ជំងឺ​រាករូស​រាតត្បាត​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខែត្រ​ពោធិ៍សាត់

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ភូមិ​បឹងស្មុក ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កំពុង​កើត​មាន​ជំងឺ​រាករូស​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ព្រួយ​បារម្ភ​ថា អាច​ជា​ជំងឺ​អាសន្នរោគ​ដ៏​កាច​សាហាវ​កំពុង​រាតត្បាត​ភូមិ​គាត់។
ដោយ មណ្ឌលកែវ
2010-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ស្រ្តី​ឈ្មោះ លឿង សុវណ្ណ អាយុ​២៥​ឆ្នាំ នៅ​ភូមិ​បឹងស្មុក បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ឯ​មន្ទីរ​ពេទ្យ​ខេត្ត​ពោធិ៍សាត់​នៅ​ព្រឹក​ថ្ងៃ​២៦ កុម្ភៈ ថា នៅ​ពេល​ដែល​គាត់​វិល​ត្រឡប់​ពី​កាប់​ដំឡូង​មក​ដល់​ផ្ទះ​វិញ គាត់​ញ៉ាំ​បាយ​ជា​ធម្មតា។ តែ​បន្ទាប់​ពី​សម្រាក​មួយ​សន្ទុះ​ស្រាប់​តែ​ខ្លួន​គាត់​ឡើង​ក្តៅ​ខ្លាំង រួច​ចាប់ផ្តើម​រាក​និង​ក្អួត​យ៉ាង​ធ្ងន់ធ្ងរ​រហូត​ខ្សោះ​កម្លាំង រួច​សន្លប់​លែង​ដឹង​ខ្លួន​តែម្តង។

អ្នក​ស្រី លឿង សុវណ្ណ បាន​បញ្ជាក់​ថា ៖ «មក​ពី​កាប់​ដំឡូង ខ្ញុំ​ហូប​សម្ល​ផ្លែ​ត្នោត​ជាមួយ​ត្រី​ឆ្អើរ ហើយ​យប់​ឡើង​ក្ដៅ​បំពង់​ក ក្អួត រាក​តែម្ដង»

មណ្ឌលកែវ ៖ រាក​ប៉ុន្មាន​ថ្ងៃ​បាន​យើង​មក​ពេទ្យ​ហ្នឹង? លឿង សុវណ្ណ ៖ ១​យប់ ១​ថ្ងៃ។ ខ្ញុំ​សន្លប់​ម្ដងៗ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​មាន​អ្នក​ភូមិ​ប្រមាណ​ជាង ១០​នាក់​ចាប់ផ្តើម​មាន​ជំងឺ​ដូច​គ្នា និង​ជា​បន្ត​បន្ទាប់។ ដំបូង​ចាប់ផ្តើម​ក្តៅ​ខ្លួន រួច​បន្ទាប់​មក​គឺ​រាក​និង​ក្អួត​យ៉ាង​ខ្លាំង។

ស្រ្តី​ម្នាក់​ឈ្មោះ ហៃ ខុន អាយុ​១៩​ឆ្នាំ រៀបរាប់​ពី​ស្ថានភាព​ចាប់ផ្តើម​មាន​ជំងឺ​នោះ​ថា ៖ «ពេល​ខ្ញុំ​ចាប់ផ្ដើម​ឈឺ គេ​ចាប់ផ្ដើម​វឹបៗ​តាម​រហូត​តែម្ដង»

មណ្ឌលកែវ ៖ ប៉ុន្មាន​នាក់​ដែរ​ដែល​យើង​ដឹង​ថា​ឈឺ​តៗ​គ្នា? ហៃ ខុន ៖ ៥​នាក់ តែ​ស្លាប់​អស់​ម្នាក់ សល់​៤ តែ​ឥឡូវ​ខ្ញុំ​មក​មន្ទីរ​ពេទ្យ។

មេ​ភូមិ​បឹងស្មុក គឺ​លោក គិន ញ៉ស់ បាន​ឲ្យ​ដឹង​ថា ពិត​ជា​មាន​ជំងឺ​រាករូស​ដ៏​កាច​សាហាវ​កំពុង​រាតត្បាត​ក្នុង​ភូមិ​មែន។ លោក​បញ្ជាក់​ថា មាន​ក្មេង​ម្នាក់​ឈ្មោះ ថេត សុរ៉ាន់ អាយុ​១៣​ឆ្នាំ បាន​ទទួល​មរណភាព​ដោយសារ​ដឹក​ទៅ​មណ្ឌល​សុខភាព​មិន​ទាន់។

លោក​មេ​ភូមិ​បន្ត​ថា ដោយ​ភូមិ​នៅ​ឆ្ងាយ​ដាច់​ស្រយាល ឯ​ផ្លូវ​មាន​ការ​លំបាក​ធ្វើ​ដំណើរ ម្យ៉ាង​ផ្ទះ​អ្នក​ស្រុក​នៅ​ឆ្ងាយ​ពី​ភូមិ​ទៀត ទើប​បណ្តាល​ឲ្យ​កុមារ ថេត សុរ៉ាន់ ស្លាប់​យ៉ាង​ដូច្នេះ។

លោក​បាន​អំពាវនាវ​សុំ​ឲ្យ​ថ្នាក់​លើ​ចាត់​មន្ត្រី​ជំនាញ​ផ្នែក​សុខាភិបាល​ចុះ​មក​ជួយ​ប្រជាពលរដ្ឋ​ភូមិ​បឹងស្មុក​ជា​បន្ទាន់ ព្រោះ​ភូមិ​នេះ​មាន​ទីតាំង​ឆ្ងាយ​ដាច់​ស្រយាល និង​គ្មាន​មណ្ឌល​សុខភាព​ទៀត​ផង។

ប្រធាន​មណ្ឌល​សុខភាព​ឃុំ​ឈើតុំ​ដែល​គ្រប​ដណ្តប់​ទាំង​ឃុំ​ស្វាយស គឺ​លោក​គ្រូ​ពេទ្យ កើត លឹម មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ពី​បញ្ហា​ជំងឺ​នៅ​ភូមិ​បឹងស្មុក​ហើយ ហើយ​លោក​កំពុង​ចាត់​វិធានការ​ដោយ​សហការ​ជាមួយ​អង្គការ រ៉ាចឆា។

លោក កើត លឹម បាន​អះអាង​ថា ៖ «រាក​នេះ​វា​ទាក់ទង​នឹង​អណ្ដូង​ទឹក ព្រោះ​គាត់​អត់​មាន​អណ្ដូង​ទឹក​ប្រើប្រាស់។ អណ្ដូង​ទឹក​មួយ​ប្រើ​ប្រជាជន ១០​ទៅ​២០​គ្រួសារ ហើយ​ម៉្យាង​ទៀត​អណ្ដូង​ទឹក​ហ្នឹង​វា​អត់​ល្អ​ទៀត។ ក្នុង​នោះ​យើង​បាន​អប់រំ​ហើយ​និង​ឲ្យ​ថ្នាំ​សម្លាប់​មេរោគ ក្លរ៉ាមីន សម្រាប់​ដាក់​ទឹក​ប្រើប្រាស់​ចំនួន ១០៤​គ្រួសារ ហើយ​យើង​យក​ទឹក​កន្លែង​កើត​ហេតុ​ហ្នឹង​ចំនួន ៥​អណ្ដូង​យក​ទៅ​ពិនិត្យ​នៅ​ភ្នំពេញ»

មេ​ឃុំ​ស្វាយស គឺ​លោក ហុង ថាំង មាន​ប្រសាសន៍​ថា ស្ថានភាព​ជំងឺ​នៅ​ភូមិ​បឹងស្មុក​បាន​ធូរ​ស្រាល​វិញ​ហើយ​នៅ​ថ្ងៃ​២៦ កុម្ភៈ បន្ទាប់​ពី​មាន​ការ​ចុះ​អន្តរាគមន៍​ពី​មណ្ឌល​សុខភាព ជា​ពិសេស​គឺ​ពី​មន្ទីរ​ពេទ្យ​ខេត្ត​ពោធិ៍សាត់។

បច្ចុប្បន្ន​ជំងឺ​រាក​ក្អួត​កំពុង​រាតត្បាត​នៅ​ភូមិ​ដាច់​ស្រយាល​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស។ ថ្មីៗ​នេះ​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង​ក៏​កំពុង​កើត​មាន​ជំងឺ​រាក​ក្អួត​នៅ​ភូមិ​ដាច់​ស្រយាល​មួយចំនួន​ក្នុង​ខេត្ត​នេះ​ផងដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល