ន គ.ជ.ប. សមាសភាព គ.ជ.ប. គេ​ឲ្យ​ព្រឹទ្ធ​សភា​ជា​អ្នក​សម្រេច ប៉ុន្តែ​ព្រឹទ្ធ​សភា​គេ​មិន​មែន​កើត​ចេញ​ពី​គណបក្ស​អ៊ីចឹង​ទេ សមាជិក​ព្រឹទ្ធ​សភា​គេ​ឯករាជ្យ ហើយ​គេ​ឲ្យ​ប្រជាជន​ជា​អ្នក​បោះ​ឆ្នោត»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​បង្ហាញ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ ឆ្នាំ​២០១២ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ទី​២៩ មករា បន្ទាប់​បញ្ចប់​ការ​បោះ​ឆ្នោត​ភ្លាមៗ​ថា ចំនួន​អ្នក​បោះ​ឆ្នោត​សរុប​ចំនួន ១១.៤៧០​នាក់។ ចំណែក​អ្នក​បាន​ទៅ​បោះ​ឆ្នោត​មាន ១១.៣៨៣​នាក់ ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៨.៨៨០​នាក់ ស្មើ​នឹង​ជាង ៧៨%។ រី​ឯ​គណបក្ស សម រង្ស៊ី ជាង ២.៥០០​នាក់ ស្មើ​នឹង​ជិត ២២%។

​តាម​លទ្ធផល​នេះ គេ​អាច​គណនា​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៤៦​អាសនៈ និង​គណបក្ស សម រង្ស៊ី ទទួល​បាន ១១​អាសនៈ។

បន្ទាប់​ពី គ.ជ.ប. បាន​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នេះ​ភ្លាម គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី ដែល​ជា​គណបក្ស​ប្រកួត​ប្រជែង​នោះ គឺ​គណបក្ស​ទាំង​ពីរ​បាន​ទទួល​យក​លទ្ធផល​នេះ ដោយ​គេ​បាន​អះអាង​រៀងៗ​ខ្លួន​ថា ពួកគេ​ទទួល​បាន​ជោគជ័យ​លើ​ការ​បោះ​ឆ្នោត។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ដែល​គណបក្ស​របស់​លោក​មិន​មាន​ចំនួន​អាសនៈ​គ្រប់គ្រាន់​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​នេះ។

លោក​បាន​ពន្យល់​ថា ការ​បោះ​ឆ្នោត​នេះ​វា​មិន​បង្ហាញ​អំពី​តម្លាភាព​នោះ​ទេ ពីព្រោះ​ថា ប្រព័ន្ធ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា គេ​បោះ​ជា​លក្ខណៈ​អសកល​នោះ៖ «ខ្ញុំ​ថា មាន​ព្រឹទ្ធ​សភា​ដូច​បច្ចុប្បន្ន គួរ​កុំ​មាន​វិញ កុំ​ឲ្យ​អស់​ថវិកា​ជាតិ​ច្រើន»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ លោក គល់ បញ្ញា បាន​បន្ថែម​ថា ដើម្បី​ឲ្យ​លទ្ធផល​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ទទួល​យក​បាន​ទាំង​អស់​គ្នា​មាន​ចំណុច​សំខាន់ៗ​មួយ​ចំនួន។ ទី​១ ត្រូវ​ធ្វើ​តាម​បែប​សកល គឺ​សភា​ជាតិ​ត្រូវ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​ធ្វើ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ក្នុង​ពេល​ជាមួយ​នឹង​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ ដោយ​ធ្វើ​ហិប​ឆ្នោត​ផ្សេង​គ្នា។ ទី​២ គឺ​បោះ​ឆ្នោត​អសកល​ដដែល ប៉ុន្តែ​ត្រូវ​បន្ថែម​អង្គ​បោះ​ឆ្នោត​មាន​សមាគម​កសិករ សហជីព​កម្មករ​ជា​ដើម ដើម្បី​ឲ្យ​ពួក​គាត់​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា​ជា​ឯកត្តនាម។

លោក គល់ បញ្ញា បាន​សង្កត់​ធ្ងន់​ថា ប្រព័ន្ធ​បោះ​ឆ្នោត​បច្ចុប្បន្ន​នេះ គេ​អាច​ដឹង​លទ្ធផល​ជា​មុន​ទៅ​ហើយ តាម​រយៈ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​របស់​គណបក្ស​នយោបាយ​ដែល​មាន​ស្រាប់​នោះ៖ «អ៊ីចឹង​អនាគត បើ​សិន​ជា​ករណី​មាន​ការ​ប្រែប្រួល​អី​ទៀត បើ​សិន​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​សល់​តែ​គណបក្ស​មួយ អ៊ីចឹង​ព្រឹទ្ធ​សភា​មាន​តែ​គណបក្ស​មួយ អ៊ីចឹង​វា​មាន​បញ្ហា​នៅ​ក្នុង​ប្រព័ន្ធ​បោះ​ឆ្នោត​ហ្នឹង»

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា បាន​បំភ្លឺ​ថា ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នេះ គេ​អនុវត្ត​ទៅ​តាម​ស្ថានភាព​ប្រទេស​កម្ពុជា ផ្ទាល់ ហើយ​ប្រព័ន្ធ​បោះ​ឆ្នោត​អសកុល្យ​ ក៏​មាន​អនុវត្ត​នៅ​ប្រទេស​ផ្សេង​មួយ​ចំនួន​ទៀត​ដែរ។

លោក ទេព នីថា៖ «ធម្មតា​ការ​បោះ​ឆ្នោត​អសកល​ហ្នឹង ទី​មួយ​ការ​ជ្រើស​អង្គ​បោះ​ឆ្នោត អ្នក​ដែល​ត្រូវ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ហើយ ហើយ​ក៏​មាន​អ្នក​បោះ​ឆ្នោត​ខ្លះ​នៅ​ប្រទេស​ខ្លះ គេ​ជ្រើសរើស​ទៅ​តាម​មុខ​វិជ្ជាជីវៈ ឬ​តាម​សមាគម។ អ៊ីចឹង​ទេ ស្ថានភាព​ផ្សេងៗ​គ្នា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​បោះ​ឆ្នោត​នេះ នីតិវិធី​នៃ​ការ​ជ្រើស​រើស​នេះ​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះ​ឆ្នោត»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ទាំង​លោក កឹម សុខា និង​លោក គល់ បញ្ញា បាន​អះអាង​ថា ការ​ចំណាយ​ថវិកា​ជាតិ​ប្រមាណ​កន្លះ​លាន​ដុល្លារ សម្រាប់​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​វា​មិន​មាន​ប្រយោជន៍​អ្វី​ទេ។ ពួក​គេ​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​វា​មិន​បាន​ឆ្លុះ​បញ្ចាំង​ភាព​ត្រឹមត្រូវ​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​ជា​លក្ខណៈ​សកល។

បន្ថែម​ពី​នេះ​ទៀត លោក កឹម សុខា មាន​ប្រសាសន៍​ថា សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន ជា​ក្រុម​ឈ្មួញ​ធំៗ ដែល​ពួក​គេ​កំពុង​គាប​សង្កត់​ប្រជារាស្ត្រ ដូចជា​លោក ឡាវ ម៉េងឃីន ជា​ម្ចាស់​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​តំបន់​បឹង​កក់។ លោក លី យ៉ុងផាត់ និង​ក្រុម​ឈ្មួញ​មួយ​ចំនួន​ទៀត។

លោក កឹម សុខា៖ «មនុស្ស​ដែល​នៅ​ក្នុង​ព្រឹទ្ធ​សភា ពិសេស​មក​ពី​គណបក្ស​កាន់​អំណាច សុទ្ធតែ​ពួក​ឈ្មូញ​ធំៗ ដែល​ប្រកប​មុខ​របរ​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ខ្ញុំ​មើល​ទៅ​គណបក្ស​កាន់​អំណាច ដាក់​មនុស្ស​ទៅ​គឺ​ដើម្បី​ឲ្យ​សគុណ​ឲ្យ​បាន​មុខ​មាត់​ឲ្យ​បាន​តំណែង ឲ្យ​ងារ​ទេ គ្រាន់​តែ​ឲ្យ​បាន​អំណាច តែ​ប៉ុណ្ណឹង​ទេ»

លោក គល់ បញ្ញា បាន​លើក​ឡើង​ទៀត​ថា ស្ថាប័ន​ព្រឹទ្ធ​សភា​នៅ​ឆ្នាំ​២០១២​នេះ គេ​មិន​អាច​ធ្វើ​ដូច​កាល​ពី​ឆ្នាំ​១៩៩៨ ដែល​រដ្ឋាភិបាល​បាន​បង្កើត​ស្ថាប័ន​ព្រឹទ្ធ​សភា​លើក​ដំបូង​នោះ​ឡើយ ពីព្រោះ​ថា កាល​នោះ​ដោយសារ​តែ​គេ​ចង់​បង្រួបបង្រួម​នយោបាយ និង​ចង់​ឲ្យ​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​គ្មាន​តួនាទី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ឲ្យ​មក​នៅ​ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា ជៀស​វាង​មាន​ហានិភ័យ​នយោបាយ​ផ្សេងៗ​កើត​មាន​ឡើង​នៅ​សម័យ​នោះ។ ប៉ុន្តែ​សម័យ​បច្ចុប្បន្ន ស្ថាប័ន​ព្រឹទ្ធ​សភា​មិន​អាច​ធ្វើ​ដូច្នោះ​ទៀត​បាន​ទេ គឺ​ត្រូវ​ពង្រឹង​ស្ថាប័ន​របស់​ខ្លួន តាម​រយៈ​អនុវត្ត​នូវ​តួនាទី​របស់​ខ្លួន​ឲ្យ​ពិត​ប្រាកដ។

លោក កឹម សុខា បាន​ពន្យល់​ទៀត​ថា ស្ថាប័ន​ព្រឹទ្ធ​សភា​ជា​ស្ថាប័ន​ប្រថាប់​ត្រា គឺ​គ្មាន​ឥទ្ធិពល​ណា​មួយ​របស់​ខ្លួន​នោះ​ទេ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាតិ​ក្នុង​មួយ​ខែ​រាប់​រយ​លាន​រៀល សម្រាប់​បើក​ប្រាក់​ខែ​ឲ្យ​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​ក្នុង ១​ខែ ប្រមាណ ១០​លាន​រៀល ឬ​ស្មើ​នឹង​ជាង ២​ពាន់​ដុល្លារ​អាមេរិក។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ទេព នីថា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ។ គ.ជ.ប. នឹង​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​ទី​៤ ឬ​ថ្ងៃ​ទី​ខែ​កុម្ភៈ ខាង​មុខ។

គណបក្ស​នយោបាយ​ដែល​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​នេះ មាន​តែ​ពីរ​គណបក្ស​ទេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី ទោះ​បី​ជា​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មាន​អាសនៈ​គណបក្ស​នយោបាយ​ចំនួន​៥ ក៏ដោយ។ មូលហេតុ​ដោយសារ​គណបក្ស​ចំនួន​បី​ទៀត មិន​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ គ្រប់​ចំនួន​អាសនៈ ដូចជា​គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស ហ៊្វុនស៊ិនប៉ិច។

​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា នីតិកាល​ទី​៣ មាន​ចំនួន ៥៧​អាសនៈ​ ក្នុង​ចំណោម​អាសនៈ​សរុប ៦១។ សមាជិក​ព្រឹទ្ធ​សភា ២​រូប ត្រូវ​តែង​តាំង​​ដោយ​រដ្ឋ​សភា និង ២​រូប​ទៀត ត្រូវ​ជ្រើស​រើស​ដោយ​ព្រះមហាក្សត្រ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jan 31, 2012 08:31 AM

That is the way for open business of powers or power market.

Anonymous
Jan 30, 2012 02:05 PM

I support this title 100%

Anonymous
Jan 30, 2012 04:56 PM

I do agree with Mr. Kol Panha and Mr. Kim Sokha!!!

Anonymous
Jan 30, 2012 11:00 PM

Incapable of performing the duties

Anonymous
Jan 31, 2012 04:58 AM

ក្អែលនៅខាងក្រោយតើលោកមើលឃើញច្បាស់ដោយខ្លួន
ឯងទេ?គ្មាននរណាល្អឥតខ្ចោះទេ គ្រប់មនុស្សជាតិតែង
តែត្រូវការ ការកែលម្អរ បើមិនដូច្នោះទេ មុខតែធ្លាក់ទឹក
ថ្ងៃណាមួយជាមិនខាន៕

Anonymous
Jan 31, 2012 03:23 AM

វាគ្រាន់តែជាឆាកល្ខោនកៃលឿងរបស់បនភ្នំពេញដែលលេងសំរាប់តែបោកប្រាស់ភ្នែកមហាជន
និងអន្តរជាតិ តែប៉ុណ្ណោះ ដល់ពេលបោះឆ្នោតសកលក៍ដូចតែគ្នា ដល់ពេលនោះរឹតតែខ្លាំងជាង
ពេលទៅទៀត។