ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយ​អាថ៌កំបាំង​នៅ​សៀមរាប

ប្រជា​ពលរដ្ឋ​អះអាង​ថា មាន​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​មាស ហើយ​បាន​ជញ្ជូន​យក​អាចម៍​ដី​ចេញ​តាម​រថ​យន្ត​ធំៗ។
ដោយ ហង្ស សាវយុត
2010.07.18
រ៉ែមាស៣០៥ កន្លែង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​មួយ​នៅ​ខេត្ត​មណ្ឌលគិរី
Photo courtesy of www.flickr.com/people/pbiongriffin

ប្រភព​ពី​ប្រជា​ពលរដ្ឋ នៅ​ភូមិ​ស្រែ​ខ្វាវ ឃុំ​ស្រែ​ខ្វាវ ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជាប់​ព្រំ​ប្រទល់​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មួយ​បាន​រុក​រក​ឃើញ​តំបន់​រ៉ែ​មាស​នៅ​ក្បែរ​ភូមិ​ពួក​គេ​រស់​នៅ ហើយ​បាន​ប្រើ​គ្រឿង​ចក្រ​ជីក​យក​អាចម៍​ដី​រ៉ែ​មាស​ទាំង​នោះ ដឹក​ជញ្ជូន​យក​ចេញ​តាម​រថ​យន្ត​ធំ​ៗ ជា​ច្រើន​គ្រឿង តាំង​ពី​ដើម​សប្ដាហ៍​នេះ។

បុរស​អ្នក​ភូមិ​ស្រែ​ខ្វាវ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា ការដ្ឋាន​ក្រុមហ៊ុន​មួយ​ដែល​មាន​អ្នក​យាម​យ៉ាង​តឹង​តែង កំពុង​ធ្វើ​សកម្មភាព​ប្រើ​គ្រឿង​ចក្រ​ជីក​ដី​យក​រ៉ែ​មាស និង​ដឹក​ចេញ​តាម​រថ​យន្ត​ធំៗ។ បុរស​ដដែល​បាន​មាន​ប្រសាសន៍​ថា នៅ​កន្លែង​ការដ្ឋាន​រុក​រក​រ៉ែ​មាស​នោះ មាន​ការ​ហាម​ឃាត់​មិន​ឲ្យ​អ្នក​ភូមិ​ចេញ​ចូល​បាន​ទេ។

បុរស​នោះ​មាន​ប្រសាសន៍​ដូច្នេះ ៖ «គេ​កំពុង​តែ​ដឹក​ចេញ​ហើយ​សព្វ​ថ្ងៃ ឡាន​គគ្រឹក ឡាន​ធំៗ អា​ឡាន​ដឹក​ដី​ណា ដឹក ៤-៥-៦ថ្ងៃ​ហើយ។ ឡាន​ប្រហែល​ជា​ជិត​១០​ដែរ ដឹក​ទាំង​យប់​ទាំង​ថ្ងៃ ១​ជើង ប្រហែល​ជា​៤-៥-៦​ឡាន យក​អាចម៍​ដី​ទៅ​ច្រក​ការុង​ធំៗ នៅ​ខាង​ជើង​ភូមិ​ខ្វាវ ចម្ងាយ​ប្រហែល​ជា ២​គីឡូ​ម៉ែត្រ។ គេ​ទើប​ធ្វើ​ប្រហែល​ប៉ុន្មាន​ខែ​នេះ យក​គ្រឿង​ចក្រ​មក​កាយ»

អាជ្ញាធរ​ប្រចាំ​តំបន់​បាន​និយាយ​ថា នេះ​គឺ​ជា​កន្លែង​រ៉ែ​មាស ដែល​គេ​ទើប​តែ​រុក​រក​ឃើញ​លើក​ដំបូង នៅ​ក្នុង​ទឹក​ដី​ស្រុក​ជីក្រែង ដែល​ពី​មុន​មក​គេ​ពុំ​ធ្លាប់​ដឹង​ថា មាន​រ៉ែ​មាស​ទេ។

លោក ប៉ោ សិរីរ័ត្ន​មុនី អភិបាល​ស្រុក​ជីក្រែង បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​មួយ​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ ពី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល កំពុង​រុក​រក​រ៉ែ​មាស​នៅ​តំបន់​នោះ ហើយ​តាម​ដឹង​ថា​ក្រុមហ៊ុន​មាន​ការ​ដឹក​ជញ្ជូន​យក​អាចម៍​ដី​រ៉ែ​មាស​តាម​រថ​យន្ត​មួយ​ចំនួន ប៉ុន្តែ​អាជ្ញាធរ​មិន​ហ៊ាន​ត្រួត​ពិនិត្យ​ទេ ដោយ​សារ​តែ​ក្រុម​ហ៊ុន​នោះ​មាន​អាជ្ញាប័ណ្ណ​ពី​ថ្នាក់​ក្រសួង​ហើយ។

លោក ប៉ោ សិរីរ័ត្ន​មុនី មាន​ប្រសាសន៍​ដូច្នេះ ៖ «ក្រុមហ៊ុន​ណឹម​ម៉េង​គ្រូប គេ​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​មក។ គេ​រុក​រក​នោះ​ដូច​ជា​លក្ខណ​គេ​ខួង​រក​រ៉ែ ខ្ញុំ​មិន​ប្រាកដ​ដែរ គ្រាន់​ថា​មាន​គេ​ដឹក​ចេញ​ទៅ​ដើម្បី​ធ្វើ​ពិសោធន៍ ហើយ​ខ្ញុំ​នៅ​អាជ្ញាធរ​ស្រុក​នេះ​ក៏​អត់​មាន​សមត្ថកិច្ច​អី​ទៅ​ត្រួត​ពិនិត្យ​នៅ​ហ្នឹង​បាន​ទេ ព្រោះ​អា​ហ្នឹង​ជា​សមត្ថកិច្ច​របស់​ថ្នាក់​លើ លោក​អនុញ្ញាត​មក​ហើយ»

ទោះ​យ៉ាង​ណា​មិន​អាច​ស្វែង​រក​មធ្យោបាយ​ទំនាក់​ទំនង​តំណាង​ក្រុមហ៊ុន ដើម្បី​បំភ្លឺ​ជុំវិញ​ព័ត៌មាន​នោះ​បាន​ទេ។

អ្នក​ស្រី កែ សុវណ្ណារ័ត្ន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប បាន​សំដែង​ក្តី​បារម្ភ​ចំពោះ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅ​តាម​ខេត្ត​មួយ​ចំនួន របស់​ប្រទេស​កម្ពុជា​ថា កំពុង​មាន​ការ​វិនិយោគ​លាក់​កំបាំង ដែល​អាច​ធ្វើ​ឲ្យ​បាត់​បង់​ធន​ធាន​ធម្មជាតិ និង​ប្រាក់​ចំណូល​រដ្ឋ​។

អ្នក​ស្រី កែ សុវណ្ណារ័ត្ន មាន​ប្រសាសន៍​ដូច្នេះ ៖ «រ៉ែ​មាស​តាម​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​១​ថ្ងៃៗ ដឹក​ទាំង​ឡាន ហើយ​ខ្ញុំ​បាន​ឃើញ​ច្បាស់ ១​ដុំ ដែល​គេ​យក​មក​ឲ្យ​ខ្ញុំ​មើល ហើយ​កន្លែង​នោះ គឺ​មាន​ការ​លាក់​លៀម មិន​មាន​តម្លាភាព មិន​មាន​បង្ហាញ​ព័ត៌មាន​ឲ្យ​អ្នក​ណា​ដឹង​ទេ ហាក់​ដូច​ជា​មាន​អាថ៌កំបាំង»

អ្នក​ស្រី កែ សុវណ្ណារ័ត្ន បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល គួរ​ចាត់​វិធានការ​ឲ្យ​បាន​ល្អិត​ល្អន់ បើ​ថា​មាន​ការ​វិនិយោគ​ជា​មួយ​ប្រទេស​ណា ក្រុមហ៊ុន​ណា​ក៏​ដោយ គួរ​តែ​មាន​ការ​បើក​ចំហ​ឲ្យ​មាន​ការ​ដឹង​ឮ​ពី​ស្ថាប័ន​ជាតិ និង​តំណាង​រាស្ត្រ​ជា​ដើម​៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។