តុលាការ​ខែត្រ​សៀមរាប​កោះហៅ​អ្នក​កាសែត​ម្នាក់​បំភ្លឺ​រឿង​ជំរិត​ទារ​ប្រាក់

អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ អំពី​ដំណើរ​រឿង​ចាប់​ជំរិត​ទារ​ប្រាក់ បង្ក​របួស​ស្នាម​ដោយ​ចេតនា និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត កាល​ពី​ព្រឹក​ថ្ងៃ​ទី២ ខែ​មិថុនា។
ដោយ ហង្ស សាវយុត
2010-06-03
Share
រូប​កាសែត បុរស​វ័យ​៣២​ឆ្នាំ កំពុង​អាន​កាសែត​នៅ​តូប​លក់​កាសែត​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ៧ ឧសភា ២០០៧។
AFP Photo

លោក ជា ស្រស់ ហៅ សំបូរ ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ក្នុង​ស្រុក​មួយ​ឈ្មោះ រស្មី​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​មិថុនា ថា រូប​លោក​បាន​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​មិថុនា អំពី​ដំណើរ​រឿង​ចាប់​ជំរិត​ទារ​ប្រាក់​បង្ក​របួស​ស្នាម​ដោយ​ចេតនា និង​ផ្សាយ​ព័ត៌មាន​មិន​ពិត បន្ទាប់​ពី​រូប​លោក​បាន​ចុះ​ផ្សាយ​រិះគន់​តុលាការ​ថា បាន​កោះ​ហៅ​អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់​ទៀត ឈ្មោះ ផ្លុង រ៉េត និង​បាន​ដកហូត​យក​ម៉ាស៊ីន​ថតរូប និង​កាត​សម្គាល់​ខ្លួន​ទុក​ជា​ច្រើន​ម៉ោង។

លោក ជា ស្រស់ បាន​បញ្ជាក់​ថា ៖ «ចូល​ដំបូង គេ​ថា ខ្ញុំ​បើក​កកាយ​កិច្ចការ​គេ​ស៊ើប​អង្កេត! តែ​អា​ហ្នឹង​គេ​អត់​មាន​កត់​ចូល​ក្នុង​កំណត់​ហេតុ​របស់​គេ​ទេ ហើយ​កំណត់​ហេតុ​គេ​នោះ គេ​សួរ​ថា យើង​បាន​ព័ត៌មាន​ពី​ណា? ហើយ​ម៉េច​បាន​ជា​មិន​សួរ​គេ? ហើយ​ខ្ញុំ​ថា ខ្ញុំ​សួរ​យ៉ាង​ម៉េច! ក្នុង​អត្ថបទ​ខ្ញុំ​មាន​ដាក់​ហើយ​ថា លោក​ជាប់​សវនាការ! ព័ត៌មាន​ហ្នឹង​គ្រាន់​តែ​យើង​លើក​អង្គ​ហេតុ ដោយសារ ផ្លុង រ៉េត អ្នក​រៀបរាប់​ប្រាប់​យើង​តើ! មួយ​ទៀត ព័ត៌មាន​ហ្នឹង​ធ្លាប់​ត្រូវ​គេ​ចុះ​ផ្សាយ​ហើយ។ និយាយ​ទៅ គេ​ប្រាប់​តាម​អ្នក​កាសែត​កម្ពុជា​ថ្មី​ហ្នឹង​ថា ឲ្យ​ធ្វើ​លិខិត​សុំ​ទោស! ខ្ញុំ​ថា ខ្ញុំ​អត់​សុំ​ទោស​ទេ! ហើយ​គេ​ទាមទារ​ឲ្យ​យើង​បំភ្លឺ កែ​តម្រូវ​ឲ្យ​គេ​វិញ។ អា​ហ្នឹង​វា​ហួស​ពេល​ហើយ មាន​អី​ត្រូវ​នេះ បើ​គេ​ប្ដឹង​យើង កោះ​ហៅ​យើង​ហើយ មាន​អី​ត្រូវ​បំភ្លឺ!»

ចំណែក​លោក ប៊ុន រដ្ឋា អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​កម្ពុជា​ថ្មី និង​ជា​ប្រធាន​សាខា​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ប្រចាំ​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​ទទួល​រង​ការ​ប្ដឹង​ផង​ដែរ​ពី​មន្ត្រី​ប៉ូលិស​​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប បន្ទាប់​ពី​រូប​លោក​បាន​ចុះ​ផ្សាយ​អំពី​ការ​បើក​វង់​ល្បែង​ស៊ី​សង​ខុស​ច្បាប់​នៅ​ក្នុង​ស្រុក​នោះ។

ក្រុម​អ្នក​កាសែត​នៅ​ខេត្ត​សៀមរាប កំពុង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់​បង់​សិទ្ធិ​សេរីភាព​អ្នក​កាសែត ដោយ​គេ​សម្គាល់​ឃើញ​ថា កន្លង​ថ្មី​ៗ​នេះ​មាន​អ្នក​កាសែត​នៅ​ក្នុង​ខេត្ត​សៀមរាប​ចំនួន ២​នាក់ ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ អ្នក​កាសែត​ចំនួន ២​នាក់​ទៀត​កំពុង​ត្រូវ​បាន​គេ​ប្តឹង ​និង​ប្រមាណ ៥​នាក់​ផ្សេង​ទៀត​កំពុង​រត់​គេច​ខ្លួន ដោយសារ​ការ​ភ័យ​ខ្លាច​ពី​ការ​តាម​រក​ចាប់​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក សុខ សុវណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​សារព័ត៌មាន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា អ្នក​កាសែត​ជា​ច្រើន​ត្រូវ​បាន​គេ​ប្ដឹង​ដោយ​មាន​បណ្ដឹង ខ្លះ​មិន​មាន​ទាំង​ដើម​បណ្ដឹង​ផង ប៉ុន្តែ​បើ​ពិនិត្យ​មើល​ទិដ្ឋភាព​ជាក់ស្ដែង លោក​យល់​ថា មិន​គួរ​មាន​ការ​ប្ដឹង​មក​លើ​អ្នក​កាសែត​ទាំង​នោះ​ទេ។ ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ខែ​មេសា​រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​កាសែត​ប្រហែល ៣០​នាក់​នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​គេ​ប្ដឹង៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល